របស់៤យ៉ាងទុកផ្ញើអ្នកមានគុណ ដឹងតែលោកសប្បាយចិត្តញញឹមបិទមាត់មិនជិត

  • 2018-10-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ឱកាស​​បុណ្យ​ភ្ជុំ​បិណ្ឌ​ ប្រិយមិត្ត​ប្រហែល​ជា​រក​នឹកគិត​​ថា ​តើ​គួរ​ជូន​អ្វី​ដល់​អ្នក​មាន​គុណ រីឯ​អ្នក​ខ្លះ​ក៏​កំពុង​រវល់​សម្រុក​​បញ្ចប់​ការងារ​មុន​ថ្ងៃ​ឈប់​មកដល់ ​​រហូត​មិន​មាន​ពេល​បាន​គិត​គូ​ដល់​ពួកគាត់​នៅ​ឡើយ​។ ទន្ទឹម​នឹង​នេះ​ Sabay ក៏​សូម​ចែក​រំលែក​របស់​ ៤ យ៉ាង​ ដែល​ជា​ការ​ណែ​នាំ​ដោយ​ប្រិយមិត្ត​ ៣រូប​ តាមរយៈ​អត្ថបទ​ខាង​ក្រោម​នេះ៖ ​​​​

១. សំលៀក​បំពាក់

  កញ្ញា​ អ៊ុង រស្មី មន្ត្រីរាជការ​មួយ​រូប​ ​ប្រាប់​ថា ស្ទើរ​តែ​រាល់​ឆ្នាំ រស្មី​ទិញ​សំលៀកបំពាក់​ជូន​​ពុក​ម៉ែ​​ ព្រោះ​គិត ថា​សំលៀក​បំពាក់​ ជា​ជា​គ្រឿង​បិត​បាំង​កាយ​ដែល​អ្នក​មាន​គុណ​ត្រូវ​ការ​ ប្រើ​ប្រាស់​រាល់​ថ្ងៃ មិន​តែ​ប៉ុណ្ណោះ​ តម្លៃ​​វា​សម​ស្រប​ទៅ​តាម​លទ្ធភាព​របស់​កូន​គ្រប់​គ្នា។ ការ​ជូន​សំលៀកបំពាក់​អាច​ជា​កាដូ​មួយ ​ដែល​ធ្វើឲ្យ​អ្នកមាន​គុណ​នឹករលឹក​ដល់​អ្នក​ខ្លាំង​ និង​មិន​មាន​អារម្មណ៍​ឯកា ​នៅ​ពេល​ដែល​ពួកគាត់​លើក​ពាក់​ម្ដង​ៗ។

២. ថវិកា

​ភាគ​ច្រើន​បុរស​ៗ ​តែង​តែ​ជូន​កាដូ​ជា​ថវិកា​ដល់​ឪពុកម្ដាយ ខណៈ​មនុស្ស​ប្រុស​មិនសូវ​ចូល​ចិត្ត​ដើរ​ផ្សារ​ទិញ​ទំនិញ​ដូច​មនុស្ស​ស្រី​។ ​ជាក់ស្ដែង​ សីហា បុគ្គលិក​ហាង​កាហ្វេ​ ឲ្យ​ដឹង​ថា ​ "ស្រួល​ជាង​គេ​បំផុត​ហើយ​ រឿង​ជូន​លុយ​! បើ​ទិញ​អី​មិន​ទាន់​ជូន​លុយ​គាត់​ក៏​បាន​ដែរ ណាមួយ​ខ្ញុំ​អត់​សូវមាន​ពេល​ទំនេរ​ផង ព្រោះ​ព្រឹក​រៀន​ ហើយ​ថ្ងៃ​ធ្វើការ​ដល់​យប់"។​ សីហា​​បន្ត​ទៀត​ថា​ ការ​ជូន​លុយ​កាក់​ បាន​ផ្ដល់​​​ជម្រើស​​ឱ្យ​លោក​ទាំង​ពីរ​ច្រើន ទោះ​គាត់​ចង់​ពិសា​អី ទិញ​អ្វី ឬ​ ប្រើ​ប្រាស់​សម្រាប់​បុណ្យ​ទាន​​​ក៏​បាន​។​​

៣. ថ្នាំសង្កូវ ឬរបស់ញាំ​ប៉ូវ​សុខភាព

ងាក​មក​លោក ភារម្យ​ ជា​បុគ្គលិក​ឱសថស្ថាន បាន​ផ្ដល់​យោបល់​ថា ឪពុក​ម្ដាយ​ រស់​នៅ​​ឯ​ស្រុក​ឆ្ងាយ​ពី​កូនៗ ឈឺ​ថ្កាត់​យប់​ព្រលប់​ត្រូវ​តែ​មាន ដូច្នេះ​​កូន​ៗ គួរ​តែ​ទិញ​ថ្នាំ​សង្កូវ ឬ ថ្នាំ​ប៉ូវ​សុខភាព​ជូន​លោក​ទាំង​ពីរ។   « ប្រេង​កូឡា ទឹក​ត្រចៀក​កាំ ថ្នាំ​រឹត​ដៃ​ជើង ថ្នាំ​ក្ដៅ​ ថ្នាំ​ត្រជាក់​អី​ហ្នឹង គួរ​តែ​ទិញ​ជូន​ពួក​គាត់ ហើយ​​សរសេរ​អក្សរ​ដាក់​ពី​របៀប​ប្រើ​ប្រាស់​ឱ្យ​ត្រឹម​ត្រូវ​កុំ​ឱ្យ​ ពួក​គាត់​ប្រើ​ខុស! សំខាន់​ណាស់​ រឿង​ថ្នាំ​បង្ការ​ បឋម​ហ្នឹង»។ លោក​ ភារម្យ​ បញ្ជាក់​។

៤. ភេសជ្ជៈ ចំណី​អាហារ​ទុក​បាន​យូរ

​ ភេសជ្ជៈ ​ទឹក​ផ្លែឈើ ​និង​ចំណី​អាហារ​ទុក​បាន​យូរ ​ដូចជា​ ត្រី​ងៀត​ ត្រី​ឆ្អើរ​គ្រឿង​ ជាដើម​ ក៏​អាច​ទិញ​សម្រាប់​ជូន​ជា​កាដូ​ជូន​អ្នក​មាន​គុណ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ផង​ដែរ។ លោក​ ភារម្យ​ បន្ថែម​ថា៖​ "ចំណី​អាហារ​ហ្នឹង​មាន ត្រី​ងៀត​ ត្រី​ឆ្អើរ​គ្រឿង​ទុក​បាន​យូរ បាយ​សម្ល​អី​ហ្នឹង​ជូន​គាត់! ឬ​ក៏​ធ្វើ​ ឬ ទិញ​​​​​ម្ហូប​​ណា​ប្លែក​ដែល​គាត់​មិន​ដែល​ពិសា​​ ក៏​បាន​ដែរ!” ៕​​​​ ​

 

អត្ថបទ៖ ស៊ិន សាវ៉េត