ដី​​ឡើង​ថ្លៃ​កាន់តែ​​ខ្ពស់​ ក្រសួង​ដែន​​ដី​​គ្រោង​​​ធ្វើ​បច្ចុប្បន្ន​ភាព​តម្លៃ​​ដីធ្លី​ នៅ​ទូទាំង​ប្រទេស

  • 2018-10-09 09:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​តម្លៃ​ដីធ្លី​នៅ​តាម​​​រាជធានី ខេត្ត​បាន​​​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់ ​​ ឯកឧត្ដម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​ដែន​​ដី​ នគរ​រូបនីយកម្ម​ និង​សំណង់​បាន​​​លើក​ឡើង​​ពី​គម្រោង​ធ្វើ​បច្ចុប្បន្ន​ភាព​តម្លៃ​ដីធ្លី​នៅ​ទូទាំង​ប្រទេស។ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​តម្លៃ​ដីធ្លី​នេះ​មាន​គោលបំណង​កំណត់​​តម្លៃ​គិត​ពន្ធ​លើ​អចលនទ្រព្យ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​តម្លៃ​​ទីផ្សារ។

ថ្លែង​នៅ​ក្នុង​ពិធី​​សំណេះសំណាល​ជាមួយ​មន្ត្រី​ចូល​និវត្តន៍​​កាលពី​ចុង​សប្ដាហ៍​មុន​​ឯកឧត្ដម​បាន​​បន្ថែម​​ថា ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​តម្លៃ​ដីធ្លី​នេះ​​ ​គឺ​នឹង​​ត្រូវ​ធ្វើ​​នៅ​​គ្រប់​​ភូមិបាល ដីធ្លី​​ទូទាំង​ប្រទេស ហើយ​ប្រធាន​មន្ទីរ​ខេត្ត​ក្រុង​នីមួយ​ៗ​​ជា​អ្នក​ទទួល​បន្ទុក​លើ​កិច្ច​ការងារ​នេះ។ ​

ឯកឧត្ដម​បាន​បន្ថែម​ថា ការ​ខក​ខាន​មិន​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​តម្លៃ​ដីធ្លី​ បាន​ធ្វើ​ឱ្យ​រដ្ឋ​បាត់​បង់​ចំណូល​ពន្ធ​​យ៉ាង​សន្ធឹក​សន្ធាប់​។ “យើង​ធ្វើ​បច្ចុប្បន្ន​ភាព​ផ្ទៃដី​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ការ​គ្រប់​គ្រង​របស់​អស់​លោក​ ជា​ប្រធាន​ភូមិបាល​​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង។ ឧទាហរណ៍​ថា​ ផ្លូវ​លេខ​១១០​ ទល់​នឹង​ផ្លូវ​លេខ​១១៥ ឬ​ផ្លូវ២៨២​ អញ្ចឹង​បងប្អូន​មើល​ទៅ​តំបន់​នេះ​តម្លៃ​ទី​ផ្សា​រ​ដី​វា​មាន​ ១ ៥០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​យើង​អត់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កន្លង​ផុត ដី​ហ្នឹង​នៅតែ​តម្លៃ​ ៣០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​ដល់​ផ្លាស់​ប្ដូរ​សិទ្ធិ​វ៉ៃ​ពន្ធ គេ​អត់​មានអី​ជា​មូលដ្ឋាន​ដែល​យើង​បាន​ធ្វើ​ គេ​វ៉ៃ​ពន្ធ​លើ​ ៤% នៃ​តម្លៃ​៣០០​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រការ៉េ ធ្វើ​ឱ្យ​រដ្ឋ​បាត់​ចំណូល​ជាង​មួយ​ពាន់​ដុល្លារ”។

ដោយ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ផ្ដើម​​នៅ​ពេល​ណា ឯកឧត្ដម​បាន​ឱ្យ​ដឹង​​​ថា នេះ​គឺជា​គោលដៅ​​មួយ​ ដែល​អាច​ឱ្យ​ចំណូល​រដ្ឋ​កើន​ឡើង​មួយ​គុណ​ជា​ពីរ​ ​ ខណៈ​ ​គម្រោង​​ធ្វើ​បច្ចុប្បន្ន​ភាព​នេះ នឹង​អាច​ធ្វើ​មួយ​ឆ្នាំ​ម្ដង ដើម្បី​ឱ្យ​ស្រប​ទៅតាម​តម្លៃ​ដី​តាម​ទីផ្សារ ​។ “អញ្ចឹង​នៅ​ពេល​យើង​ធ្វើ​យក​ពន្ធ​យើង​អាច​ទុកចន្លោះ​ ៣០% សម្រាប់​ឱ្យ​ពលរដ្ឋ​​ថា កុំ​ឱ្យ​ថា រដ្ឋ​យក​តម្លៃ ​​ពន់ពេក​​ដល់​ ១០០%អត់​ទេ…ត្រឹម​ ៧០% អី​បាន​ហើយ។ បើ​ធ្វើ​បាន​អាច​ឱ្យ​ចំណូល​រដ្ឋ​​កើន​ឡើង​មួយ​គុណ​នឹង​ពីរ”។

ទាក់ទង​នឹង​គម្រោង​ធ្វើ​បច្ចុប្បន្ន​ភាព​តម្លៃ​ដី​ធ្លី​នេះ លោក​ គីម ហ៊ាង ​ប្រធាន​​សមាគម​​អ្នក​វាយ​តម្លៃ​ ​និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​​គម្រោង​នេះ​​ ប៉ុន្តែ​លោក​បារម្ភ​ថា ​​ការ​ទម្លាក់​ការងារ​នេះ​ឱ្យ​មន្រ្តី​​ដែន​ដី​តាម​រាជធានី​​ខេត្ត​នីមួយ​ៗ​​​ធ្វើ ​​​​​អាច​នឹង​​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន​ និង​មិន​មាន​លក្ខណៈ ស្តង់​ដា​រ ហើយ​អាច​ប៉ះពាល់​ដល់​សតិអារម្មណ៍​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី​។​​

លោក​ថា ​ក្រសួង​ដែនដី គួរ​ចំណាយ​ថវិកា និង​​រក​អង្គភាព​ផ្លូវការ​ណា​មួយ​ឯករាជ្យ​​ មាន​សមត្ថភាព​ធ្វើ​​លើ​ការងារ​នេះ ​ទើប​មាន​លក្ខណៈ​ស្តង់ដារ និង​អាច​​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​តែ​ម្តង​ ដើម្បី​ឱ្យ​មាន​តម្លាភាព​។ ​"ធ្វើអ្វី​មួយ​ដែល​មាន​ចន្លោះ​ប្រហោង គឺ​មិនល្អ​ទេ និង​អាចជា​ការ​ទុក​ច្រក​ឱ្យ​បុគ្គល​មិន​ល្អ​រក​ស៊ី​។ បើ​ពិបាក​ពេក​ជួល​ឯកជន ឬ​អង្គការ​ណាមួយ​ឱ្យ​គេ​ធ្វើ​តែ​ម្តង ហើយ​ធ្វើ​ម្តង​ទុក​ប្រើ ៥​ឆ្នាំ ។ បើ​យើង​ធ្វើ​មួយ​​ឆ្នាំ​ម្តង​មាន​ន័យ​ថា បង់​ពន្ធ​ម្ដង​ប្រែប្រួល​ម្តង នៅ​ពេល​អត់​មាន​តារាង​ផ្លូវការ​មួយ…​អាហ្នឹង គឺ​ទុក​ច្រក​ឱ្យ​មន្ត្រី​រកស៊ី​ហើយ​​។ ដូច​បង់​ពន្ធ​​ឡាន​អញ្ចឹង​អត់​មាន​អាច​កេង​ប្រវ័ញ្ច​បាន​ទេ ​​​ឡាន​ប្រភេទ​ណា​…ទំហំ​ស៊ីឡាំ​ង​ប៉ុន្មាន?​​…បង់​ចេញ​មក​ គឺ​ច្បាស់​តែ​ម្តង។ ដូច្នេះ​ការងារ​នេះ​ តើ​អ្នក​ណា​អ្នក​ធ្វើ​ និង​ធ្វើ​យ៉ាង​ម៉េច?…​ទើប​ជា​ដំណោះស្រាយ”។

បច្ចុប្បន្ន​នេះ​ ​កា​រ​កំណត់​ពន្ធ​ដី​មាន​ពីរ​ប្រភេទ ទី​១ គឺ​ប្រភេទ​ពន្ធ​ដី​មិន​ប្រើប្រាស់​ 0.០១ % ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។ ចំណែក​ទី ​២ ពន្ធ​ប្រថាប់​​ត្រា​​ លើ​ដី​ទិញ​លក់​កាត់​​ឈ្មោះ​ ៤% នៃ​តម្លៃ​ដី​។ នេះ​បើ​តាម​លោក​ គឹម ហ៊ាង៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម