សម្ពោធហើយ! ពិព័រណ៍ទេសចរណ៍កម្ពុជាធំបំផុតប្រចាំឆ្នាំ អ្នកនិយមដើរកម្សាន្តមិនគួរខាន

  • 2018-10-11 09:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​អស់​រយៈពេល​ប្រមាណ ៨ខែ ទី​បំផុត​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី​២ (Cambodia Travel Mart) ២០១៨ បាន​សម្ពោធ​បើក​ជា​ផ្លូវ​ការ​ហើយ​ កាលពីព្រឹក​មិញនេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្យ​ ក្រោយ​អធិបតីភាពឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា។

ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​ដ៏​ធំ​សម្បើម​នេះ​​ត្រូវ​បាន​រៀប​ចំ​នៅភ្នំពេញ​ជា​លើក​ដំបូង មាន​រយៈពេល​ ៣ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​ ១១​តុលា ជា​ថ្ងៃបើក​សម្ពោធផ្លូវ​ការ​ ហើយ​នៅថ្ងៃ ទី១២ និង ១៣ នឹង​បើក​ទូលាយ​ឲ្យ​សាធារណៈជន​ដែល​ចាប់​អារម្មណ៍​លើវិស័យ​ទេសចរណ៍​ទាំងអស់​អាច​ចូលរួម​បាន​ដោយ​សេរី ចាប់​ពីម៉ោង ៩ព្រឹក​រហូត​ដល់​ម៉ោង ៩យប់។

ក្នុង​ពិធី​កាត់​ខ្សែ​បូ​សម្ពោធ​បើក​ពិព័រណ៍ទេសចរណ៍​កម្ពុជា​អន្តរជាតិ ២០១៨ (CTM 2018) កាល​ពី​ព្រឹក​មិញនេះ​ ឧប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​​បន្ត​អនុវត្ត​ផ្សារ​ភ្ជាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី៤ ដែល​ផ្ដោត​ខ្លាំង​ទៅ​លើ​ឌីជីថលូបនីយកម្ម ដើម្បី​ចាប់​យក​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន ​កាត់​បន្ថយ​កង្វល់ និង​ធានា​ឲ្យ​បាន​ «បច្ចេកវិទ្យា​ទំនើប​សម្រាប់​វិស័យ​ទេសចរណ៍ ឬ ការអភិវឌ្ឍ​វិស័យទេសចរណ៍​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត» ដោយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រក្សា​បាន​នូវ​កំណើន​ជា​រៀង​រាល់​ឆ្នាំ។​

សម្រាប់​ឆ្នាំនេះ CTM 2018 ទទួល​បាន​ក្រុមហ៊ុន​ចូល​រួម​តាំង​ពិព័រណ៍​ចំនួន ៥០០ក្រុមហ៊ុន មាន​ស្តង់​សរុប​ចំនួន ១៧៣ស្តង់ មក​ពី​៨០​ប្រទេស ដោយ​ក្នុង​នោះ​មាន​ស្ថាប័ន​ទេសចរណ៍​ជាតិ​មក​ពី​តំបន់​អាស៊ាន អាស៊ាន+៣ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សណ្ឋាគារ ទីភ្នាក់ងារ​ទេសចរណ៍ ប្រតិបត្តិករ​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ និង​សហគមន៍ទេសចរណ៍។ នេះបើយោងតាមការ​ឲ្យដឹង​ពី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា​ថ្លែង​ឲ្យដឹង​ក្នុង​ឱកាស​សម្ពោធ​នោះ​។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​

«មាន​ការ​រៀប​ចំ​កម្មវិធី​ទស្សនកិច្ច Pre Tour និង Post Tour ទៅ​កាន់​តំបន់​គោល​ដៅ​ទាក់​ទាញ​ទេសចរណ៍​នានា ដូចជា តំបន់​វប្បធម៌​ប្រវត្តិសាស្រ្ដ តំបន់​ឆ្នេរ តំបន់​អេកូ រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ ដើម្បី​ឲ្យ​ភ្ញៀវ​អន្តរជាតិ​បាន​សិក្សា​ស្វែង​យល់​អំពី​ភាព​ជាក់​ស្ដែង នៃ​ការ​វិវឌ្ឍ​រីកចម្រើន​នូវ​ផលិតផល និង​សេវា​ទេសចរណ៍​ក្នុង​តំបន់​ទាំង​នេះ»។ ឧត្តមបញ្ជាក់​បន្ថែម ។

ពិព័រណ៍​ទេសចរណ៍​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ម្ដង​រួច​មក​ហើយ​កាលពីខែតុលា ឆ្នាំ២០១៧ នៅ​ខេត្ត​សៀមរាប (CTM 2017) ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ ហើយ​លើកទី២ ឆ្នាំ ២០១៨​នេះ ក៏​កាន់​តែ​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​បន្ថែម​ទៀត ដោយ​ស្ដង់​ដែល​ចូល​រួម​បាន​កើន​ឡើង​រហូត​ដល់ ៥៥.៩%៕

ដោយ​៖ ដេត លីដា