វីវរហើយ! សំរាមកាន់តែច្រើនឡើង ប្រមូលលែងឈ្នះ លើឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា

  • 2018-10-12 01:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ទល់​នឹង​ពេល​នេះ​សំរាម​នៅ​ឆ្នេរ​សមុទ្រ​នានា​ ក្នុង​ខេត្ត​ព្រះសីហនុ​កាន់​តែ​ច្រើន​ឡើង មាន​ទាំង​សំបក​ដូង កំប្លោក ដប​ទឹក ប្រអប់​បាយ មក​បំផ្លាញ​សម្រស់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា។ បញ្ហា​សំរាម​រាប់​តោន​ ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា​រសាត់​តាម​ទឹក​រលក​មក​ពី​ប្រទេស​វៀតណាម​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ ក្រៅ​ពី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អង្គភាព​ពាក់ព័ន្ធ​ជួយ​ចុះ​បោស​សំអាត និង​ប្រមូល​ឡើយ។

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

តាម​ការ​លើក​ឡើ​របស់​ឯកឧត្ដម​ យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ពន្យល់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកំទេចកំប្លោក និងសំរាម​ឫសរុក្ខជាតិ​មួយចំនួនបាន​រសាត់អណ្តែត​លើផ្ទៃសមុទ្រអណ្តែតមកទើលើឆ្នេរនានាក្នុងខេត្ត​ មានដូចជាឆ្នេរអូរឈើទាល ឆ្នេររាម និងនៅកោះរ៉ុងជាដើម។កកច្រើនជាងគេគឺនៅឆ្នេរអូរឈើទាលនិងឆ្នេរអូរត្រេះ។

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម​ បន្តថា បញ្ហានេះបានធ្វើអោយបាត់បង់សោភណ្ឌ័ភាពតំបន់ឆ្នេរ ចំពោះរដ្ឋបាលខេត្ត-ក្រុងព្រះសីហនុ កំពុងសំអាតជាបន្ទាន់ដោយមានការចូលរួមយ៉ាងសកម្មពីមន្រ្តី​ និងពលរដ្ឋសិស្សានុសិស្សផងដែរ​ ដើម្បីសំអាតឆ្នេរខ្សាច់អោយស្អាតឡើងវិញ។

ឯកឧត្តម​ អភិបាលខេត្តព្រះសីហនុ បានពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោកនិងឫសរុក្ខជាតិផ្សេងៗមួយចំនួនទៀត ដែលឯកឧត្តមអភិបាលខេត្តសង្សយ័ថា កំប្លោកទាំងអស់នេះ មានប្រភពមកពីប្រទេសជិតខាងដែលទំនងជាហូរតាមទឹកព្រែកចូលសមុទ្រហើយរសាត់អណ្តែតមកដល់ឆ្នេរសមុទ្រខ្មែរយើង។

រូបភាព៖ Rith Kakada

ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្តរំលេចអោយដឹងថា នឹងរកទិញគ្រឿងចក្រសំអាតសំរាមតាមឆ្នេរមួយគ្រឿងទុកសំរាប់សំអាតបរិស្ថានឆ្នេរ។

រូបភាព៖ Rith Kakada

ទន្ទឹម​នឹង​នេះ​ក៏​មាន​យុវជន​រស់​នៅ​ខេត្ត​ព្រះសីហនុ​ជា​ច្រើន មិន​អាច​ទ្រាំ​មើល​ទិដ្ឋភាព​នេះ បាន​នាំ​គ្នា​ប្រមូល​សំរាម​នៅ​តាម​បណ្ដា​ឆ្នេរ​នានា។ ជាក់​ស្ដែង​យុវជន រិទ្ធិ កក្កដា បាន​នាំ​គ្នា​ប្រមូល​សំរាម ដោយ​អះអាង​ថា ការ​ប្រមូល​សំរាម​នេះ​គឺ​មិន​ត្រូវ​ការ​ ការ​ឧបត្ថម្ភ​ជា​លុយ ជា​ស្បោង ជា​ថង់​អ្វី​ឡើយ គឺ​ត្រូវ​ការ​តែ​កម្លាំង​ប៉ុណ្ណោះ។ សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ទទួល​បាន​ការ​កោត​សរសើរ​ជា​ច្រើន​ពី​អ្នក​ប្រើ​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង និង​ធ្វើ​ឲ្យ​យុវជន​ដទៃ​ទៀត ចាប់​ផ្ដើម​មាន​ទឹក​ចិត្ត​ចូលរួម​សកម្មភាព​សំអាត​សំរាម​ចេញ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា៕

រូបភាព៖ Rith Kakada
រូបភាព៖ Rith Kakada

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី