សាលី​ អ៊ូមើត៖​ បច្ចេកទេស​យើង​មាន​ហើយ​ ប៉ុន្តែ​ចាញ់​អាមេរិក​ត្រង់​ម៉ូតូ​គេ​លឿន​ជាង​

  • 2018-10-12 07:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​ សាលី​ អ៊ូមើត​ ថា​បើ​និយាយ​ពី​បច្ចេកទេស​ និង​តិចនិក​ប្រកួត​គឺ​កម្ពុជា​យើង​មាន​ហើយ​ ប៉ុន្តែ​ការ​ជើង​ខ្លាំង​អាមេរិក​លើក​នេះ​ ដោយ​សារ​ម៉ូតូ​របស់​ខ្លួន​យឺត​ជាង​គេ​ ព្រោះ​ត្រៀម​ខ្លួន​ចូលរួម​មាន​ពេល​ខ្លី​ពេក។​

ទិដ្ឋភាពមកដល់ព្រឹកមិញ

សាលី​ អ៊ូមើត​ ប្រាប់​ដឹង​ថា​ មូលហេតុ​មួយ​ចំនួន​ដែល​ខ្លួន​មិន​អាច​ឈ្នះ​មេដាយ​មាស​ ឬ​ជាប់​លេខ​១​ដូច​កាល​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ ទី១​ គឺ​ខកខាន​ចូលរួម​កម្មវិធី​នេះ​ ៣-៤​ឆ្នាំ​ហើយ​ ដោយ​សារ​តែ​មាន​របួស​ ទី២​ បាន​ត្រៀម​ខ្លួន​ និង​ហ្វឹកហាត់​រយៈពេល​ខ្លី​មែនទែន​ និង​ទី៣​នោះ​ គឺ​ឥលូវ​មាន​ច្បាប់​ថ្មី​អាច​កែច្នៃ​ម៉ូតូ​ប្រណាំង​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​យក​ទៅ​ប្រកួត​កម្មវិធី​ Blowsion World Fingal 2018​ នេះ។​ ចំណុច​កែច្នៃ​នេះ​ដែរ​ គឺ​ខុស​ពី​ជំនាន់​ដែល​ខ្លួន​ធ្លាប់​ចូលរួម​ពី​មុន​មក​ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​របស់​កម្ពុជា​យឺត​ជា​ម៉ូតូ​របស់​កីឡាករ​អាមេរិក​ដែល​ជាប់​លេខ១។​

កីឡាករ សាលី អ៊ូមើត

កីឡាករ​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បន្ថែម​ថា​ បើ​ទោះ​ជា​លើក​នេះ​វា​ខុស​ទៅ​និង​គោលបំណង​របស់​ខ្លួន​ដែល​ចង់​បាន​មេដាយ​មាស​ជូន​កម្ពុជា​នោះ​ ប៉ុន្តែ​នៅ​ឱកាស​ក្រោយ​ៗ​ទៀត​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត។​

ទិដ្ឋភាពមកដល់ព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ សាលី​ អ៊ូមើត​ ទើប​តែ​វិល​មក​ដល់​កម្ពុជា​វិញ​នៅ​ព្រឹកមិញ​នេះ​ទេ​ បន្ទាប់​ពី​ចំណាយ​ពេល​ច្រើន​ពេល​ច្រើន​ថ្ងៃ​កន្លង​មក​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​កន្លង​ទៅ​នេះ។​ ជើង​ខ្លាំង​លើ​ប្រភេទ​វិញ្ញាសា​ Ski Modified​ រូប​នេះ​ទើប​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​កម្មវិធី​ប្រណាំង​ម៉ូតូ​ទឹក​ពិភពលោក​ Blowsion World Fingal​ ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​