មិន​បន្ទោស​ទេ តែ​ហេតុផល​ពីរយ៉ាង​នេះ​ហើយ ទើប​អ្នក​ជិះ​ខ្លះ អត់​ខ្ចី​ពាក់​មួក​សុវត្ថិភាព

  • 2018-10-13 01:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សិក្សា​ពី​បញ្ហា​ចរាចរណ៍​១រូប បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​​អ្នក​បើកបរ​ម៉ូតូ​មួយ​ចំនួន នៅ​តែ​យល់​ច្រឡំ​ថា​ ការ​ពាក់​មួក​សុវត្ថិភាព​ គឺ​ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់​ពិន័យ មិន​មែន​ដើម្បី​ការពារ​គ្រោះថ្នាក់​ក្បាល​ជា​យ​ថា​ហេតុ។ អ្នក​ជំនាញ​ខាង​លើ ឲ្យ​ដឹង​ទៀត​ថា ការ​គិត​បែប​នេះ អាស្រ័យ​ដោយ​មាន​កត្តា​រួម​ផ្សំ​សំខាន់​ ២ ចំណុច​ ដូច​ខាង​ក្រោម។

លោក គង់ រតនៈ អនុ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ថា មាន​ហេតុផល​ និង​សឹង​តែ​ក្លាយ​ជា​ទម្លាប់ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​មួយ​ចំនួន ​គិត​បែប​នេះ។

ទោះយ៉ាង​ណា​ ត្រង់​ន័យ​នេះ លោក​មិន​បាន​ដាក់​បន្ទុក ឬ​បន្ទាស​ទាំង​អស់​ទេ ព្រោះ​ក៏​មាន​ប្រជាជន​ខ្លះ​ប្រើប្រាស់ ​គោរព​ច្បាប់ ហើយ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ រហូត​ដល់​ថ្នាក់ អត់​មាន​មួក​សុវត្ថិភាព គឺ​ពួកគេ​សុខ​ចិត្ត​អត់​បើកបរ​ម៉ូតូ​ រួចទៅ​រក​មធ្យោបាយ​ដទៃ​ក៏​មាន។

​ងាក​មក​រឿង​មាន​អ្នក​បើកបរ​ម៉ូតូ​​ តែ​អត់​​ពាក់​មួក​សុវត្ថិភាព​ ដើម្បី​ទុក​គេច​ចេញ​ពី​ការ​ចាប់​ពិន័យ​ពី​សមត្ថកិច្ច​វិញ គឺ​អាច​មក​ពី​កត្តា​ចម្បង ២ចំណុចនេះ។ ​

១. កត្តា​ខ្លួន​ឯង និង​ទម្លាប់

សំដៅ​ដល់​ឥរិយាបថ​នៃ​ការ​បើកបរ​ម៉ូតូ​ផ្ទាល់​ខ្លួន​ប្រចាំ​ថ្ងៃ របស់​ពេល​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មិន​សូវ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​តែ​ម្ដង។ ម្យ៉ាង​ការ​យល់​ដឹង និង​ចំណេះដឹង​ច្បាប់​ចរាចរណ៍​ ក៏​នៅ​មាន​កម្រិត ជា​ហេតុ​ធ្វើ​ឲ្យ​នៅ​ពេល​យប់ ​អត្រា​អ្នក​បើកបរ​​ អត់​ពាក់​មួក​សុវត្ថិភាព​មាន​ច្រើន​ជាង​ពេល​ថ្ងៃ​។ លោក គង់ រតនៈ បាន​បញ្ជាក់​បន្ត​ថា យោង​តាម​ការ​សិក្សា​ វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​បាន​រក​ឃើញ​ថា ប្រមាណ​ជាង​៨០% នៃ​អ្នក​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ស្លាប់ ដោយសារ​រង​របួស​ ឬ​បោក​ក្បាល ធ្ងន់ធ្ងរ ក្រោយ​​បើកបរ​គ្មាន​មួក​សុវត្ថិភាព ហើយ​ភាគច្រើន​កើត​មាន​នៅ​ពេល​យប់។

២. ការ​ផ្សព្វផ្សាយ​ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​មិនទាន់​គ្រប់គ្រាន់

លោក គង់ រតនៈ អនុ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​ពន្យល់​ថា ឆ្នាំ​២១០៧​កន្លង​ទៅ សមត្ថកិច្ច​ធ្លាប់​បាន​បើក​យុទ្ធនាការ​ចុះ​ចាប់​ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ប្រើប្រាស់​មួក​សុវត្ថិភាព​បាន​ល្អ ទាំង​អ្នក​បើកបរ និង​អ្នក​​ជិះ​ពី​ក្រោយ។

រយៈ​ពេល​ចុង​ក្រោយ​មក​ ក្រោយ​អវត្តមាន​សមត្ថកិច្ច​ច្រូងច្រាង​តាម​ផ្លូវ​​ចាំ​ពិន័យ ដូច​មុន តាម​ការ​សង្កេត លោក គង់ រតនៈ បន្ត​ថា ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ងាក​ទៅ​រក​ទម្លាប់​ចាស់ គឺ​ទាំង​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ គឺ​ហាក់​មិន​សូវ​ពាក់​មួក​ឲ្យ​បាន​ត្រឹមត្រូវ​ច្រើន​ដូច​មុន។ ពេលខ្លះ ពាក់​មួក​សុវត្ថិភាព​នៅ​តាម​ផ្លូវ​ណា​ដែល​មាន​សមត្ថកិច្ច​ប្រចាំការ​តែ​ប៉ុណ្ណោះ។

ចំពោះ​យុវជន​១​ចំនួន តែង​និយម​យក​មួក​មក​ព្យួរ​នឹង​ដៃ​ ឬ ក​ម៉ូតូ មិន​ចូល​ចិត្ត​ពាក់​ឲ្យ​ជាប់​លាប់​ ព្រោះ​ខ្លាច​ខូច​សក់ ឬ​ហេតុផល​ផ្សេង​ទៀត ដែល​មិន​មែន​ក្នុង​ន័យ​គោរព​ច្បាប់ ឬ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

សូម​បញ្ជាក់​ថា ករណី​ជិះ​ម៉ូតូ​អត់​ពាក់​មួក​សុវត្ថិភាព បើ​យោង​តាម​អនុក្រឹត្យ​ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ ជំពូក​៣ មាត្រា​៦ បាន​កំណត់​ពី​ពិន័យ​អន្តរការណ៍​ ចំពោះ​អ្នក​បើកបរ​ទោ​ចក្រ​យាន​យន្ត ឬ​ទោ​ចក្រ​យាន​យន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រី​ចក្រ​យាន​យន្ត​ ចំនួន​ទឹក​ប្រាក់ ១៥០០០រៀល។

​តាម​អំពើ​ល្មើស ដូច​មាន​ចែង​ក្នុង​ វាក្យ​ខណ្ឌ ក សម្រាប់​អ្នក​បើកបរ​ទោ​ចក្រ​យាន​យន្ត និង​អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ​ដែល​មាន​អាយុ​លើស​ពី ៣​ឆ្នាំ​ឡើង​ទៅ មិន​ពាក់​មួក​សុវត្ថិភាព ឬ​ពាក់​មួក​សុវត្ថិភាព​មិន​ត្រឹមត្រូវ​តាម​ស្តង់​ដារ​ជាតិ ឬ​ពាក់​មួក​សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព។

អត្ថបទ៖ ពៅ រក្សា