មាន​គេ​ប្រទះ​ឃើញ​នាយ តាក់ស៊ី ស្លៀក​ស​ពាក់ស​ដើរលើ​ភ្នំ​គូលែន មាន​សភាព​គួរ​ឲ្យ​អាណិត

  • 2018-10-12 11:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​នេះ​មាន​គេ​ឃើញ​តារា​កំប្លែង​ក្នុង​ក្រុម​នាយ ពែកមី គឺ​នាយ តាក់ស៊ី ដើរ​តែ​ម្នាក់​ឯង​នៅ​លើ​ភ្នំ​គូលែន ដោយ​ស្លៀក​ស​ពាក់​ស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៀត​ផង។ ជាង​នេះ​ទៅ​ទៀត សភាព​របស់​តារា​កំប្លែង​គួរ​ឲ្យ​អាណិត​ទៀត​ផង។ នេះ​បើ​តាម​ទស្សនិកជន​បញ្ចេញ​ឲ្យ​ដឹង​លើ​បណ្ដាញ​សង្គម។

ភ្ជាប់​ជាមួយ​រូប​ថត​មួយ​សន្លឹក​ផង ម្ចាស់​គណនី​ឈ្មោះ ទឹក​ឃ្មុំ​អង្គរ បាន​អធិប្បាយ​ពី​វត្តមាន​របស់​ប្ដី​របស់​នាង កាភីម នៅ​ថ្ងៃ​នេះ។ "ប្រហែល​ជា​ប្រិយមិត្ត​ស្គាល់​គាត់​ច្បាស់​ហើយ​មែន​ទេ ខ្ញុំ​បាន​ឃើញ​គាត់​ដើរ​កាត់​មុខ​ហាង ខ្ញុំ​ក៏​ជំរាប​សួរ​គាត់​ហើយ​សូម​គាត់​ថត​ជាមួយ។ ខ្ញុំ​បាន​ឃើញ​គាត់​សភាព​បែប​នេះ​មិន​សួរ​ណែនាំ​គាត់​ឡើយ... ដែល​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ដល់​ឱវាទ​ព្រះសម្មាសម្ពុទ្ធ​ថា"គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ គ្មាន​អ្វី​ដែល​មិន​ចេះ​ប្រួល​ប្រែ គ្មាន​អ្វី​ដែល​ថា​មិន​មាន​ការ​ផ្លាស់​ប្តូរ​ឡើយ"។

ម្ចាស់​គណនី​ដដែល បាន​ឆ្លើយ​តប​ទៅ​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ទៀត​ថា មើល​តាម​សភាព​របស់​នាយ តាក់ស៊ី គឺ​អាច​មាន​ជំងឺ​ជាប់​ខ្លួន​ផង។ "មើល​គាត់​ទៅ​ដូច​ឈឺ និង​មាន​វិបត្តិ ហើយ​នឹង​គួរ​ឲ្យ​អាណិត! ”។ យ៉ាង​នេះ​ក្ដី ម្ចាស់​គណនី​ដដែល មិន​បាន​បញ្ចេញ​ឡើយ​ថា តារា​កំប្លែង​យើង​មាន​បញ្ហា​អ្វី។ ប៉ុន្តែ​រូប​គេ​នៅ​តែ​ពោល​ថា អាណិត​នាយ តាក់ស៊ី។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​មិន​ទាន់​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ ប្រធាន​ដឹក​នាំ​ក្រុម​កំប្លែង​នាយ ពែកមី និង​ជា​មេ​កើយ​នាយ តាក់​ស៊ី នោះ បាន​ឆ្លើយ​ជំនួស​ពី​រឿង​ដែល​កើត​ឡើង។ លោក សុវណ្ណ រិទ្ធី ប្រាប់​ថា កូន​ក្រុម​របស់​លោក បាន​​សុំ​ការ​អនុញ្ញាត​ពី​លោក​ទៅ​បួស​នៅ​លើ​ភ្នំ​គូលែន កាល​ពី​ពេល​ថ្មី​ៗ​នេះ។

"គាត់​ចង់​បួស​បែប​នេះ​យូរ​មក​ហើយ និង​បាន​ព្យាយាម​សុំ​ច្បាប់​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​ថា មិន​អី​ទេ រើស​រក​វេលា​ណា​មួយ​ទៅ លៃ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ការងារ"។ ក្រោយ​ពី​បាន​ភ្លើង​ខៀវ​ពី​ថ្នាក់​លើ នាយ តាក់ស៊ី ក៏​បាន​ទៅ​បួស​នៅ​លើ​ភ្នំ​គូលែន ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ។ យ៉ាង​នេះ​ក្ដី តួ​ស៊ុន អូខុង​ក្នុង​ក្រុម​កំប្លែង​រូប​នេះ មិន​បាន​ទៅ​បួស​រហូត បំភ្លេច​ចោល​សិល្បៈ​នោះ​ទេ។

“គ្រាន់​ជា​ការ​បួស​សង​គុណ​ឪពុក​ម្ដាយ គឺ​បួស​ជា​តាជី មិន​មែន​ព្រះសង្ឃ​ទេ ហើយ​ការ​បួស​នេះ គឺ​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ និង​ត្រូវ​ចប់​ក្នុង​ថ្ងៃ​នេះ​ហើយ មិន​មែន​បួស​រហូត​នោះ​ទេ!”។ លោក តា វ៉ិចទ័រ បញ្ជាក់។

តាម​ការ​បញ្ជាក់​របស់​មេ​កើយ​ខាង​លើ នាយ តាក់ស៊ី នឹង​មាន​មុខ​សម្ដែង​ធម្មតា នៅ​ចុង​សប្ដាហ៍​នេះ ក្នុង​កម្មវិធី​ដូច​ជា "រាត្រី​កំសាន្ត” “តន្រី្ត​ជីផាក" "ខារ៉ាបាវ” "បាន​មើល​បាន​សើច" និង​"គ្រួសារ២"៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម