Barca រៀបចំ​កិច្ចព្រមព្រៀង​ថ្មី​ដើម្បី​ចង​ជើង Messi ដែល​​នឹង​អាច​ចាកចេញ​​​១៨​ខែ​ទៀត

  • 2018-10-14 07:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona កំពុង​រៀបចំ​កិច្ចព្រមព្រៀង​ថ្មី​ដើម្បី​ចង​ជើង Messi ដែល​នឹង​អាច​ចាកចេញ​ពី​ Camp Nou នៅ​ក្នុង​រយៈ​ពេល​១៨​ខែ​ខាង​មុខ​ទៀត ដោយ​ក្លឹប​នឹង​មិន​ទទួល​បាន​តម្លៃ​ខ្លួន​ពី​ការ​ផ្ទេរ​របស់​កំពូល​កីឡាករ​នេះ​ឡើយ ពោល​គឺ​ចេញ​ទៅ​ដោយ free។

កិច្ចព្រមព្រៀង​ថ្មី​​នេះ​នឹង​ពន្យា​រកុងត្រា Messi រហូត​ដល់​ឆ្នាំ ២០២២ ឬ ២០២៣ គឺ​ពន្យារ​ឲ្យ​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​មាន​ន័យ​ថា​ពេល​នោះ​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល​នឹង​មាន​អាយុ​៣៦​ឆ្នាំ ហើយក្លឹប​កាតាឡាន់​មាន​បំណង​ចង់​ឲ្យ Messi ព្យួរ​ស្បែក​ជើង​ ហើយនឹង​ក្លាយ​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប​តែ​១​​ពេញ​មួយ​អាជីព។

Messi វ័យ៣១​ឆ្នាំ បច្ចុប្បន្ន​កំពុង​ជាប់​កុងត្រា​ជាមួយ Barcelona រហូត​ដល់​ឆ្នាំ ២០២១។ ប៉ុន្តែ​យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ Mundo Deportivo បាន​ឱ្យ​ដឹង​ថា បើ​ទោះ​ជា​កិច្ចសន្យា​របស់ Messi ដល់​ឆ្នាំ ២០២១ ក៏​ពិត​មែន ប៉ុន្តែ​​មាន​លក្ខខណ្ឌ​ពិសេស​មួយ​ដែល​តារា​ឆ្នើម​អាហ្សង់ទីន​អាច​​ចាកចេញ​ពី​ក្លឹប​ត្រឹម​ឆ្នាំ ២០២០។

ការ​ដែល​ក្លឹប​អ្នកមានបុណ្យ​សម្រេច​បញ្ចូល​លក្ខខណ្ឌ ​"ផ្តាច់​កុងត្រា​ពិសេស" ទៅ​ក្នុង​កិច្ច​សន្យា​ ព្រោះ​មាន​បំណង​ចង់​​ផ្ដល់​ចំណង​ដៃ​ដល់​​កីឡាករ​ដែល​ធ្លាប់​បាន​ផ្ដល់​អ្វី​គ្រប់យ៉ាង​ដល់​ក្លឹប។ ករណី​កន្លង​មក​មាន​ដូច Xavi និង Andres Iniesta ដែល​បាន​ចាកចេញ​ពី​អេស្ប៉ាញ ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​​ទៅ​បន្ត​អាជីព​នៅ​ប្រទេស​កាតា និង ជប៉ុន។

បច្ចុប្បន្ន ថ្លៃ​ផ្តាច់​កុងត្រា​របស់ Messi មាន​តម្លៃ​ ៧០០ លាន​អឺរ៉ូ (ប្រមាន ៨១០ លាន​ដុល្លារ) ជា​ការ​ដាក់​ថ្លៃ​មិន​ចង់​លក់​ដើម្បី​ទប់ស្កាត់​ការ​ចាប់​អារម្មណ៍​ពី​សំណាក់ Paris Saint-Germain ឬ Man City៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត