មិនត្រឹមជាព្រឹត្តិការណ៍វប្បធម៌កម្ពុជា-ជប៉ុន Cosplayក៏ជាកម្មវិធីសប្បុរសធម៌យុវជនជំនាន់ក្រោយមិនគួររំលង

  • 2018-10-14 11:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី "តោះ! ទៅ Cosplay " នឹង​លេច​ឡើង​នៅ​កម្ពុជា​ជា​លើក​ទី​៥ នៅ​ថ្ងៃទី ២៨ តុលា​ ២០១៨ខាងមុខនេះ ចាប់​ពី​ម៉ោង ៩ព្រឹក​ ដល់​ ៥ល្ងាច នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា កូរ៉េ CKCC ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ព្រឹត្តិការណ៍​វប្បធម៌​ទំនើប​នេះ ត្រូវ​បាន​គាំទ្រ​ពី​ស្ថាន​ទូត​ជប៉ុន​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជា​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ចូល​រួម​អបអរ​ខួប​មិត្ត​ភាព ​៦៥​ឆ្នាំ​រវាង​កម្ពុជា និង ជប៉ុន។

ដូច្នេះ​ "តោះ! ទៅ Cosplay "ឆ្នាំ​នេះ​កាន់​តែ​ធំ​ជាង​ឆ្នាំ​មុនៗ ជាមួយ​កម្មវិធី​បង្ហាញ​​សកម្មភាព​សិល្បៈ​វប្បធម៌​ជា​ច្រើន​សម្បូរ​បែប​របស់​ជប៉ុន និង​កម្ពុជា ដែល​មាន​ដូចជា Cosplay Fashion Show ការ​សម្ដែង​ Role Play ការ​បង្ហាញ​ពី​វប្បធម៌​ម្ហូប​អាហារ​ឆ្ងាញ់​ៗរ​បស់​ជប៉ុន និង​ខ្មែរ ពិសេស​គឺ​ ការ​សម្ដែង​របាំ​ល្ខោន​ខោល ល្ខោន​ស្បែក​ និង​​ប្រដាល់​គុណ​ខ្មែរ និង​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក វុធ សារាណាដេនកា តំណាង​ក្រុមការងារ​រៀបចំ​កម្មវិធី​នេះ​ ថ្លែង​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃទី១៣ តុលា​កន្លង​ទៅ​នេះ​នៅ ភោជនីយដ្ឋាន Samba ទួលគោក​។

លោក​បន្តថា​៖ «អ្វី​ដែល​ពិសេស​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​នោះ Cosplay 2018នេះ នឹង​មានការ​អញ្ជើញ​ចូល​រួម​ពី​តារា Cosplay ដ៏​ល្បី​ឈ្មោះ​ពី​ជប៉ុន គឺ​កញ្ញា Nana Pink និង​អ្នក​ជំនាញ​ថតរូប​ល្បីឈ្មោះ​ពី​ជប៉ុន​ និង Net idolខ្មែរ​​ដ៏​ស្រស់​ស្អាត​ កញ្ញា ដារីណា​ ទៀង​ផង»។

កញ្ញា ដារីណា Net Idol ខ្មែរ អ្នក​តំណាង​ឲ្យ "តោះ! ទៅ Cosplay " ២០១៨​

«នេះ​មិន​មែន​គ្រាន់​តែ​ជា​ព្រឹត្តិការណ៍​ដោះ​ដូរ​វប្បធម៌​ជប៉ុន-ខ្មែរ​ប៉ុណ្ណោះទេ តែ​ក៏​ជា​កម្មវិធី​សប្បុរសធម៌​មួយ​ដោយ​យើង​នឹង​យក​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូលរួម ទៅ​ជួយ​ដល់​​កុមារ​ក្រីក្រ​ដែល​កំពុង​រស់នៅ ក្នុង​គំនរ​សំរាម​ក្នុង​តំបន់​ស្ទឹងមានជ័យ​ និង​ឧបត្ថម្ភ​សហគមន៍​សិល្បៈ​បុរាណ​ខ្មែរ»។ លោក​បញ្ជាក់​បន្ថែម​។

​["Let's Cosplay"](https://www.facebook.com/Narutail-Guild-509463999172047/?eid=ARCYsvVXhlzIYwXNDx1zQYDWs1Q0xLBs4wOVCZLwkN_2zGFC-yfb6O8yJsrH-xMpOfh1mpAMgl_O8V8a) លេចឡើង​ដំបូងបង្អស់​នៅ​កម្ពុជា​​ក្នុង​ឆ្នាំ ២០១៣ ដោយ​ក្រុម​យុវជន​ស័្មគ្រ​ចិត្ត Nuratail Guild ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដោយ​បាន​ទាក់​ទាញ​អ្នក​ចូល​រួម​​កាន់​តែ​ច្រើន​ជា​រៀង​រាល់​ឆ្នាំ។ ​ក្នុង​ឆ្នាំ ២០១៧ មាន​អ្នក​ចូល​រួម​ដល់​ទៅ ៨០០នាក់​ ហើយ​សម្រាប់​ឆ្នាំ ២០១៨នេះ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានអ្នកចូលរួមប្រមាណ ១៥០០នាក់​។

សំបុត្រ​ចូល​រួម​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​នេះ ១ តម្លៃ ៤ដុល្លារ។ ចាប់​អារម្មណ៍​ចូល អាច​ទាក់​ទង​ទិញ​សំបុត្រ​បាន​​​លេខ 015 47 80 96 ឬ តាមរយៈ Email : narutailguild@gmail.com ៕

អត្ថបទ​៖ ដេត​ លីដា