ទិដ្ឋភាពស្ដែងៗ ប៉ូលិសចិនមកទទួលក្រុមជំរិតទារប្រាក់ជនជាតិចិនជិត ១០០នាក់ ពីកម្ពុជា
- 2018-10-15 08:34:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពស្ដែងៗ ប៉ូលិសចិនមកទទួលក្រុមជំរិតទារប្រាក់ជនជាតិចិនជិត ១០០នាក់ ពីកម្ពុជា
ចន្លោះមិនឃើញ
ប៉ូលិសខេត្តហ្គ័ងចូវ របស់ប្រទេសចិន ប្រមាណជាង ១០០នាក់ បានធ្វើដំណើរតាមយន្តហោះពិសេសមកទទួលយកជនជាតិចិនចំនួន ៩១នាក់ ពីប៉ូលិសអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះ។ ជនជាតិចិនទាំង៩១នាក់នេះ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់រស្មីកម្ពុជាឲ្យដឹងថា នៅម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែតុលា នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រគល់ជនជាតិចិនចំនួន ៩១នាក់ ក្នុងនោះមានស្រីចំនួន២១នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ទៅឲ្យប៉ូលិសខេត្តហ្គ័ងចូវ របស់ចិន ដើម្បីយកពួកគេទៅអនុវត្តច្បាប់នៅប្រទេសចិន។ ប៉ូលិសខេត្តហ្គ័ងចូវ របស់ចិន ដែលមកមានចំនួន១៨២នាក់។ ជនសង្ស័យត្រូវបានបញ្ជូនទៅចិនវិញ គឺតាមជើងយន្តហោះពិសេសប្រភេទ A330 (ជើងយន្តហោះលេខ CZ3001/CZ3002)។
លោកបានបន្តថា ជនសង្ស័យជាជនជាតិចិនទាំង៩១នាក់ ខាងលើនេះ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយក្រុមហ៊ុនឋានសួគ៌សុខា ធ្វើការឃាត់ខ្លួននៅចំណុចអគារលេខ៣ ស្ថិតនៅឃុំបឹងទូក ស្រុកទឹកឈូរ ខេត្តកំពត (រមណីយដ្ឋានឧទ្យានជាតិបូកគោ) ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា បច្ចុប្បន្ននេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនទទួល និងបណ្តេញជនសង្ស័យជាជនជាតិចិន ដែលពាក់ព័ន្ធករណីគំរាមជម្រិត ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ដោយយកទឹកដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ធ្វើសកម្មភាពសម្រាប់ប្រព្រឹត្តបទល្មើសទៅលើប្រជាជននៅប្រទេសចិនរាប់លាននាក់ និងជនសង្ស័យជាជនជាតិចិន ដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសចិនបានរត់គេចខ្លួនពីការតាមចាប់របស់នគរបាលប្រទេសចិន បានលួចចូលមកសំងំលាក់ខ្លួន រួចបន្តសកម្មភាពនៅលើទឹកដីនៃព្រះរាជាណាចក្រកកម្ពុជាទៀត៕