​គ្រូ​កម្ពុជា​ផ្ញើសារ​ទៅ​អ្នក​គាំទ្រ​ ​មុន​ការ​ប្រកួត​​ទល់​សិង្ហបុរីល្ងាច​នេះ

  • 2018-10-16 02:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គោព្រៃ​កម្ពុជា នឹង​បើក​ទ្វា​ផ្ទះ​របស់​ខ្លួន​លេង​ទល់​ក្រុម​ខ្លាំង​សិង្ហបុរី ​នា​​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​លើក​ចុង​ក្រោយ​មុន​ការ​ប្រកួត​ផ្លូវ​ការ AFF Suzuki Cup 2018 ដែល​នឹង​មក​ដល់​នៅ​ខែ​ក្រោយ។

លោក Felix Agustin Gonzalez Dalmas

ទាក់​ទង​ការ​ប្រកួត​ល្ងាច​នេះ​លោក Felix Agustin Gonzalez Dalmas ​គ្រូ​បង្វឹក​របស់​ក្រុម​កម្ពុជា​​បាន​​ឲ្យ​ដឹង​ថា សូម​អ្នក​គាំទ្រ​កុំ​ទាន់​គិត​​ទៅ​លើ​លទ្ធផល​ខ្លាំង​ពេក ពី​ព្រោះ​បច្ចុប្បន្ន​លោក​កំពុង​តែ​ធ្វើ​​រៀប​ចំ​ទម្រង់​លេង​ថ្មី​សម្រាប់​កម្ពុជា។ ​ជា​ការ​ពិត​លទ្ធផល​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​គ្រប់​គ្នា ប៉ុន្តែ​លោក​សូម​​ផ្ញើ​សារ​ថា អ្នក​គាំទ្រ​គួរ​តែ​គិត​ពី​វិស័យ​បាល់ទាត់​កម្ពុជា​​នា​ពេល​អនាគត​វិញ។

​លោក​បន្ថែម​ថា ​បើ​ចង់​ឲ្យ​បញ្ជាក់​ពេលណា​ទើប​កីឡាករ​កម្ពុជា​ទាំង​អស់ ​អាច​យល់​ពី​អ្វី​ដែល​លោក​ចង់​បាន​គឺ​មិន​អាច​ឆ្លើយ​បាន។ លោក​អាច​និយាយ​​បាន​ត្រឹម​​ថា លោក​មាន​ពេល​ត្រឹម​តែ ២ ឆ្នាំ​ប៉ុណ្ណោះ ដើម្បី​រៀប​ចំ​ប្រព័ន្ធ​លេង​ថ្មី​​មួយ​ជូន​កម្ពុជា។

​ក្រុម​គោ​ព្រៃ​កម្ពុជា ​បាន​ធ្វើ​ការ​ប្រកួត​ចំនួន ២ លើក​រួច​មក​ហើយ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក Felix Agustin Gonzalez Dalmas ​​និង Honda ហើយ​ល្ងាច​នេះ​ជា​ការ​ប្រកួត​ទី​៣ ខណៈ​ពីរ​លើក​កន្លង​មក​កម្ពុជា​មិន​ទាន់​ឈ្នះ​នៅ​ឡើយ ដោយ​​ចាញ់​ក្រុម​ខ្លាំង​ម៉ាឡេស៊ី ៣-១ និង​ស្មើ​ទីម័រខាងកើត ២-២៕

ក្រុម​កម្ពុជា​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​