អតីត​និស្សិត​អាហារូបករណ៍​មួយ​រូប​ បង្ហើប​គន្លឹះ​ជោគជ័យ​ ទាំង​ការសិក្សា​ និង​ការងារ

  • 2018-10-16 04:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​​អ្នក​​គ្រប់​គ្រង​វ័យ​ក្មេង​មួយ​រូប​នៅ​​ក្រុមហ៊ុន​ Delsp Group ​ដែល​ជា​ក្រុមហ៊ុន​នាំ​មុខ​លើ​ការ​​​​​វិនិយោគ​ផ្នែក​អចលនៈ​ទ្រព្យ​​ និង​សេវាកម្ម​ផ្សេងៗ​​លំដាប់​​អន្តរជាតិ​ លោក ឆិល ភីរុន បាន​ចែក រំលែក​នូវ ​បទពិសោធន៍ និង​ចំណុច​គន្លឹះ​​​មួយ​ចំនួន​​នាំ​ទៅ​រក​ភាព​ជោគជ័យ​ទាំង​ការ​សិក្សា​ និង​ការ​ងារ។ ​

សូមចុចអាន៖ ល្អ​​ខ្លាំង! សិស្ស​ថ្នាក់​ទី​​១១ ឡើង​១២ ក៏អាច​ស្នើសុំ​អាហារូបករណ៍​ទៅ​រៀន​ចិន​បាន​ដែរ

លោក ឆិល ភីរុន

អតីត​និស្សិត​​ ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សំណង់​ស៊ីវិល នៃ​សាកលវិទ្យាល័យ​ Beijing University of Technology ប្រទេស​ចិន​រូប​នេះ ​ចែករំលែក​ថា ការ​ដាក់​សំពាធ​ខ្លួនឯង តាម​រយៈ​ការ​គោរព និង​បែងចែក​ពេលវេលា​ច្បាស់ និង​មាន​ការ​អំណត់​ព្យាយាម​ បាន​ធ្វើ​ឱ្យ​​​លោក​មើល​ឃើញ​ នូវ​ចំណុច​ប្រែប្រួល​ខ្លាំង​ទាំង​ការសិក្សា​ និង​ការងារ​​​។ ​កាល​រៀន​នៅ​បឋម​សិក្សា និង​អនុវិទ្យាល័យ ​លោក​​​មិន​មែន​ជា​សិស្ស​រៀន​ពូកែ​ និង​ឱ្យ​តំលៃ​ពេលវេលា​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​ជំរុញ ​និង​គាំទ្រ​ពី​ក្រុម​គ្រួសារ​​មក​បាន​ធ្វើ​ឱ្យ​លោក​ក្លាយ ជា​សិស្ស​ពូកែ​ និង​បាន​ប្រលង​ជាប់ សញ្ញាបត្រ មធ្យម​សិក្សា​បាក់​ឌុប​ជាប់​និទ្ទេស B ​អំឡុង​ឆ្នាំ​២០១១។

បន្ទាប់មក​​ប្រលង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ Beijing University of Technology ប្រទេស​ចិន​ជំនាញ​សំណង់​ស៊ីវិល​។ “អញ្ចឹង​ចាប់​តាំង​ពី​រៀន​បឋម ដល់​វិទ្យាល័យ​ថ្នាក់​ទី​១០ ទី១១ ខ្ញុំ​មិន​មាន​ប្រវត្តិ​សិក្សា​ល្អ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ បាន​ឡើង​មក​រៀន​ត្រៀម​ប្រលង​បាក់ឌុប​នៅ​​ភ្នំពេញ​មក​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍ល្អ និង​តាំង​ចិត្ត​សិក្សា​​តាម​រយៈ​ការបែងចែក​ពេលវេលា សិក្សា​រហូត​ទទួល​បាន​និទ្ទេស B”។

មែនទែន​ទៅ ភីរុន មិន​មែន​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​​ ដែល​មាន​ជីវភាព​ធូរធារ​នោះ​ទេ។ ឪពុក-ម្ដាយ​លោក​គឺជា​គ្រូ​បង្រៀន​ ធ្វើ​ស្រែ​ចម្ការ និង​លក់​ដូរ​បន្តិច​បន្តួច ដើម្បី​ចិញ្ចឹម​កូន​បី​នាក់ ខណៈ​លោក​គឺជា​កូន​ច្បង​ក្នុង​គ្រួសារ។ ភីរុន ក៏​ធ្លាប់​ជួយ​ម្ដាយ​ទួល​នំ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ផង​ដែរ។ ប៉ុន្តែ ដោយ​​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុម​គ្រួសារ និង​សាច់​ញាតិ​ទើប​​មក​បន្ត​ការ​សិក្សា​រយៈពេល​ខ្លី​នៅ​ភ្នំពេញ​ ដើម្បី​ត្រៀម​ប្រលង​បាក់ឌុប​។​

ជាង​ពីរ​ខែ​ដែល​ខ្ញុំ​​ឡើង​មក​រៀន​ត្រៀម​នៅ​សាលា​ជ័យ​ថាវី គឺ​ខ្ញុំ​បាន​រៀន​សារ​ឡើង​វិញ​ទាំង​អស់​បើ​ថា រូប គីមី គណិត និង​ជីវៈ​ជាដើម​ បើ​មិន​ច្បាស់​ គឺខ្ញុំ​ត្រូវ​ស្រាវជ្រាវ​ចាប់​ពី​ថ្នាក់​ទឺ​៨ ឬ ទី​៩​មក​ រៀន​ទាំង​មុន​នឹង​ក្រោយ ទាំង​យប់​ទាំង​ថ្ងៃ។ ខ្ញុំ​ប្រឹង​ស្រាវជ្រាវ និង​ដើរ​រក​សៀវភៅ​​ស្ទើរ​គ្រប់​បណ្ណាល័យ​ទាំងអស់​នៅ​ភ្នំពេញ។ខ្ញុំ​មាន​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ ដែល​អាច​ពិភាក្សា​គ្នា​បាន​ និង​បាន​មើល​ទាំង​ទ្រឺស្តី​ និង​ការអនុវត្ត​ផ្ទាល់​​”។

ភីរុន បាន​ចាក​ចេញ​ឆ្ងាយពី​ទីកន្លែង​កំណើត​​​នៅ​​​ក្រុង​ដូន​កែវ ខេត្ត​តាកែវ ​ក្រោយ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់ឌុប) ជាប់​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ ពិសេស​​​សម្លឹង​មើល​ឱកាស​ដាក់​ពាក្យ​ប្រលង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​​​។ ហេតុ​ផល​ ចង់​បាន​អាហារូបករណ៍​សិក្សា​នៅ​បរទេស​ ព្រោះ​ចង់​បាន​ចំណេះ​ ជំនាញ និង​បទ​ពិសោធន៍​ថ្មីៗ ពិសេស​​មិន​ចង់​ក្លាយ​ជា​បន្ទុក​ចំណាយ​សម្រាប់​គ្រួសារ​អំឡុង​ពេល​សិក្សា​នៅ​ភ្នំពេញ។ “ដូច​បង​ដឹង​ស្រាប់​ឪពុក-ម្តាយ​ខ្ញុំ​ ជា​គ្រូ​បង្រៀន​​មិន​មាន​លទ្ធភាព​គ្រប់​​គ្រាន់​ផ្គត់ផ្គង់​ការ​សិក្សា​ខ្ញុំ​បាន​ល្អ​ ដូច​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ឡើយ​”។

ភីរុន បាន​ប្រលង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​​​នៅ​សាកល វិទ្យាល័យ​ Beijing University of Technology ជំនាញ​សំណង់​ស៊ីវិល​ ដោយ​ត្រូវ​ចំណាយ​ពេល​សិក្សា​រយៈពេល​៥​ឆ្នាំ​​នៅ​ទីនោះ។ “ពេល​ជាប់​អាហារូបករណ៍​ដំបូង​ ខ្ញុំ​ហាក់​មាន​សំពាធ​ ដោយ​​សារ​ក្រុម​​គ្រួសារ ពិសេស​ឪពុក​ម្ដាយ​គាត់​មិនចង់​ឱ្យ​ទៅ​ឆ្ងាយ​​។ ម្យ៉ាង​ត្រូវ​ខាត​មួយ​​​ឆ្នាំ​ចោល​ទទេ​នៅ​ខ្មែរ។ ខ្ញុំ​បាន​ប្រលង​ជាប់​នៅ​សាលា​តិចណូ​រៀន​បាន​មួយ​ឆ្នាំ។ ប៉ុន្តែ​បាន​ពូ​ខ្ញុំ​​គាត់​គាត់​ឱ្យ​យោបល់​ថា​គួរ​តែ​ទៅ​រៀន បើ​មិន​ចេះ​អី ក៏​អាច​ចេះ​ភាសា​ចិន​មួយ​ទុក​គ្រាន់​ប្រើ​ការ​ថ្ងៃ​ក្រោយ​ដែរ”។

ការ​សិក្សា​​នៅ​បរទេស​​​ជា​ឱកាស​មាស​មួយ​អាច​ឱ្យ ភីរុន ផ្ដោត​អារម្មណ៍​តែ​មួយ​លើ​ការ​សិក្សា បើ​ទោះជា​ត្រូវ​​ឃ្លាត​ឆ្ងាយ​ពី​អ្នក​មាន​គុណ​ទាំងពីរ យ៉ាងណា។ ភីរុន អាច​សម្រប​ខ្លួន​ទាំង​ការ​ហូបចុក និង​ស្នាក់​នៅ​ប្រទេស​ចិន​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​​ក៏​មាន​នូវ​បញ្ហា​ប្រឈម​តិចតួច​ដែរ គឺ​ការ​ប្រើប្រាស់​ភាសា​។ "នៅ​ឆមាស​ដំបូង​ខ្ញុំ​មានការ​លំបាក​ខ្លាំង​លើ​ការ​ប្រើប្រាស់​ភាសា​ចិន​ ប៉ុន្តែ​បន្ទាប់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង និង​​ព្យាយាម​​ខ្ញុំ​អាច​រៀន​ទាន់​គេ​ ព្រោះ​ភាសា​ចិន​ពិបាក​រៀន​​​"។

ភីរុន ហាក់​​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​សមត្ថភាព​របស់​ខ្លួន​ ​នៅ​ឆមាស​បន្ទាប់​បាន​​ប្រឹង​រៀន​បាន​និទ្ទេស​ល្អ លើស​សិស្ស​រួម​ជំនាន់ ដែល​​មាន​គ្នា​ចន្លោះ​ពី​ ៤០០នាក់​ ទៅ​៥០​០នាក់ និង​បាន​ចាត់​ទុក​ថា ខ្លួន​មិន​​មែន​ជា​អ្នក​ឆ្លាតវៃ​នោះ​ទេ ប៉ុន្តែ​វា​បាន​ផ្តើម​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ព្យាយាម​ ការ​បែងចែក និង​គ្រប់​គ្រង​ពេល​វេលា​ច្បាស់​លាស់។

ខ្ញុំ​បាន​ទទួល​សញ្ញាបត្រ​ពីរ ទី​១ ចំណាត់​ថ្នាក់​ទី ៣ និង​ទី​២ គឺ​ការ​រៀន​មិន​ដែល​អវត្តមាន​ទាល់​តែ​សោះ។​រៀន​នៅ​ចិន​ខ្ញុំ​​កាន់តែ​មើល​ឃើញ​ច្បាស់​ថា ពេលវេលា​ គឺ​មាន​តម្លៃ​ណាស់។ បើ​មិន​ចេះ​បែង​ចែក​ពេល​វេលា​ទេ ធ្វើ​​ការងារ​អ្វី​ក៏​មិន​​ទាន់​គេ​ដែរ។ ​អ្វីៗ​គឺ​ត្រូវ​រត់​ទាំង​អស់​ ​រយៈពេល​មួយ​ម៉ោង​ត្រូវ​រត់​ឆ្លៀត​មក​​ទិញ​ និង​ធ្វើ​ម្ហូប​ញ៉ាំ ដោយ​សារ​នៅ​ឆ្នាំទី១ ​ខ្ញុំ​ត្រូវ​រៀន​បី​ពេល​គឺ​ពេល​ព្រឹក​ រសៀល និង​យប់”។

ក្រៅ​ពី​ប្រឹង​ប្រែង​រៀន​សូត្រ​ ភីរុន ក៏​​ឆ្លៀតពេល ​ជួយ​សម្របសម្រួល​ដល់​និស្សិត​ខ្មែរ​ដទៃ​ទៀត​ ដែល​បាន​ជាប់​អាហារូបករណ៍​មក​សិក្សា​នៅ​ប្រទេស​ចិន​ផង​ដែរ។​ ពេល​មក​ដល់​ដំបូង​អ្នក​ទាំង​នោះ​ មិន​ដឹង​ថា ត្រូវ​ទៅ​ណា បន្ទាប់​ពី​មក​ដល់​ប្រលាន​យន្ត​ហោះ​ព្រោះថា នៅ​ប្រទេស​ចិន ក្សត់​បំផុត​អ្នក​ចេះ​ប្រើប្រាស់​ភាសា​អង់គ្លេស ។

នេះ​គឺជា​ការងារ​មួយ ដែល​ខ្ញុំ​ត្រូវតែ​ជួយ ដោយ​មិន​សម្លឹង​មើល​លើ​ផល​ប្រយោជន៍​តប​មក​វិញ​​ ព្រោះ​យើង​ជា​ខ្មែរ​ដូច​គ្នា​ ត្រូវតែ​ជួយ​គ្នា។ អញ្ចឹង​នៅ​ពេល​មាន​និស្សិត​ថ្មី​មក​ដល់​ខាង​សាលា​គេ​តែង​ផ្តល់​ដំណឹង​ដល់​យើង ឱ្យ​ជួយ​សម្របសម្រួល។ ត្រូវ​នាំ​គាត់​មក​កាន់​សាលា​ ប្រាប់​គាត់​កន្លែង​ស្នាក់​នៅ​ណា? កន្លែង​ញ៉ាំ​បាយ​ ឬ​ទិញ​ម្ហូប​នៅ​ណា​ជាដើម”។

ក្រៅពី​កិច្ច​ការងារ​ជួយ​សម្របសម្រួល​ពេល​មក​ប្រលានយន្ត​ហោះ​ ក្នុង​នាម​និស្សិត​​ខ្មែរ​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ ភីរុន ក៏​បាន​ចង​ក្រម​គ្នា​ជា​ក្រុម​​តាម​រយៈ​បណ្តាញ​សង្គម​ ដើម្បី​ចែករំលែក​ព័ត៌មាន​ ចំណេះ​ដឹង ពិសេស​ការ​ជួយ​គ្នា​ពេល​មានធុរៈ​ផ្សេងៗ។ ​ក្នុង​នាម​ជា​សិស្ស​ច្បង ភីរុន បាន​ឱ្យ​ដឹង​ទៀត​ថា ពិត​ណាស់​ការ​សិក្សា​​នៅ​ក្នុង​ថ្នាក់​រៀន​ គឺជា រឿង​ចាំបាច់​មួយ​ ប៉ុន្តែ​បើ​យើ​ង​មាន​ឱកាស​ស្វែង​យល់​ពី​សង្គម​នៅ​ប្រទេស​ចិន​​កាន់​តែ​ល្អ​បំផុត ព្រោះ​ថា ចិន​គឺជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ ក្រែង​មាន​​ផ្នែក​ណា​មួយ​យើង​អាច​មក​អនុវត្ត និង​បង្កើត​ជា​ គម្រោង ​ឬ​ឱកាស​ការងារ​​ពេល​ចប់​ការ​សិក្សា​​។ បន្ថែម​លើ​នេះ​យើង​អាច​សម្លឹង​មើល​​​ក្រុម​ហ៊ុន ឬ​ឱកាស​ការងារ​ ដែល​យើង​អាច​ធ្វើ​បាន​។ បង្កើត​បណ្ដាញ និង​ទំនាក់ទំនង​កាន់តែ​ច្រើន​កាន់​តែ​ល្អ។

ភីរុន បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Beijing University of Technology កាលពី ពេលថ្មី​ៗនេះ និង​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ Delsp Group​ ក្នុង​តួនាទី​ជា​អ្នក​គ្រប់គ្រង​ទូទៅ​។

​លោក ភីរុន បាន​ផ្កាំ​ផ្ញើ​ទៅ​និស្សិត ដែ​ល​កំពុង​រៀន​នៅ​ប្រទេស​ចិន​ ត្រូវ​ក្ដោប​យក​ឱកាស​​ឱ្យ​បាន។ ​បើ​រៀន​បាន​និទ្ទេស​កាន់​តែ​ល្អ​កាន់តែ​ប្រសើរ។ ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពិសេស​និស្សិត​​ខ្មែរ ដែល​បាន​សិក្សា​នៅ​ប្រទេស​ចិន​ដូចគ្នា ឬ​អ្នក​ទើប​ទៅដល់​ថ្មី​ៗ។ ត្រូវ​ជួយ​តាម លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន។ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ គឺជា​ចំណុច​ល្អ​បំផុត។ ការ​ជួយ​គ្នា​ដោយ​​សន្តាន​ចិត្ត​ គង់​ថ្ងៃណាមួយ​អំពើ​ល្អ​នឹង​វិល​មក​រក​យើង​វិញ៕

អត្ថបទ៖ សុផល