ក្រុមហ៊ុនកោះសង្សារ ទិញដីរាប់រយហិចតានៅសៀមរាប បង្កើតរីសតទី២តម្លៃ ២៥០លានដុល្លារ

  • 2018-10-17 03:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអភិវឌ្ឍន៍កោះសង្សារ បានប្រកាសអភិវឌ្ឍគម្រោងអភិវឌ្ឍថ្មីទី២របស់ខ្លួនដែលមានឈ្មោះថា ‘Song Saa Reserve’ ស្ថិតនៅក្នុងខេត្តសៀមរាប ដោយគ្រោងនឹងចាយទុនវិនិយោគ ២៥០លានដុល្លារ តាមរយៈការស្វែងរកដៃគូអភិវឌ្ឍ។

ទីតាំងគម្រោងសង្សារទី២

​ លោក Rory Hunter សហស្ថាបនិក Song Saa Collectives ឲ្យ​ដឹង​ថា​ គម្រោង​នេះ "យើង​មិនមែន​ជា​អ្នក​អភិវឌ្ឍន៍​នោះ​ទេ ដោយ​យើង​ប្រកាស​ឲ្យ​អ្នក​វិនិយោគ​ដទៃ​ចាប់អារម្មណ៍​រកស៊ី​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច បណ្ដាក់​ទុន​ជាមួយ​យើង" ។

លោក Rory Hunter

អ្នកស្រី អាន ធីតា នាយិកា​នៃ​ក្រុមហ៊ុន CBRE ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​លក់​គម្រោង​នេះ  ពន្យល់​បន្ថែម​ថា កន្លង​មក​ នៅ​គម្រោង​ទី១ ​កោះសង្សា​ នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អភិវឌ្ឍ​ និង​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ផ្ទាល់​ ប៉ុន្តែ​គម្រោង​ថ្មីទី២​នេះ ក្រុមហ៊ុន​ជា​ម្ចាស់​ដី ឯ​អ្នក​ចង់​វិនិយោគ អាច​បណ្ដាក់​ទុន​រួម​​យ៉ាង​ហោច​ណាស់​ ១០លានដុល្លារឡើង មាន​សិទ្ធ​សាងសង់​សណ្ឋាគារ វីឡា លំនៅដ្ឋាន ឧទ្យាន​អេកូ​ធម្មជាតិ និង​ផ្សារ​ទំនិញ​ជាដើម​។​  ​​​​​​​​​​​

អ្នកស្រី អាន ធីតា

អ្នកស្រី បន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនបរទេសប្រមាណ ៣ ចាប់ចិត្តគម្រោងនេះ រួមមានអ្នកវិនិយោគពី សិង្ហបុរី ហុងកុង និងតៃវ៉ាន់។

គម្រោងសង្សារទី២នេះ មានចម្ងាយ ៥នាទី ពីប្រាសាទបន្ទាយស្រី មានផ្ទៃដីសរុប ១២៥ ហិកតា មានបឹងមួយទំហំ ៣៥ហិចតា ស្ថិតនៅចំកណ្ដាល ដែលតំបន់នេះ ក្រុមហ៊ុនខាងលើបានទិញទុកពីប្រជាជនរស់នៅក្នុងតំបន់នោះ ហើយបែកចែកជា ១៩ ឡូតិ៍ សម្រាប់អភិវឌ្ឍន៍។ យ៉ាងណាមិញ គម្រោងអភិវឌ្ឍបដិសណ្ឋការកិច្ចបែប អ៊ីកូ-ទេសចរណ៍ មួយនេះ នៅមិនទាន់បានកំណត់កាលបរិច្ចេទនៃការចាប់ផ្តើមអភិវឌ្ឍ តែរំពឹងថានឹងចេញរូបរាងនៅ៥ឆ្នាំក្រោយ៕

អត្ថបទ៖ ស៊ិន សាវ៉េត