ធ្លាប់ជួបហា​និភ័យ​ពេលទិ​ញ​លក់​ដី ឬ​ផ្ទះ​ មក​សិក្ខា​នេះ​ ជួបសុទ្ធតែអ្នកជំនាញ​រៀនសូត្រ​ឥតគិតថ្លៃ

  • 2018-10-17 04:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់ ១២​ថ្ងៃត្រង់​នៅ​សណ្ឋាគារ Raffles Hotel Le Royal នឹង​​មានសិក្ខាសាលា​ស្តីពី នីតិ​វិធី​កាត់បន្ថយ​ហា​និភ័យ​ក្នុងការ​ទិ​ញ​លក់​អចល​ន​ទ្រ​ព្យ ដែល​រៀប​ចំ​ឡើង​ដោយគ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ FIRST FINANCE។

សិក្ខា​សាលា​ខាង​លើ​ នឹង​មាន​ការចូលរួម​ពី​វាគ្មិន​ ដែលមកពី​ក្រសួង​រៀបចំ​ដែនដី​ន​គ​រូបនីយកម្ម និង​សំណង់ និង​វាគ្មិន​ដែល​អញ្ជើញ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​​ផង​ដែរ។​

លោកស្រី ជុន សុថា​នី​ អគ្គនាយិកា គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ FIRST FINANCE បាន​បង្ហើប​ប្រាប់ Sabay​ពី​គោល​បំណង​របស់​សិក្ខាសាលា​ថា​៖ "តាម​រយៈ​បទពិសោធន៍​ជាង ១០​ឆ្នាំ​មក​នេះ ក្នុងនាម​ជា​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ដែល​ផ្តល់​កម្ចី​ទា​ក់ទង​នឹង​លំ​នៅ​ដ្ឋា​ន​ខ្នាតតូច ដល់​ប្រជា​ជន​ ដែល​មាន​ចំណូល​ទាប និង​ម​ធ្យ​ម យើង​ខ្ញុំបាន និង​នៅតែ​ឃើញ​សាធារណៈ​ជន​ជួបប្រទះ​នូ​វ​បញ្ហា​ជាច្រើន​ក្នុង​ការ​ទិញល​ក់​ដីធ្លី ឬ​ផ្ទះសម្បែង"។

ជាមួយ​គ្នា​នេះ​លោក​ស្រី​ បា​ន​បន្ត​ឱ្យ​ដឹង​ទៀត​ថា៖ "​ការ​ទិញដី ឬ​ផ្ទះ​ដែល​មិនមាន​ប្រវត្តិ​ច្បាស់លាស់ ឬ​ទិញ​ពី​ម្ចាស់​ដីឡូត៍ ឬ​បុរី​ដែល​មិន​មានច្បាប់​ត្រឹមត្រូវ ដី ឬ​ផ្ទះ​ដែល​មាន​ប្លង់​ជាន់គ្នា ឬ​យល់​ព្រម​ទទួល​យក​ប្លង់​ទ​ន់ នៅ​ពេល​ដែល​ប្លង់​ដើម​ជា​ប្លង់រឹង ឬ​ព្រម​ទទួល​ការផ្ទេរ​សិទ្ធិ​ត្រឹម​ភូមិ​/​ឃុំ ដើម្បី​បញ្ចៀស​ការ​បង់ពន្ធ​ជាដើម​។ ទង្វើ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ពួកគេ​ជួប​ហា​និ​ភ័​យ​ ក្នុង​ការបាត់បង់​សិ​ទ្ធិ​គ្រប់​គ្រង​អចល​ន​ទ្រ​ព្យ​បាន​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈ​ការចូលរួម​ពី​សំណាក់​វាគ្មិន​មកពី​ក្រសួង​ដែល​ពាក់​ព័​ន្ធ អ្នកចូលរួម​នឹង​ទទួលបាន​ចំណេះដឹង​បន្ថែម ​ក្នុង​ការកាត់បន្ថយ​ហា​និ​ភ័​យ​ក្នុងការ​ទិ​ញ​ដី ឬ​ផ្ទះ សម្រាប់​បរិយាកាស​ទីផ្សារ​អចល​ន​ទ្រ​ព្យដែល​កំពុង​ហក់​ឡើង​បែប​នេះ​"។​

លោកស្រី​អគ្គនាយិកា​បាន​បញ្ជាក់​បន្ថែមថា សិក្ខាសាលា​ស្តីពី នីតិ​វិធី​កាត់បន្ថយ​ហា​និភ័យ​ក្នុងការ​ទិ​ញ​លក់​អចល​ន​ទ្រ​ព្យ ខាងមុខ​នេះ​នឹង​បើកទូលា​យជូន​សាធារណ​ជន​ចូលរួម​ដោយ​ឥតគិតថ្លៃ ព្រម​ជាមួយ​ការ​ពិសារ​អាហារ​ថ្ងៃត្រង់​រួមគ្នា​ផងដែរ៕

អត្ថបទ៖ ថា ម៉ាលីដា