មកដឹងពីប្រវត្តិខ្លះៗ លោកយាយជប៉ុន ជួយសង់សាលារៀន៣៤៧ខ្នង នៅកម្ពុជា

  • 2018-10-17 08:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយ Osanai Mieko គឺ​ជា​ស្ថាបនិក​អង្គការJAPAN TEAM OF YOUNG HUMAN POWER (JHP) បាន​ជួយ​កសាង​សាលា​រៀន​ចំនួន ៣៤៧​ខ្នង ដល់​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក។ លោក​យាយ​បាន​កើត​នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​១៩៣០។ បច្ចុប្បន្ន​លោក​យាយ​មាន​អាយុ​៨៨​ឆ្នាំ​ហើយ។ ​​

ឯកឧត្ដម ជា សុផារ៉ា ជួបសំណេះសំណាលជាមួយលោកយាយ Osanai Mieko នៅថ្ងៃនេះ

លោកយាយ Osanai Miekoជា​សកម្មជន​មួយ​រូប​តែង​ធ្វើ​អំពើ​សប្បុរសធម៌​ជា​ច្រើន​រាប់​មិន​អស់​តាំង​ពី​ដឹង​ក្ដី​រហូត​ដល់​វ័យចាស់ជរា។ មាន​បណ្ដា​ប្រទេស​ជា​ច្រើន ដែល​លោក​យាយ Osanai Mieko ធ្លាប់​បាន​ជួយ​កសាង​សាលា​រៀន កន្លែង​ជ្រោក​កោន សម្រាប់​ជន​ភៀស​ខ្លួន​ដោយ​សារ​សង្គ្រាម​ដូចជា៖ប្រទេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក នេប៉ាល់ ឡាវ ឥណ្ឌា អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន​ជាដើម។ ក្នុង​នោះកម្ពុជា​ជា​ប្រទេស​សំខាន់​មួយ​ដែល​លោកយាយ ​បាន​លះ​បង់​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត និង​ទឹក​ប្រាក់​ជា​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ។

គេ​នៅ​ចាំ​មិន​ភ្លេច​ថា ក្នុង​ជំនួប​មួយ​ជាមួយ​អភិបាល​រង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១១ លោក​យាយ Osanai Mieko​ បាន​បញ្ជាក់​ថា ជប៉ុន​ក៏​ដូចជា​ប្រទេស​កម្ពុជា​ដែរ ការ​អភិវឌ្ឍ​ប្រទេស គឺ​ចាប់​ផ្ដើមពី​ចំណុច​សូន្យ។ ដូច្នេះ​អ្វីៗ​ទាល់​តែ​មាន​ដៃគូ ពី​មហាមិត្ត​ជួយ​ជ្រោមជ្រែង​ទើប​ការ​អភិវឌ្ឍ​ប្រទេស មានការ​រីក​ចម្រើន​ទៅ​មុខ​បាន​។ ជាក់​ស្ដែង​ដូចជា​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​ច្រើន គួរ​ជា​ទី​ចាប់​អារម្មណ៍ បើ​ប្រៀបធៀប​ពី​មុន​កម្ពុជា​មាន​តែ​បាត​ដៃ​ទទេ​នោះ។

ហេតុផល​ខាង​លើ​នេះ ​ទើប​អង្គការ JHP របស់​លោកយាយ​បាន សម្រេច​ចិត្ត​មក​ជួយ​ ចូលរួម​ចំណែក​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​កម្ពុជា ​​ដូចជា៖​ ជួយ​កសាង​នូវ​សាលារៀន ផ្លូវ ប្រព័ន្ធ​ទំនប់​ការពារ​ទឹកជំនន់ លូ ប្រព័ន្ធ​ទឹក​ស្អាត អណ្ដូង ជា​ពិសេស​ជួយ ផ្ដល់​ជាសំភារៈ​ផ្សេងៗ ដែល​ប្រជាជន​កម្ពុជា​កំពុង​ត្រូវការ និង​តម្រូវ​ការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ។

អង្គការJHPជប៉ុន​បាន​ចាប់​ផ្ដើម​មក​សាង​សាលា​រៀន​នៅ​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ឆ្នំា​១៩៩៣ រហូត ដល់​ឆ្នំា១៩៩៨ទើបអង្គការ JHP ជប៉ុន​បាន​បន្ដ ចាប់ផ្ដើម​ពង្រីក​នៅ​ទូទាំង​ប្រទេស​រហូត​មក​ដល់​ឆ្នំា​២០១៨​នេះ ​សរុប​សាលា​រៀន​ដែល​អង្គការ​លោកយាយ​បាន​កសាង ចំនួន៣៤៧ខ្នង ហើយ​ថែម​ទាំង​ផ្ដល់​ជា​សម្ភារៈ ​បំពាក់នូវ​គ្រឿង​បរិក្ខារ​រួច​ជា​ស្រេច​ហើយ​ដែរ ។

យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​អង្គការ JHP បាន​ឲ្យ​ដឹង​ថា អង្គការ​ត្រូវ​បាន​កកើត​ឡើង​ ក្រោយ​ពី​​​ប្រទេស​អ៊ីរ៉ាក់​ទទួល​បាន​ការ​ទំនុក​បម្រុង​​ដើម្បី​ប្រឈម​នឹង​ប្រទេស​គុយវ៉ែត​ រួម​ទាំង​ការធ្វើ​សង្គ្រាម​នៅ​សមុទ្រ​ពែក្យ​បាន​ផ្ទុះ​ឡើង​នៅ​ខែ​សីហា​ ឆ្នាំ ១៩៩០ លោកយាយ​អូសាណៃ និង បុគ្គលិក​ ៦ រូប​ទៀត​បាន​ខិតខំ​ដើម្បី​បំពេញ​តម្រូវ​​ការ​ដល់​ជន​ភៀសខ្លួន​​ក្នុង​ជំរំ​​ប្រទេស​ស៊ូដង់​ និង​បង្កើត​ក្រុម JIRAC ឡើង។ ក្រុម​នេះ​ក៏​បាន​ជួយ​ដល់​​ជន​ភៀស​ខ្លួន​ឃឺដ​​ នៅ​ព្រំ​ដែន​អ៊ីរ៉ាក់-អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៩១។

នៅ​ឆ្នាំ ១៩៩២ និង ១៩៩៣ JIRAC បាន​​បង្កើត​សកម្មភាព​រំដោះ​នៅ​ព្រំ​ដែន​កម្ពុជា-ថៃ ដើម្បី​ជួយ​ឲ្យ​ជន​ភៀសខ្លួន​កម្ពុជា​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ សកម្មភាព​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកស្រី​អូសាណៃ ​ដឹង​ពី​សារសំខាន់​នៃ​ការ​សាងសង់​សាលា​រៀន​សម្រាប់​ក្មេងៗ។ ពេលនោះ​ក្រុមការងារ​លោក​ស្រី អូសាណៃ ​បាន​បង្កើត​អង្គការ​“The Cambodian Children’s School Construction Organization” នៅ​ថ្ងៃ​ទី ១៥ កញ្ញា ១៩៩៣។ បន្ទាប់​មក​បាន​ប្ដូរ​ឈ្មោះ​អង្គការ​នេះ​ទៅ​ជា​ JAPAN TEAM OF YOUNG HUMAN POWER (JHP) និង​បង្កើត​ប្រព័ន្ធ​សមាជិក​នៅ​​ខែ​មេសា ឆ្នាំ ១៩៩៧៕

ប្រភព៖ imdb   ប្រែ​សម្រួល៖ វឌ្ឍនៈ

អត្ថបទពេញនិយម