ជំងឺ​មួយ​កំពុង​ផ្ទុះ​លើ​កុមារ មាន​ពង​បែក​មាត់ ដៃ និង​ជើង តើ​ជា​ជំងឺ​ថ្មី ឬ​ចាស់ ធ្ងន់ ឬស្រាល?

  • 2018-10-20 04:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​មាន​ការ​បង្ហោះ​រូប​ក្មេង ពង​បែក​មាត់ ដៃ និង ជើង ដែល​​កំពុង​រាតត្បាត​លើ​ក្មេង​កម្ពុជា ធ្វើ​ឲ្យ​អាណាព្យាបាល​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​អំពី​ជំងឺ​នេះ។ តើ​ជំងឺ​នេះ ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ តើ​ជំងឺ​នេះ​ធ្ងន់ ឬ​ស្រាល? ជំងឺ​នេះ​គេ​ហៅ​ថា ជំងឺ​ពង​បែក​មាត់ ដៃ និង​ជើង ដែល​កើត​មាន​យូរ​ហើយ មិនមែន​ទើប​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ទើប​ថ្មី​ៗ​នេះ ជំងឺ​នេះ​កំពុង​ផ្ទុះ​ឡើង​សាជាថ្មី ប៉ុន្តែ ៩៨% ជា​ជំងឺ​ស្រាល ២% ឈាន​ទៅ​ដល់​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ និង បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ​វត្ត​អង្គតាមិញ។

រូបភាព​៖ វិបសាយ vietnammoi

ជំងឺ​នេះ​ផ្ដើម​ឡើង​ដោយ​មេរោគ​ពីរ​ប្រភេទ​គឺ **Virus EV71** និង **Coxsackie A16** ដែល​ធ្វើ​ឲ្យ​កុមារ​ក្ដៅ​ខ្លួន​ខ្លួន ពង​បែក​មាត់ ដៃ និង ជើង ហើយ​ឈាន​ដល់​ប្រកាច់​ប្រសិន​បើ​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បញ្ជាក់​បន្ថែម។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាល​ពី​ឆ្នាំ ២០១១ ជំងឺ​នេះ​បាន​រាតត្បាត​ម្ដង​រួច​មក​ហើយ​នៅ​ប្រទេស​កម្ពុជា ដែល​បណ្ដាល​ឲ្យ​មាន​កុមារ​ស្លាប់ ប៉ុន្តែ​នៅ​ពេល​នេះ​មេរោគ​ភាគច្រើន​ប្រភេទ​ Virus EV71 ប៉ុន្តែ​ឆ្នាំ​នេះ ផ្ទុះ​សាជាថ្មី មេរោគ​ភាគច្រើន​ប្រភេទ Coxsackie A16 មេរោគ​នេះ​ស្រាល​ជាង EV71។ "កុំ​បារម្ភ​អំពី​ជំងឺ​នេះ បើ​មេរោគ​ Coxsackie គឺ​៩៨% ព្យាបាល​ជា ឬ​ជា​ដោយ​ខ្លួន​ឯង ប៉ុន្តែ ប្រភេទ EV71 ទើប​ខ្លាំង តែ​២% មែន​ប៉ុន្តែ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​កុមារ​នៅ​អាយុ​ក្រោម​៦ខែ បើ​ព្យាបាល​ជា​ ក៏​អាច​មាន​ផល​លំបាក​ខ្លះ​ៗ​ទៅ​ថ្ងៃ​ក្រោយ​ដែរ"។

តើ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​យ៉ាង​ណា​ដែរ?

ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បញ្ជាក់​ថា ជំងឺ​នេះ​មាន​ស្រាល មាន​ធ្ងន់។ ជាទូទៅ​​ក្រោយ​ឆ្លង​ជំងឺ ប្រមាណ​ជា៥-៦ថ្ងៃ ជំងឺ​នេះ​មាន​អាការៈ​ក្ដៅ​ខ្លួន​ពី ៣៨-៣៩ អង្សា។ ក្រោយ​ពី​ក្ដៅ​ខ្លួន​អាច​មាន​ពង​មាត់ ឬ​ពងបែក​មាត់ ដៃ និង​ជើង។ ចំពោះ​​ស្ថានភាព​ធ្ងន់​អាច​បណ្ដាល​ឲ្យ​ក្ដៅ​សន្ធប់ រលាក​ទង​សួត និង​ប្រកាច់។

តើ​ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង​ដែរ​ទេ?

ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង ដែល​វា​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់ ឬ​ថើប​មាត់​ជាដើម។ មួយ​ទៀត​ការ​លេង​របស់​របរ​មិន​ស្អាត ហើយ​យក​មក​បៀម​ដៃ។

តើ​ជំងឺ​នេះ​មាន​វិធី​ការពារ​ដែរ​ទេ?

ជំងឺ​នេះ​អាច​ការពារ​បាន​ដោយ​មិន​ត្រូវ​ឲ្យ​ក្មេង​របស់​របរ ឬ​ប៉ះពាល់​អ្នក​មាន​ជំងឺ​​នេះ ហើយ​ប្រសិន​បើ​បាន​លេង​របស់​របរ​ហើយ ត្រូវ​ប្រញាប់​លាង​សម្អាត​ដៃ ជើង​ឲ្យ​បាន​ស្អាត។

ប្រសិន​ជំងឺ​នេះ​ឆ្លង​ហើយ តើ​មាន​វិធី​ព្យាបាល​ដែរ​ទេ?

ប្រភពរូប៖ ហ្វេសបុក

ជំងឺ​នេះ​មាន​ស្រាល និង​ធ្ងន់។ ដូច្នេះ​ប្រសិន​បើ​ស្រាល​ គឺ​ប្រភេទ​ឆ្លង​ជំងឺ Coxsackie A16 ដោយ​៩៨% ជំងឺ​នេះ​អាច​ជា​ដោយ​ខ្លួន​ឯង ប៉ុន្ដែ​អាណាព្យាបាល​ត្រូវ​ធ្វើ​រឿង​ខ្លះ ដូចជា បញ្ចុះ​ក្ដៅ​កុមារ (ញុំា​ថ្នាំ​ប៉ារ៉ា ៦ម៉ោង​១គ្រាប់) លាប​ថ្នាំ​ក្រហម​ត្រង់​កន្លែង​ពងបែក និង ឧស្សាហ៍​ងូតទឹក ជាពិសេស​អនាម័យ។ ប៉ុន្តែ​ប្រសិន​បើ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ក្ដៅសន្ធប់ ឬ​ប្រកាច់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​កុមារ ដូចជា​ មន្ទីរពេទ្យ​កុមារ ឬ​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោក​វេជ្ជបណ្ឌិត​ប៉ែន​ កក្កដា បាន​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំង​ឡាយ​ត្រូវ​ឧស្សាហ៍​អនាម័យ​កុមារ​ ក្រោយ​លេង​របស់របរ​រួច ឬ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ជំងឺ​ឡើយ។ ជំងឺ​នេះ​នៅ​មិនទាន់​មាន​​វាក់​សាំង​ការពារ​ ឬ ថ្នាំ​ព្យាបាល​ជាក់លាក់​នៅ​ឡើយ ដោយ​ភាគច្រើន​ព្យាបាល​តាម​រោគសញ្ញា។ យ៉ាង​ណា​ក៏ដោយ​ប្រសិន​បើ​មាន​កុមារ​មាន​រោគ​សញ្ញា​ដូច​រៀបរាប់​ខាង​លើ​ អាណាព្យាបាល​ទាំង​អស់​ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា