ពិត​អត់ ញ៉ាំ​ទឹក​មាន PH ខ្ពស់ ល្អ​ចំពោះ​សុខភាព?

  • 2018-10-22 06:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PH ជា​រង្វាស់​កម្រិត​ជាតិ​អាស៊ីដ ឬ​អាល់កាឡាំង​នៅ​ក្នុង​ទឹក។ PH កម្រិត​ក្រោម ៧ មាន​ន័យ​ថា ទឹក​មាន​ជាតិ​អាស៊ីដ។ PH លើ ៧ មាន​ន័យ​ថា ទឹក​អាល់កាឡាំង។ ឯ PH ស្មើ ៧ វិញ មាន​ន័យ​ថា ណឺត។

មាន​ការ​សិក្សា (Research) ជា​ច្រើន កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភព​លោក​ស្រពិចស្រពិល​យល់​ច្រឡំ​លើ​រឿង PH ទឹក​ផឹក​នេះ ដោយ​លើក​ឡើង​ថា ទឹក​អាល់កាឡាំង មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព ដល់​ថ្នាក់​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ក្នុង​ខ្លួន កម្ចាត់​ជាតិ​អាស៊ីដ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​វ័យ​ក្មេង ស្បែក​ស្អាត បន្ថយ​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ជំងឺ​មហារីក​ជា​ដើម។

ប៉ុន្តែ ការ​អះអាង​ទាំង​នេះ គ្មាន​ភស្តុតាង​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ណា​មួយ​គាំទ្រ​ឡើយ ហើយ​ទាំង​នោះ គឺ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​គេ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំៗ​របស់​អាមេរិក និង​សិង្ហបុរី The New York Times និង The Straits Times ដែល​ស្រង់​សម្ដី​អ្នក​ជំនាញ​ផ្សេងៗ។

ផល​ប៉ះពាល់ ពេល​ផឹក​ទឹក​មាន PH ទាប​ពេក ខ្ពស់​ពេក

ត្រី​ក្នុង​បឹង ងាប់ ពេល​ទឹក​មាន PH ក្រោម ៤,៥ និង​លើ ១០។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WTO) ទឹក​ផឹក​ដែល​មាន PH លើ ​១១ អាច​បង្ក​ឲ្យ​មាន​បញ្ហា​រមាស់ រោល​ស្បែក ភ្នែក និង​ភ្នាស​រំអិល​ក្នុង​សារពាង្គកាយ។ ផ្ទុយ​មក​វិញ ទឹក​ផឹក​ដែល​មាន PH ក្រោម ៤ ក៏​បញ្ហា​រមាស់ រោល​ដូច​គ្នា​នេះ​ដែរ។ WTO បាន​ព្រមាន​ថា ទឹក​ផឹក​មាន PH ទាប​ពេក និង​ខ្ពស់​ពេក អាច​ធ្វើ​ស្ថានភាព​ស្បែក​កាន់​តែ​អាក្រក់។

ក្រៅ​ពី​នេះ ទឹក​ផឹក​ដែល​មាន​ជាតិ​អាស៊ីដ (PH ទាប) អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន តាម​រយៈ​ការ​លេច​ធ្លាយលោហធាតុ​ពុល​ក្នុង​ប្រព័ន្ធ​បំពង់​ទឹក ដោយសារ​ជាតិ​អាស៊ីដ​ស៊ី។ អង្គការ​ក្រុមប្រឹក្សា​ប្រព័ន្ធ​ទឹក​របស់​អាមេរិក (Water System Council) បាន​ព្រមាន​ថា លោហធាតុ​ពុល​ទាំង​នោះ អាច​មាន​ជាតិ​សំណ ខណៈ​ដែល​ក្រសួង​សុខាភិបាល​រដ្ឋ New York ក៏​បាន​ពន្យល់​ដែរ​ថា ជាតិ​សំណ​អាច​ប៉ះ​ពាល់​ដល់​បញ្ហា​សរសៃប្រសាទ និង​ការ​បន្ត​ពូជ ដូចជា ប្រកាច់ បញ្ហា​ត្រចៀក​ស្ដាប់​លែង​ឮ​ទៅៗ រលូត​កូន។

ចុះ​កម្រិត PH ទឹក​ផឹក​ប៉ុណ្ណា​ទើប​មាន​សុវត្ថិភាព​ចំពោះ​មនុស្ស?

ទឹក​ផឹក​មាន PH ទាប​ពេក និង​ខ្ពស់​ពេក សុទ្ធ​តែ​នាំ​ទុក្ខ​ដល់​សុខភាព។ ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក (EPA) បាន​កំណត់​ស្តង់ដារ​ថា ទឹក​ផឹក​ដែល​មាន​សុវត្ថិភាព​បំផុត​ត្រូវ​មាន PH ចន្លោះ​ពី ៦,៥ ទៅ ៨,៥។ ទឹក​ផឹក​នៅ​អាមេរិក ត្រូវ​គោរព​តាម​ស្តង់ដារ​កំណត់​ដោយ EPA នេះ ដើម្បី​សុវត្ថិភាព មិន​ថា​ទឹក​ម៉ាស៊ីន​របស់​រដ្ឋ ឬ​ទឹក​សុទ្ធ​លក់​ក្នុង​ទីផ្សារ​នោះ​ឡើយ។

ទឹករ៉ែធម្មជាតិ Anotta លើ​ទីផ្សារ​កម្ពុជា មាន PH 8.0

ធ្វើ​ម៉ែចទើប​ដឹង​ថា​ទឹក​ផឹក​របស់​យើង​មាន PH ប៉ុន្មាន?

បើ​សិន​អ្នក​ទិញ​ទឹក​សុទ្ធ ជា​ពិសេស​ទឹក​រ៉ែ លើ​សម្បក​ដប​មាន​បញ្ជាក់​កម្រិត PH ស្រាប់​តែ​ម្ដង។ អ្នក​ក៏​អាច​ទិញ​សូលុយស្យុង​វាស់ PH ទឹក នៅ​ក្នុង​ទីផ្សារ​បាន​ផង​ដែរ។ រូបភាព​ខាង​ក្រោម​នេះ បញ្ជាក់​ពី​កម្រិត​ជាតិ​អាស៊ីដ និង​អាល់កាឡាំង​ក្នុង​ទឹក៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម