ប្រកួត​បើក​ឆាក ​អ្នក​ចាត់ការ​កម្ពុជា ​ជាប់​ឈ្មោះ​នៅ Team of the Week ​ទៀត

  • 2018-10-22 08:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda ​ដែល​កំពុង​ប្រកប​អាជីព​នៅ​លីគ​អូស្ត្រាលី ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ល្អ​ប្រចាំ​សប្ដាហ៍ ​បើ​ទោះ​ជា​ក្រុម Melbourne Victory ​មិន​ឈ្នះ​ប្រកួត​បើក​ឆាក​ក៏​ដោយ។

Honda ​បាន​បង្ហាញ​ខ្លួន​៩០​នាទី​ពេញ​តែ​ម្ដង ​ឱ្យ​ក្រុម​ថ្មី​របស់​ខ្លួន Melbourne Victory ​ក្នុង​ការ​ប្រកួត​បើក​ឆាក​លីគ​អូស្ត្រាលី​រដូវ​កាល​ថ្មី។ ​ក្នុង​ការ​បង្ហាញ​ខ្លួន​នោះ​ដែរ ​លោក​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ក្រុម Melbourne City ​ពោល​គឺ​ចាញ់​ក្នុង​លទ្ធផល ២-១។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ ទម្រង់​លេង​ដ៏​ល្អ​របស់​កីឡាករ​ជប៉ុន​រូប​នេះ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​មែនទែន ​ហើយ​ជាប់​ឈ្មោះ​ជា Team of The Week ​ថែម​ទៀត​ផង។

កីឡាករ​វ័យ​៣២ឆ្នាំ ​បាន​សម្រេច​ចិត្ត​ផ្លាស់​មក​លេង​នៅ​អូស្ត្រាលី​នេះ ​ក្រោយ​ពី​ខ្លួន​ប្រកាស​ចូល​និវត្ត​ពី​ជម្រើស​ជាតិ​ជប៉ុន។​ ​ក្រោយ​ពី​ចុះ​កុងត្រា​ជាមួយ​ក្លឹប Melbourne Victory ​បាន​១​សប្ដាហ៍ លោក​ក៏​បាន​តំណែង​មួយ​ទៀត​នៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ដោយ​ក្លាយ​ជា​អ្នក​ចាត់ការ​ទូទៅ​ប្រចាំ​ក្រុម​នេះ​តែ​ម្ដង។ ​យ៉ាង​ណាមិញ ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​នេះ ​លោក​បាន​ដឹក​នាំ​ក្រុម​បាន​១​ប្រកួត​ដែរ ​កាល​ប៉ះ​ម៉ាឡេស៊ី ប៉ុន្តែ​មិត្តភាព​២​ប្រកួត​ចុង​ក្រោយ​ទល់​ទីម័រ ​និង​សិង្ហបុរី ​លោក​មិន​បាន​មក​ដឹក​នាំ​ទេ៕

អត្ថបទ៖ មុន្នីរម្យ