ប្រឹងប៉ូវវីតាមីនរាល់ថ្ងៃ អាចការពារខ្លួនអ្នកពីជំងឺគាំងបេះដូងបានដែរឬទេ?

  • 2018-10-27 04:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺគាំងបេះដូងគឺជាប្រធានបទសុខភាពដ៏ក្ដៅគគុករាប់សិបឆ្នាំមកហើយ ត្បិតវាតែងកើតមានឡើង និងបង្កឲ្យមានការស្លាប់ជារៀងរាល់ថ្ងៃ។ មូលហេតុនេះ ទើបមនុស្សគ្រប់គ្នាតែងជជីករកវិធីការពារ និងទប់ស្កាត់ពីវា។ សំនួរដ៏ពេញនិយមមួយ ត្រូវបានចោទសួរជារឿយៗថា តើមានប្រភេទវីតាមីនណា អាចការពារ និងទប់ស្កាត់ការឈ្លានពានពីជំងឺនេះបានឬទេ?

ចម្លើយត្រូវបានបកស្រាយដោយគេហទំព័រសុខភាព Mayo Clinic ដ៏ធំប្រចាំអាមេរិកថា មិនទាន់ភស្តុតាងជាក់លាក់ណាមួយអាចបញ្ជាក់ថា វីតាមីន អាចកាត់បន្ថយហានិភ័យនៃការវិវឌ្ឍរបស់ជំងឺគាំងបេះដូងបានទេ។ អ្វីដែលប្រាកដនោះ គឺលើលោកនេះគ្មានវីតាមីនណា អាចការពារជំងឺគាំងបេះដូងបានឡើយ ពិសេសសម្រាប់ជំពូកមនុស្សដែលមានរបបអាហារមិនត្រឹមត្រូវ អ្នកជក់បារី អ្នកមានកម្រិតជាតិខ្លាញ់ខ្ពស់ ឬមានជំងឺទឹកនោមផ្អែមជាដើម។ '

ការសិក្សាកន្លងមកបានលើកឡើងថា វីតាមីនមួយចំនួនដូចជា C និង E អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ប៉ុន្តែការធ្វើតេស្តព្យាបាលធំៗជាក់ស្ដែង មិនបង្ហាញពីអត្ថប្រយោជន៍ដូច្នោះឡើយ។ ឯការសិក្សាថ្មីមួយទៀត បានចេញមកអះអាងដែរថា វីតាមីន E ពិតជាអាចការពារមនុស្សពីជំងឺគាំងបេះដូងបាន។ យ៉ាងនេះក្ដី សមាគមបេះដូងអាមេរិក(American Heart Association) មិនធ្វើការគាំទ្រ ឬណែនាំឲ្យប្រើប្រាស់វីតាមីនទាំង ២ នេះ មកទប់ស្កាត់ជំងឺបេះដូងឡើយ។

ក្រៅពីនោះ ក៏មានភស្តុតាងមួយចំនួនបញ្ជាក់ដែរថា បញ្ហាកម្រិតជាតិវីតាមីន D ទាប អាចបណ្ដាលឲ្យមនុស្សមានជំងឺបេះដូង។ តែការសិក្សានេះ នៅមិនទាន់ពេញលេញនៅឡើយ ដោយត្រូវការការស្រាវជ្រាវ និងពិសោធន៍បន្ថែមទៀត។

អ្វីដែលក្រុមអ្នកជំនាញទាញបានពីបទពិសោធន៍ និងការធ្វើតេស្តជាក់ស្ដែងបានឲ្យឃើញថា ទោះបីជាអ្នកញ៉ាំវីតាមីនចម្រុះច្រើនកម្រិតណា ក៏មិនអាចការពារខ្លួនពីជំងឺបេះដូងនេះបានដែរ។ ផ្ទុយទៅវិញ មនុស្សដែលមានសុខភាពល្អ ភាគច្រើនគឺជាអ្នកដែលទទួលបានសារធាតុចិញ្ចឹមពីរបបអាហារដែលពួកគេទទួលទានប្រចាំថ្ងៃ។ ដោយសារតែស្ដង់ដារសុខភាពរបស់មនុស្សមានស្ថានភាពខុសៗគ្នា ទើបអ្នកជំនាញណែនាំថា គួរពិភាក្សាជាមួយគ្រូពេទ្យសិន មុនជ្រើសរើសរបបអាហារណាមួយ ហើយគួរទទួលយកការបន្ថែមជាតិវីតាមីន ឬអត់។

ផ្សេងពីនេះ អ្នកអាចចាប់ផ្ដើមជ្រើសយកអាហារដែលសម្បូរសារធាតុចិញ្ចឹមដោយខ្លួនឯង ដែលមានដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រេងសណ្ដែក និងញ៉ាំត្រីហោចណាស់ ២ ដងក្នុងមួយសប្ដាហ៍ ដើម្បីជាជំនួយដល់សុខភាពបេះដូងរបស់អ្នក។

បើចង់ដឹងព័ត៌មានបន្ថែមពីអាការៈ និងការថែទាំសុខភាពបេះដូង អ្នកអាចចូលរួមកម្មវិធី “My Heart, Your Heart” ដែលនឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី ២៨ តុលា ២០១៨ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា(តិចណូ) ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់។ កម្មវិធីនេះនឹងបើកឲ្យចូលរួមដោយសេរី និងមានការពិនិត្យបេះដូងជូនដោយឥតគិតថ្លៃទៀតផង។

កុំភ្លេចចូលរួមទាំងអស់គ្នា ព្រោះក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) នឹងបរិច្ចាគថវិកា ២០០០០ រៀលទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជា សម្រាប់ការចូលរួមរបស់លោកអ្នកម្នាក់ៗ។ បន្ថែមពីនោះ នៅចុងកម្មវិធី អ្នកនឹងបានរីករាយជាមួយការសម្ដែងពីតារាចម្រៀងសំណព្វចិត្តមានដូចជា កញ្ញា ចិត្ត កញ្ចនា និងលោក ស៊ូលី ផេង រួមជាមួយឱកាសចូលរួមចាប់រង្វាន់ Apple Watch ចំនួន ៥ គ្រឿងផងដែរ។ ចូលទៅកាន់ កម្មវិធីឈ្នះរង្វាន់ ដើម្បីដឹងពីដំណើរការចុះឈ្មោះ។

អត្ថបទ៖ សុខណា