សុទ្ធតែអ្នកស្រឡាញ់សុខភាព! ទាំងក្មេងចាស់ កុះករជុំគ្នាពិនិត្យបេះដូង ជាតិខ្លាញ់ សម្ពាធឈាម ម្សិលមិញ

  • 2018-10-29 06:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ ២៨ តុលា ឆ្នាំ​ ២០១៨ ម្សិល​មិញ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​(តិចណូ) បាន​រៀប​ចំ​​សិក្ខាសាលា​ស្ដី​ពី​ជំងឺ​បេះដូង បូក​រួម​ជា​មួយ​ការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​​ដល់​ប្រជាជន​ខ្មែរ​រាប់​រយ​នាក់។ កម្មវិធី​នេះ​ ជា​ការ​ផ្ដួច​ផ្ដើម​របស់​​ក្រុមហ៊ុន Manulife  Cambodia សហការ​ជា​មួយ​សមាគម​គ្រូ​ពេទ្យ​បេះដូង​កម្ពុជា។

លោក Robert Elliott អគ្គនាយក​ក្រុមហ៊ុន Manulife  Cambodia

លោក Robert Elliott អគ្គនាយក​ក្រុមហ៊ុន Manulife  Cambodia បាន​លើក​ឡើង​ថា៖ "បេះដូង​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​យើង ហើយ​នៅ​ពេល​ដែល​​បេះដូង​យើង​មាន​សុខភាព​ល្អ គឺ​ប្រៀប​ដូច​ជា​ការ​ទទួល​បាន​ទ្រព្យ​ដ៏​មាន​តម្លៃ​មួយ​ផង​ដែរ។ យ៉ាង​ណា​មិញ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ​ជំងឺ​សរសៃ​ឈាម​បេះដូង​ជា​មូល​ហេតុ​ធំ​ទី២ នៃ​មរណភាព និង​ពិការ​ភាព​នៅ​កម្ពុជា។ ដោយ​ក្នុង​នោះ ២៤% នៃ​អត្រា​មរណ​ភាព​សរុប​នៅ​កម្ពុជា​បណ្ដាល​មកពី ជំងឺ​សរសៃ​ឈាម​បេះដូង។ ហេតុ​នេះ​ហើយ​ទើប Manulife ដែល​ជា​ដៃ​គូ​សហការ​ជា​សាកល ​របស់​សហព័ន្ធ​បេះដូង​ពិភពលោក (WHF) រៀប​ចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ និង​គាំទ្រ​ដល់​ការ​ការពារ​សុខភាព​បេះដូង​នេះ"។

លោក​សាស្រ្ដា​ចារ្យ​បណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូ​ពេទ្យ​បេះដូង​កម្ពុជា

ជា​មួយ​គ្នា​នេះ លោក​សាស្រ្ដា​ចារ្យ​បណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូ​ពេទ្យ​បេះដូង​កម្ពុជា ក៏​បាន​មាន​យោបល់​ណែនាំ​ដល់​អ្នក​ស្រឡាញ់​សុខភាព​ទាំង​អស់​ថា ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ ជៀសវាង​ការ​ទទួលទាន​អាហារ​​ដែល​អាច​ប៉ះពាល់​សុខភាព ដូចជា Fast Food ផ្ដាច់​បារី គ្រឿងស្រវឹង​ជា​ដើម។

មិន​ត្រឹម​តែ​ផ្ដល់​ជូន​ចំណេះ​ដឹង និង​ការ​ពិនិត្យ​ឥត​គិត​ថ្លៃ​ទេ កម្មវិធី​នេះ​ក៏​ជា​ចំណែក​ធំ​មួយ​ក្នុង​ការ​ទ្រទ្រង់​ដល់​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​ដែរ ពោល​គឺ ក្រុម​ហ៊ុន​ Manulife បាន​បរិច្ចាគ​ថវិកា ២០០០០ រៀល​ទៅ​កាន់​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា សម្រាប់​ការ​ចូលរួម​របស់​លោក​អ្នក​ម្នាក់​ៗ៕

សិក្ខាសាលា
សកម្មភាពិនិត្យសុខភាព បេះដូង ជាតិខ្លាញ់ និងសម្ពាធឈាម
ការចែកជូនផ្លែឈើ ជំនួយបេះដូង

អត្ថបទ៖ សុខណា