រកឃើញផ្កាមួយប្រភេទដ៏កម្រ ដាក់ឈ្មោះភ្ជាប់នឹងទីក្រុងភ្នំពេញយ៉ាងពិរោះ

  • 2018-11-04 06:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“កេសរកូលព្រៃភ្នំពេញ”​ ឬ ​“អរគីដេព្រៃភ្នំពេញ”​ ឬ “ផ្កាបាយដំណើបដី”​ គឺជា​កេសរកូលព្រៃមួយ​ប្រភេទ​​ដែលមានឈ្មោះវិទ្យាសាស្រ្តថា​ “Eulophia graminea​”​ មានប្រភពកំណើតនៅតំបន់​អាស៊ីអាគ្នេយ៍​ និង​ដុះលូតលាស់​នៅ​លើដី​តាមតំបន់វាលទំនាប ជើងភ្នំ​ និងក្នុងព្រៃស្រោង។​ នៅឆ្នាំ២០១៣ កេសរកូលព្រៃ​ប្រភេទនេះត្រូវបាន​​អ្នក​រុក្ខវិទូ​ប្រទះឃើញដោយចៃដន្យជាលើកដំបូងនៅទីក្រុងភ្នំពេញ ក្នុងដី​ឡូត៍​មួយ​កន្លែង​​​​ក្បែរ និងក្នុងបរិវេណក្រសួង​ព័ត៌មាន។

វត្តមានរបស់រុក្ខជាតិព្រៃដែលបានដុះនៅចំកណ្តាលរាជធានី​ភ្នំពេញ​ បាន​​បណ្តាល​ឲ្យមានការ​​ចាប់អារម្មណ៍ និង​យក​ចិត្តទុកដាក់យ៉ាង​ខ្លាំង​​ពី​ក្រុមអ្នកសិក្សាកេសរកូល​ ហើយ​គេក៏បាន​ហៅកេសរកូលប្រភេទនេះថាជា “កេសរកូលព្រៃភ្នំពេញ” “Wild Orchid of Phnom Penh” ចាប់​តាំង​ពីពេលនោះមក (បើទោះជាមានប្រទេសនានាបានឲ្យឈ្មោះផ្សេងក៏ដោយ)។

“កេសរកូលព្រៃភ្នំពេញ”​ នេះមានផ្កាដុះចេញជាជួរត្រង់ឡើងទៅលើព៌ណត្របែកព្រៃលាយស និងព័ទ្ធជុំវិញ​ដោយត្របកស្លឹកព៌ណ​បៃតងខ្ចីឆ្នូតស្វាយ។​​ ជាទូទៅ កេសរកូលព្រៃប្រភេទនេះ​បានចេញផ្កានៅ​អំឡុង​ខែតុលា។

“កេសរកូលព្រៃភ្នំពេញ” នេះបាន​ និងកំពុងរក្សាទុកនៅក្នុងសួនកេសរកូលព្រៃ នៃ​​មជ្ឍមណ្ឌល​​ស្រាវជ្រាវ និង​អភិរក្សកេសរកូល សុខ​​ អាន ភ្នំគូលែន។

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម