​ទម្លាប់ ៩ យ៉ាង​ដែល​ធ្វើ​ឲ្យ​ទូរសព្ទ-កុំព្យូទ័រ​ល្អ​របស់​អ្នក ឆាប់​ខូច!

  • 2018-11-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទម្លាប់​ នៃ​ការ​ប្រើប្រាស់​របស់​របរ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់​ខុស​ៗ​គ្នា ជា​ពិសេស​ជាមួយ​សម្ភារៈ​បច្ចេកវិទ្យា​ដូច​ជា ទូរសព្ទ ឬ​កុំព្យូទ័រ អ្នកខ្លះ​ក៏​បាន​ដឹង ចេះ​ថែទាំបានត្រឹម​ត្រូវ ដោយឡែក​អ្នក​មិន​បាន​ដឹង កំពុង​បន្តសកម្មភាព​ដដែលៗនេះ ធ្វើ​ឲ្យ​របស់​​មិន​អាច​ប្រើ​បាន​យូរ​អង្វែង ឬ​ឆាប់​ខូច​មុន​អាយុកាល។

​បើ​អ្នក​មិន​ចង់​ដុត​បំផ្លាញ​លុយ​រាប់​រយ​ដុល្លារ​ជា​ញើស​ឈាម​ខំ​សន្សំ ទម្រាំ​ទិញ​បាន​ទូរសព្ទ ឬ​កុំព្យូទ័រ​ល្អ​មួយ​គ្រឿង​នោះ​ទេ អ្នក​គួរ​ងាក​មក​ពិនិត្យ​មើល និង​ផ្លាស់​ប្ដូរ​សកម្មភាព​ទាំង​នេះ​ចេញ។

#យក​ទូរសព្ទ​ចូល​បន្ទប់​ទឹក ឬ​អង្គុយ​ចុច​ពេល​បន្ទោបង់

​ទូរសព្ទ ឬ​ស្មាតហ្វូន​ជា​ឧបករណ៍​ដែល​សឹង​ថា មិន​អាច​ខ្វះ​បាន​គ្រប់​នាទី​របស់​យុវវ័យ​សម័យ​ថ្មី ដោយសារ​ងាយ​កាន់ យក​តាម​ខ្លួន​បាន មាន​ភ្ជាប់​អ៊ីនធើណិត មាន​តន្ត្រី មាន​បណ្ដាញ​សង្គម មាន​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​កម្មវិធី​ស្មាតហ្វូន​ទំនើប​នោះ។

យ៉ាង​ណា​ក្ដី ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ជា​យថាហេតុ ប្រសិន​បើ​អ្នក​ប្រើ​ស្មាតហ្វូន​រហូត​ដោត​សាក​ថ្ម ហើយ​ឌុយ​ភ្លើង​ប៉ះ ឬ​ធ្លាក់​ចូល​ទឹក​អ្នក​កំពុង​ងូត ធ្វើ​ឲ្យ​ឆ្លង​ចរន្ត​អគ្គីសនី បណ្ដាល​ឲ្យ​អ្នក​បាត់​បង់​ជីវិត។

​ចំណែក​ការ​យក​ស្មាតហ្វូន​ទៅ​អង្គុយ​ចុច​ពេល​បន្ទោបង់ ត្រូវ​​អ្នក​ជំនាញ​រក​ឃើញ​ថា អ្នក​ប្រើ​បាន​ចំណាយ​ពេល​យូរ​ជាង ៥ នាទី​ទៅ​លើ​វា។ ជាង​នេះ​ទៀត ការ​ទុក​ដាក់​ទូរសព្ទ​នៅ​ក្នុង​បន្ទប់​ទឹក ឬ​បង្គន់ មួយ​គ្រា​នោះ ក៏​អាច​​បណ្ដាល​ឲ្យ រអិល​ធ្លាក់​បែក​ផង​ដែរ។ ហើយ​រឹត​តែ​សំខាន់ ​មេរោគ​ល្អិត​តូចៗ​ក្នុង​បង្គន់​ដែល​អ្នក​មើល​មិន​ឃើញ អាច​តោង​ជាប់​ទូរសព្ទ បណ្ដាល​ឲ្យ​សុខភាព​អ្នក​ចុះ​ខ្សោយ​ទៀត​ផង។

​#​យក​អាហារ​សំរន់ ទៅ​ញុំ​មុខ​កុំព្យូទ័រ

និយាយ​ឲ្យ​ងាយ​យល់ អ្នក​ចំណាយ​ពេល​ញុំ​អាហារ​សំរន់​ដូច​ជា នំ​កញ្ចប់ ឬ​កាហ្វេ​ដោយ​យក​កុំព្យូទ័រ​ជា​ទ្រនាប់​ជំនួស​ឲ្យ​តុ ធ្វើ​ឲ្យ​កម្ទេច​កំទី​នំ ឬ​កាហ្វេ​ស្រក់​លើ​ក្តារចុច ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បណ្ដាល​ឲ្យ​កុំព្យូទ័រ​កខ្វក់ ងាយ​គាំង ឬ​ខូច​តែ​ម្ដង។

​#សាក​ភ្លើង​ទូរសព្ទ​ទុក​ចោល​មួយ​យប់​ទល់​ភ្លឺ

សព្វថ្ងៃ​ស្មាតហ្វូន​ទំនើបៗ ​ប្រើប្រាស់​ប្រភេទថ្ម Lithium-ion (Li-ion) ជា​ថ្ម​ប្រភេទ​ថ្មី អ្នក​មិន​ចាំបាច់​ត្រូវ​សាក​រហូត​ដល់​ពេញ 100% ទើប​អាច​ប្រើ​បាន​នោះ​ទេ ពោល​គឺ សាក​បាន​ប៉ុណ្ណា វា​នឹង​បញ្ឈប់​ចរន្ត​ត្រឹម​នោះ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ថ្ម​ខូច​ដែរ ទោះ​ជា​ដោត​ចោល​មួយ​យប់​ទល់​ភ្លឺ​ក៏​ដោយ។

ប៉ុន្តែ​ចម្លើយ​ពី​អ្នក​ជំនាញ​បកស្រាយ​ថា សាក​ថ្ម​ទុក​ចោល អាច​បណ្ដាល​ឲ្យ​កើត​មាន​ករណី​ផ្ទុះ​ថ្ម​ស្មាតហ្វូន​ដែល​ជា​ប្រភេទ​ថ្ម Li-ion នោះ​ដោយ​កត្តា​អ្នក​ប្រើប្រាស់​ខុស ដូច​ជា ទុក​ឲ្យ​ទូរសព្ទ​អស់​ភ្លើង​រហូត​ដល់ 0% បាន​សាក​ភ្លើង ឃើញ​ថ្ម​នៅ​សល់​ត្រឹម 35% ​នៅ​តែ​បន្ត​ប្រើ មិន​ប្រញាប់​សាក​ឲ្យ​ពេញ ប្រើប្រាស់​ឆ្នាំង​សាក​​ក្លែង​ក្លាយ ឬ​​ជា​របស់​​គ្មាន​ធានា​ពី​ក្រុម​ហ៊ុន​​​នាំ​ចូល។ ទូរសព្ទ​ក្តៅ​ខ្លាំង មិន​ទុក​ឲ្យ​ត្រជាក់​សិន តែ​យក​ទៅ​សាក​ភ្លើង​ពេល​ទូរសព្ទ​កំពុង​ក្ដៅ​ខ្លាំង មិន​រក​កន្លែង​​សាក​ទូរសព្ទឲ្យ​សម​រម្យ គ្រាន់​តែ​​ដាក់​នៅ​លើ​តុ​ក្បែរ​ក្បាល​ដំណេក ឬ​ដាក់​នៅ​លើ​ភួយ​ឬ​ក្រោម​ខ្នើយ ក៏​អាច​បណ្ដាល​ឲ្យ​ឆេះ​បាន​ផង​ដែរ)។

#ទុក​ឲ្យ​ទូរសព្ទ​អស់​ភ្លើង​​ដល់ 0% បាន​រត់​ទៅ​សាក​ភ្លើង

​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ប្រភេទថ្ម Lithium-ion (Li-ion) ជា​ថ្ម​ប្រភេទ​ថ្មី អ្នក​មិន​ចាំបាច់​ត្រូវ​សាក​រហូត​ដល់​ពេញ 100% ទើប​អាច​ប្រើ​បាន​នោះ​ទេ ពោល​គឺ សាក​បាន​ប៉ុណ្ណា វា​នឹង​បញ្ឈប់​ចរន្ត​ត្រឹម​នោះ ក៏​ប៉ុន្តែ​អ្នក​មិន​គួរ​ប្រើ​ប្រាស់​ស្មាតហ្វូន​ឲ្យ​អស់​ថ្ម​ដល់​រលត់​ភ្លឹប ទើប​ទៅ​ដោត​សាក​ថ្ម​នោះ​ទេ វា​ជា​ទម្លាប់​អាក្រក់​មួយ​ដល់​ខ្លួន​ឯង និង​ស្មាតហ្វូន​ដែរ។

#​ដើរ​ចេញ​ទាំង​មិន​បាន​បិទ​កុំព្យូទ័រ

​យុវវ័យ​ដែល​ចូលចិត្ត​ប្រើ​កុំព្យូទ័រ​យូរដៃ(Laptop) ភាគ​ច្រើន​ដើរ​ចេញ​ពី​​កុំព្យូទ័រ​ខ្លួន ដោយ​មិន​បាន​បិទ​ឲ្យ​រលត់​នោះ​ទេ គ្រាន់​តែ​ចុច sleep រួច​ទុក​ចោល​រាប់​សិប​ម៉ោង។ យោង​តាម​ប្រភព​ពី​អ្នក​បច្ចេកទេស​កុំព្យូទ័រ បាន​លើក​ឡើង​ថា កត្តា​នេះ​ហើយ​ជា​ចំណែក​មួយ ធ្វើ​ឲ្យ​ផ្ទៃ​អេក្រង់​កុំព្យូទ័រ​ឆាប់​ធ្លាក់​គុណភាព​ពន្លឺ ​និង​ធ្វើ​ឲ្យ​​ថ្ម​មិន​សូវ​កាន់​ភ្លើង​ទៀត​ផង។

#ទុក​ទូរសព្ទ ឬ​ថេប្លេត​ចោល​ក្នុង​រថយន្ត

​ទង្វើ​នេះ ក៏​រាប់​ថា ជា​ទម្លាប់​មិន​ល្អ​ដែល​អ្នក​គួរ​តែ​កែ។ មិន​ត្រឹម​តែ​កត្តា​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​កត្តា​បច្ចេកវិទ្យា​ផង​ដែរ។ ឧទាហរណ៍៖ ប្រសិន​បើ​អ្នក​ទុក​ទូរសព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិច​ចោល​ក្នុង​រថយន្ត​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​រាប់​សិប​ម៉ោង នោះ​អេក្រង់​និង​ថ្ម ចាប់​ផ្តើម​ធ្លាក់​គុណភាព។ បើ​សិន​សីតុណ្ហភាព​ក្តៅ​វិញ កាន់​តែ​ឆាប់​ខូច​តែ​ម្ដង។

#យក​ទឹក​បាញ់​កញ្ចក់ មក​លាង​អេក្រង់​ទូរសព្ទ

​មនុស្ស​ភាគ​ច្រើន គិត​ថា ​ទឹក​បាញ់​លាង​សម្អាត​កញ្ចក់ ក៏​អាច​យក​ទៅ​លាង​អេក្រង់​កុំព្យូទ័រ ឬ​ទូរសព្ទ​បាន ក៏​ប៉ុន្តែ​នេះ​ជា​ទង្វើ​ឆ្គាំឆ្គង​មួយ ដែល​ធ្វើ​ឲ្យ​​អេក្រង់​កុំព្យូទ័រ ឬ​ទូរសព្ទ​ឆ្កូត ឬ​ស្រអាប់​មិន​ដូច​ដើម ដោយ​ហេតុ​ថា សារធាតុ​ក្នុង​ទឹក​សម្អាត​ផ្ទៃ​កញ្ចក់ ផ្សំ​ដោយ​ធាតុ​កាត់​ភាព​ស្រអាប់​ខ្លាំង មិន​សម​ប្រើ​ជាមួយ​ផ្ទៃ​អេក្រង់​គ្រឿង​អេឡិចត្រូនិច ស្តើងៗទេ។

#យក​កុំព្យូទ័រ​មក​ចុច​លើ​ភ្លៅ

​ជា​រៀងរាល់​ថ្ងៃ អ្នក​ប្រហែល​ជា​បាន​ឃើញ អ្នក​ធ្វើការ​តែង​កាន់​កុំព្យូទ័រ​យួរ​ដៃ មក​ដាក់​លើ​ភ្លៅ​រួច​វាយ​អត្ថបទ ឬ​ឆ្លងឆ្លើយ​សារ​ជាដើម។ ទង្វើ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្តល់​ដំបូន្មាន​ថា គួរ​តែ​បោះចោល ព្រោះ​បណ្ដាល​ឲ្យ hard disk ឬ​កង្ហារ​ខាង​ក្នុង​ឡើង​កម្ដៅ ឬ​ការ​ដាក់​ប៉ះ​សាច់​អ្នក​ផ្ទាល់ បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ភេទ​ផង​ដែរ។ មុន​នឹង បើក​កុំព្យូទ័រ អ្នក​គួរ​តែ​រក​កន្លែង​ត្រឹម​ត្រូវ ឬ​កូន​តុ​ណាមួយ មក​ទ្រាប់​វិញ​ប្រសើរ​ជាង។

#​ប្រើ​ឆ្នាំង​សាក​ចល័ត

​តើ​អ្នក​ធ្លាប់​ខ្ចី​ឆ្នាំង​សាក មិត្តភក្តិ​មក​សាក​ទូរសព្ទ​ដែរ​ទេ? ទង្វើ​នេះ ក៏​រាប់​ចូល​ជា​ទម្លាប់​មិន​ល្អ​ដែរ ដោយ​ហេតុ​ថា រន្ធ​សាក​ថ្ម និង​ទូរសព្ទ​មិន​ប៉ុនគ្នា ទោះ​ប៉ុន​គ្នា ក៏​ការ​បញ្ចូល​ចរន្ត​មិន​លឿន​ដូច​របស់​ដើម​អ្នក​ដែរ។ បើ​គិត​លើ​សីលធម៌ អ្នក​ក៏​ពុំ​គួរ​ខ្ចី​លើស​ពី​៣ ដង​ដែរ អារម្មណ៍​គេ អារម្មណ៍​យើង! បើ​ត្រូវ​ការ​សាក​តំណាល​គ្នា ធ្វើ​យ៉ាង​ម៉េច? ដូច​នេះ អ្នក​គួរ​ទុក​ដាក់​ឆ្នាំង​សាកជាប់ខ្លួន​ និង​កែ​ទម្លាប់​ដែល​រៀប​រាប់​ទាំង​ប៉ុន្មាន​ខាង​លើ​ឲ្យ​បាន ក្នុង​ឆ្នាំ​ថ្មី​នេះ។

បើ​ចូលចិត្ត កុំភ្លេច​ចែក​រំលែក​ទៅ​មិត្តភក្តិ​បាន​ដឹង​ផង!

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រក្សា