ឡូយទៀតហើយ! Wing ក្រុមហ៊ុនខ្មែរ ទទួលបានពានធុរកិច្ចលំដាប់អាស៊ាន ២ ប្រចាំឆ្នាំនេះ

  • 2018-11-15 07:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស Wing បាន​ទទួល​ពាន​រង្វាន់​ចំនួន ២ នៅ​ក្នុង​កម្មវិធី​ពាន​រ​ង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ ២០១៨ កាលពី​រាត្រី​ថ្ងៃទី​១២ ​វិច្ឆិកា ២០១៨​ កន្លង​ទៅ​នេះ នៅ​សណ្ឋាគារ Ritz-Carlton ក្នុង​ប្រទេស​សិង្ហ​បុរី​។ ពាន​រ​ង្វាន់​ទាំង ២ នេះ​រួមមាន ពា​ន "​សហគ្រាស​ស​ង្គ​ម ដែល​មាន​និរន្តរភាព​" និង "​សហគ្រាស​ខ្នាត​តូច​និង​ម​ធ្យ​ម ដែល​មាន​ការ​រីកចម្រើន​"។

នេះ​គឺជា​ឆ្នាំទី ២ ហើយ​ដែល Wing បាន​ទទួល​ពាន​រង្វាន់ នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​ធុរកិច្ច​អាស៊ាន បន្ទាប់ពី​ធនាគារ​មួយ​នេះ បាន​ទទួល​ពាន "​សហគ្រាស​ជោគ​ជ័យ​បំផុត​ទាំង ៥ ក្នុង​តំបន់​អាស៊ាន​" កាលពី​ឆ្នាំ​២០១៧​។

គណៈកម្មការ​ផ្តល់រ​ង្វាន់​​បាន​និយាយ​ថា Wing បាន​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត និង​បាន​រួម​ចំណែក​យ៉ាង​សំ​ខាន់​ដល់​សហគមន៍ ដែល​នាំឲ្យ​ធនាគារ​នេះ​បាន​ឈ្នះ​ពាន​រ​ង្វាន់ សម្រាប់​សហគ្រាស​ស​ង្គ​ម ប្រកបដោយ​និរន្តរភាព​។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯកទេស Wing បាន​លើក​ឡើង​ថា៖ "​ក្នុង​រយៈពេល មួយ​ទសវត្សរ៍​កន្លង​មក​នេះ Wing មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន នូវ​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព នៅ​ពេល​និយាយ​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​​តាម​ទូរសព្ទដៃ។ ការ​ទទួលស្គាល់​Wing ​ជា "​សហគ្រាស​ស​ង្គ​ម ដែល​មាន​និរន្តភាព​" ដោយ​គណៈកម្មាធិការ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន គឺជា​ការ​ឆ្លុះបញ្ចាំង នូ​វ​ការ​ប្តេជ្ញាចិត្ត​របស់ Wing ក្នុង​ការ​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្រែ​នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជា​ជន​កម្ពុជា ខណៈ​ដែល Wing បាន​នឹង​កំពុង​ធ្វើ​កិច្ចការ ស្រប​ទៅ​តាម​ចក្ខុ​វិស័យ​របស់​ខ្លួន ក្នុង​ការ​បង្កើត​សង្គម នៃ​ការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់"។​

​គួរ​រំលឹក​ផង​ដែរ​ថា ពាន​រង្វាន់​ធុរកិច្ច​អាស៊ាន ២០១៨ គឺជា​ពានទី ២ ក្នុង​រយៈពេល​៣​ខែ បន្ទាប់ពី Wing បាន​ទទួល​ពាន "​ធនាគារ​ដែល​ផ្ដល់​ផល​ប្រយោជន៍​ល្អ​បំផុត​ដល់​ស​ង្គ​ម នៅ​កម្ពុជា​ឆ្នាំ ២០១៨" កាលពី​ខែកញ្ញា ដោយ​ទស្សនា​វ​ដ្តី​អាជីវកម្ម​អន្តរជាតិ ដ៏​មាន​ឥទ្ធិ​ពល​មួយ​ឈ្មោះថា Capital Finance International៕

អត្ថបទ៖ សុខណា