ព្រឹទ្ធាចារ្យឯកទេស​ល្ខោន​បាសាក់​ពីសម័យសង្គមរាស្រ្ត អ៊ុំ សា​មិត‌ លាចាកលោកនៅថ្ងៃ​នេះ

  • 2018-11-15 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធាចារ្យ​នាដ​ភក្ដី​និម្មិត អ៊ុំ សា​មិត‌ ​អតីត​តួ "​តេ​ជោ​មាស" ឯកទេស​ល្ខោន​បាសាក់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម បាន​អនិច្ចកម្ម​ ​​ក្នុង​ជន្មាយុ ៨៣​ឆ្នាំ ​ដោយ​ជំ​ងឺ​បេះ​ដូង ​នៅ​មន្ទីរ​កាល់​ម៉ែត្រ ​​ក្នុង​​ថ្ងៃ​នេះ ​ដែល​ជា​ដំណឹង​យ៉ាង​ក្រៀម​ក្រំ​បំ​ផុត។

បើ​តាម​​លោក អ៊ុំ វិបុល ​កូន​ប្រុស​ទី​៣​ ចំណោម​៤​នាក់ ​របស់​ព្រឹទ្ធាចារ្យ​ ​ឲ្យ​ដឹង​ថា ​ឪពុក​ខ្លួន​តែង​មាន​ជំ​ងឺ​ប្រចាំ​កាយ ដូច​ជា សួត បេះដូង ​និង​ ខ្សោយ​អស់​កម្លាំង។ ​ជា​ញឹក​ញាប់ វីរៈសិល្បករ​រូប​នេះ តែង​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​ជំងឺ។

​នៅ​ថ្ងៃ​កើត​ហេតុ ​​លោក​មាន​​អាការៈ​ចុក​ឆ្អឹង​ខ្នង ​និង​ទ្រូង​យ៉ាង​ខ្លាំង ​រហូត​ទ្រាំ​មិន​បាន ​គ្រួសារ​ក៏​សម្រេច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ ​ក្រោយ​ការ​ពិនិត្យ គ្រូ​ពេទ្យ​ទាម​ទារ​ឲ្យ​មាន​ការ​វះ​កាត់ ​ដោយ​ចំណាយ​អស់​២ពាន់​ដុល្លារ ​តែ​ភ្លាម​នោះ​ក្រុម​គ្រួសារ​ មិន​ទាន់​​សម្រេច​យល់​ព្រម​នោះ​ទេ។ ​ដោយ​ស្ថាន​ជំ​ងឺ​ខ្លាំង ​សុខភាព​ខ្សោយ ​និង​វ័យ​កាន់​តែ​ជរា​ផង​នោះ ​ព្រឹទ្ធាចារ្យ ​អ៊ំ សា​មិត ​ក៏​ដាច់​ខ្យល់​ លាចាក​លោក យ៉ាង​ក្រៀម​ក្រំ​បំ​ផុត។

ក្រុម​គ្រួសារ​ សម្រេច​តម្កល់​សព​នៅ​ផ្ទះ​សិន ​លុះ​ដល់​ថ្ងៃ​ស្អែក​ វេ​លា​ម៉ោង​ ៤​ល្ងាច នឹង​ចាត់​ចែង​បូ​ជា​សព​នៅ​វត្ត​ទឹក​ថ្លា។ ក្នុង​នោះ​ដែរ ​ក្រម​គ្រួសារ​សព ​សូម​អំពាវ​នាវ​ដល់​សប្បុរស​ជន​ជិត​ឆ្ងាយ​ ចូលរួម​ជា​ថវិកា ​ក៏​ដូច​ជា​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​តាម​សទ្ធា ​ព្រោះ​ក្រុម​គ្រួសារ​លោក ​កំពុង​ស្ថិត​ក្នុង​ការ​លំបាក សម្រាប់​រៀប​ចំ​​ពិធី​ឲ្យ​បាន​សម​រម្យ។

​​គួរ​បញ្ជាក់​ថា ព្រឹទ្ធាចារ្យ​នាដ​ភក្ដី​និម្មិត អ៊ុំ សា​មិត‌ បាន​ទទួល​គោរម​ងារ​ថ្នាក់​ជាតិ​​ពី​ព្រះ​មហាក្សត្រ​កម្ពុជា ​​មរតក​មនុស្ស​មនុស្យ​រស់​ ក្នុង​ចំណោម១៧​រូប។ លោក​ ជា​វីរៈ​សិល្បករ ផ្នែក​ល្ខោន​បាសាក់ តាំង​​ពី​ទស្សវត្សទី​៦០ ​ដោយ​បាន​បន្សល់​ស្នាដៃ​សិល្បៈ​រាប់​មិន​អស់ ដល់​កូន​ចៅ​ជំនាន់​ក្រោយ៕​​​​​​ ​​​​

អត្ថបទ៖ លឹម សុនា