លើកនេះ ស៊ីនទ្រីមិនបង្អង់ដៃ ដាក់កម្លាំងរាប់រយនាក់ ចាំជញ្ជូនសំរាមគ្រប់ទិសទី

  • 2018-11-16 08:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ក្រុមហ៊ុនស៊ីនទ្រី បានត្រៀមរថយន្តដឹកសំរាមចំនួន ៤៩គ្រឿង និងកម្មករចំនួន ៤៨៩នាក់ និងសម្ភារមួយចំនួន សម្រាប់ចុះប្រមូល និងដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បី ចូលរួមធ្វើការសម្អាតឱ្យបានទាន់ពេល ។

លោក ខៀវ វុទ្ធី ប្រធានប្រតិបត្តិផ្នែកប្រមូល និងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីបានឱ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមហ៊ុនស៊ីនទ្រីមានផែនការច្បាស់លាស់ បែងចែកកម្មករជាពីរក្រុម មានវេនថ្ងៃ និងវេនយប់។ លោកបន្តថា វេនថ្ងៃចាប់ពីម៉ោង៥ភ្លឺ ដល់ម៉ោង៣រសៀល ហើយវេនយប់ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៧ព្រឹក ដោយមានកម្មករបោសសម្អាតចំនួន ៤៨៩នាក់ និងរថយន្តដឹកជញ្ជូនសំរាមចំនួន ៤៩គ្រឿង ។ ក្រៅពីកម្លាំងបោសសម្អាត និងរថយន្តដឹកជញ្ជូន នៅមានរទេះអូសសំរាមចំនួន១៨គ្រឿង ធុងDamster ឬដេប៉ូទុកដាក់សំរាមចំនួន ៧ធុងធំៗ និងមានកញ្ឆេសម្រាប់ពង្រាយដាក់តាមសួនច្បារ ដងផ្លូវ និងកន្លែងប្រគុំតន្រ្ដីចំនួន ១ ២០២បន្ថែមទៀត។

ការប្រមូលសំរាមសម្អាតក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ បានចែកចេញជា ៦ក្រុម និងបែងចែកជា ២វេន គឺវេនទី១-វេនថ្ងៃចាប់អនុវត្ដន៍ ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៤ល្ងាច។ ចំណែកវេនទី២- គឺវេនយប់ចាប់អនុវត្ដន៍ពីម៉ោង១យប់ រហូតដល់ម៉ោង៥ព្រឹក។ ដែលទាំងនេះគឺជាផែនការរៀបចំកម្លាំង តាមគោលដៅដែលត្រូវអនុវត្តន៍ ដើម្បីចុះប្រមូលសំរាមឱ្យបានទាន់ពេលវេលា ក្នុងព្រះរាជពិធីបុណ្យអុំទូក។

លោកបន្ដថា ក្រុមហ៊ុនបានដាក់ចេញផែនការធ្វើយ៉ាងណាកុំឱ្យមានសំរាម កកស្ទះក្នុងព្រះរាជពិធីបុណ្យរយៈពេល៣ថ្ងៃនេះ ។ ការសម្អាតនេះធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា ធ្វើឱ្យទីក្រុងមានសោភណភាពស្អាតទៅតាមគោលការណ៍របស់សាលារាជធានី ជាពិសេសការងារប្រមូលសំរាម ដើម្បីឆ្លើយតបក្នុងព្រះរាជពិធីបុណ្យអុំទូក។

យ៉ាងណា​មិញ ក្រុមហ៊ុន​សំណូមពរផងដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ ​និង​អាជីវករ​ ក៏ដូចជា​អ្នកមកចូលទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ មេត្តាចូលរួមសហការក្នុងការវេចខ្ចប់ ទុកដាក់កាកសំណល់សំរាមឱ្យបានត្រឹមត្រូវទៅតាមការកំណត់ចៀសវាងធ្វើឱ្យបាត់បង់សោភណភាពក្នុងព្រះរាជពិធីបុណ្យនេះ។ ពីព្រោះថា ការបោសសម្អាតសំរាមបានល្អមិនមែនពឹងផ្អែកទៅលើតែក្រុមហ៊ុនស៊ីនទ្រី តែមួយនោះទេ គឺតម្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកយើងនេះប្រព្រឹត្តទៅបានរលូន និងល្អស្អាត ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាបានច្រើនកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ ក្រុមហ៊ុនស៊ីនទ្រីនឹងបម្រើការងារជាធម្មតាឡើងវិញ ហើយនៅថ្ងៃទី២៤ ក្រុមហ៊ុនស៊ីនទ្រីនឹងធ្វើយុទ្ធនាការមួយដើម្បីសម្អាតក្រោយពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកនេះ៕

ប្រភព៖ AKP  

អត្ថបទពេញនិយម