Klopp បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ Mourinho ត្រូវ​បាន​បណ្ដេញ​ចេញ​ ៣​ដង​ហើយ

  • 2018-12-18 12:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ជា​អ្នក​ចាត់ការ​មួយ​រូប​ដែល​បាន​ដឹកនាំ​ ៥​ក្លឹប​មក​ហើយ​ក្នុង​អាជីព​របស់​គាត់។ Mourinho ក៏​បាន​ឈ្នះ​ពាន​ជា​ច្រើន​ ហើយ​ក៏​ត្រូវ​បាន​បណ្ដេញ​ជា​ច្រើន​សារ​មក​ហើយ​ដែរ។ កត្តា​ដែល​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​ដេញ​ចេញ ក៏​មាន​ការ​រួម​ចំណែក​ពី​អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp ចំនួន ៣​ដង​ដែរ។

១. ការ​បណ្ដេញ​ចេញ​ពី Real Madrid ឆ្នាំ​២០១៣

ក្លឹប​ Dortmund ក្រោម​ការ​ដឹកនាំ​របស់​ Klopp បាន​យក​ឈ្នះ​ក្លឹប​ Real Madrid ក្រោម​ការ​ដឹកនាំ​របស់ Mourinho ក្នុង​ទឹក​ដី​អាល្លឺម៉ង់​ដោយ​លទ្ធផល ៤-១ នៅ​ជើង​ទី ១ ហើយ​ជើង​ទី ២ Real Madrid បក​បាន​តែ ២​គ្រាប់​វិញ​ទេ។ មួយ​ខែ​ក្រោយ​មក ដោយ​មិន​បាន​ឈ្នះ​ពាន​អ្វី​សោះ​ Perez បាន​ប្រកាស​ថា​ ក្លឹប​បាន​ចែក​ផ្លូវ​ជាមួយ Mourinho។

២. ការ​បណ្ដេញ​ចេញ​ពី Chelsea ឆ្នាំ ២០១៥

ក្នុង​ប្រកួត​ដំបូង​របស់​ Klopp នៅ​ Liverpool លោក​បាន​ដឹកនាំ​ក្លឹប​យក​ឈ្នះ​ក្លឹប​ Chelsea របស់​ Mourinho ក្នុង​លទ្ធផល ៣-១ ដែល​ធ្វើ​ឲ្យ Chelsea មាន​តែ ១១​ពិន្ទុ​ ក្នុង ១១​ប្រកួត​។ កន្លង​បាន​តែ​ប៉ុន្មាន​អាទិត្យ Chelsea នៅ​តែ​បន្ត​បរាជ័យ​ទៀត ក៏​ធ្វើ​ឲ្យ Mourinho ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៥។

៣. ការ​បណ្ដេញ​ចេញ​ពី Manchester United ឆ្នាំ ២០១៨

ក្លឹប​ Manchester United មាន​ទម្រង់​មិន​សូវ​ល្អ​ចាប់​តាំង​ពី​បើក​រដូវ​កាល​ ២០១៨/១៩​មក។ Mourinho បាន​ជួយ​ដឹក​នាំ​ក្លឹប​ឲ្យ​ចូល​វគ្គ ១៦​ក្រុម​ក្នុង​ UCL មែន​ តែ​ក្នុង​ Premier League វិញ Man Utd ហាក់​ឃ្លាត​ឆ្ងាយ​ពី Top 4។ លុះ​ដល់​ប្រកួត​ប៉ះ​ Liverpool នៅ​ថ្ងៃ​អាទិត្យ​នេះ កូន​ក្រុម​របស់​ Mourinho បាន​ចាញ់​ក្នុង​លទ្ធផល ៣-១។ កន្លង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ Manchester United ប្រកាស​ចែក​ផ្លូវ​ជាមួយ​អ្នក​ចាត់ការ​ព័រទុយហ្គាល់​រូប​នេះ៕

ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ ហ៊ីម រស្មី