ទើបចេញសម្តែងបានមួយខេត្ត ផលិតករ​ធ្លោយ​ប្រាប់​ពី​ការ​លំបាក​តែ ឱក សុគន្ធ​កញ្ញា ថាសប្បាយខ្លាំង

  • 2018-12-19 12:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​តន្ត្រី​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ ២០១៨ -២០១៩​ របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​អង្រួន​បងប្អូន​នៅ​តាម​ខេត្ត​ហើយ ពិសេស​សម្រាប់​លើក​នេះ​ការ​ប្រគំ​តន្ត្រី​នឹង​ផ្ដោត​តែ​លើ​ចង្វាក់​រ៉ក់​ប៉ុណ្ណោះ ដើម្បី​ប្លែកពីសព្វដង និង​អាច​ធ្វើ​ឲ្យ​បង​ប្អូន​ដែល​ចូល​រួម​បាន​រាំ​លេង​កម្សាន្ត​ឲ្យ​ប្លែក​អារម្មណ៍​ម្តង ដូច្នេះហើយ​ទើបត្រូវ​បាន​គេ​ឈ្មោះថា« Rock The Nation»។

បន្ទាប់​ពី​បញ្ចប់​ការ​សម្ដែង​កាល​ពី​សប្តាហ៍​កន្លងទៅ តារា​ចម្រៀង​ល្បី​ឈ្មោះ ក​ញ្ញា ឱក សុគន្ធ​កញ្ញា បាន​បង្ហើប​ឲ្យ​ដឹង​ថា ច្រៀង​បទ​បែប​រ៉ក់ ត្រូវ​ញាក់​ផង​ ច្រៀង​ផង ដូច្នេះ​ហត់​បន្តិច តែ​ក៏​សប្បាយ​ខ្លាំង​ណាស់​ដែរ ពិសេស​ពេល​ឃើញ​មាន​បង​ប្អូន​ចូល​រួម​គាំទ្រ​ច្រើន​អីចឹង ទោះ​ច្រៀង​រាំ​ម៉េច​ក៏​ដោយ​ក៏​មិន​ចេះ​អស់​កម្លាំង​ដែរ។

«ការ​ប្រគំ​តន្ត្រី Rock the Nation ​ជា​កម្មវិធី​ប្លែក​ជាង​ការ​ប្រគំ​តន្ត្រី​ណា​ៗទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​រៀប​ចំ​កន្លង​មក ដោយ​សារ​តែ​ការ​ច្រៀង និង​សម្តែង​ទាំងអស់​តម្រូវ​ឲ្យ​ទៅ​ជា​ចង្វាក់​បែប រ៉ក តាំង​ពី​ដើម​ដល់​ទី​បញ្ចប់​តែ​ម្តង»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក អ៊ឹង សុខលី ​ផលិតករ​កម្មវិធី​ប្រគំ​តន្ត្រី Rock the Nation ។

លោក​បន្ត​ទៀត​ថា៖ «ការ​លំបាក​ក្នុង​ការ​រៀប​ចំ​កម្មវិធី​នេះ​គឺ រាល់​បទ​ចម្រៀង​ទាំង​អស់​ដែល​ត្រូវ​យក​មក​ច្រៀង​ទាមទារ​នូវ​ការ​កែ​ទំនុក​ភ្លេង​ទៅ​ជា​ចង្វាក់​ទាំង​អស់ ហើយ​តារា​ចម្រៀង​នី​មួយ​ៗត្រូវ​ហាត់​សម​ច្រើន​ជាង​បទ​ចម្រៀង​ផ៉ប​ធម្មតា​ សូម្បី​តែ​សម្លៀក​បំពាក់​ក៏​តម្រូវ​ឲ្យ​ត្រូវ​ទៅ​តាម​បទ​ចម្រៀង​រ៉ក​ដែរ​»។

តែ​លោក​ក៏​បាន​បញ្ជាក់​ដែល​ថា រាល់​ការ​លំបាក​ខាង​លើ​មិន​បាន​រាំង​ស្ទះ​ដល់​ភាព​ជោគជ័យ​នៃ​កម្មវិធី​នេះ​ឡើយ ត្បិត​តារា​ចម្រៀង​នីមួយ​ៗប្រឹង​ប្រែង​សហការ​គ្នា​សម្ដែង​បាន​យ៉ាង​ល្អ​បំផុត​កាល​ពី​សប្តាហ៍​មុន​នៅ​ខេត្ត​កំពង់ស្ពឺ ធ្វើ​ឲ្យ​ឆាក​តន្រី្ត​ទាំង​មូល​ពោរ​ពេញ​ដោយ​​ភាព​សប្បាយ​រីករាយ និង កន្ត្រាក់​អារម្មណ៍។

បន្ទាប់! នា​ចុង​សប្តាហ៍​ថ្ងៃទី ២២-២៣ ធ្នូ ឆាប់ៗ ​នេះ « Rock The Nation » នឹង​ទៅ​ក្រុងព្រះសីហនុ នឹង​កាន់​​ ហើយ​កាន់​តែ​សប្បាយ​រីករាយ​ខ្លាំង​ឡើង សូមកុំ​ភ្លេច​តាមដាន និង​ចូលរួម​ឲ្យ​ច្រើន​កុះករ៕

អត្ថបទ​៖ ដេត​ លីដា

អត្ថបទពេញនិយម