វីតាមីន A ជួយភ្នែកល្អមែន តែបើញ៉ាំច្រើនពេក ដឹងតែគ្រាំខ្លួនពេលចាស់ទៅ

  • 2018-12-20 08:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​​ៗ​ក៏​ធំ​ឡើង​ដោយ​ឮ​ពាក្យ​ថា គួរ​ញ៉ាំ​អាហារ​​វីតាមីន A ឲ្យ​បាន​ច្រើន ព្រោះ​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដល់​ទ្រទ្រង់​រាងកាយ​​ឲ្យ​រឹង​មាំ ភ្នែក ពិសេស​ធ្វើ​មាន​សុខភាព​ល្អ ជៀសវាង​​ពី​ជំងឺ​នានា តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ឡើយ​ថា ការ​ញ៉ាំ​វីតាមីន​ប្រភេទ​នេះ​ច្រើន​ហួស​កម្រិត អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធំៗ​បាន​ ពិសេស​សម្រាប់​មនុស្ស​ចាស់ និង​​ស្រ្តី​មាន​ផ្ទៃ​ពោះ។

ពិត​ណាស់ ជាតិ​វីតាមីន​ A មិន​ពិបាក​រក​ឡើយ​ ព្រោះ​មាន​ស្រាប់​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ដូចជា ស៊ុត ឈីស ខ្លាញ់​ត្រី ទឹក​ដោះ​គោ យ៉ាអួរ ថ្លើម​សត្វ បន្លែ​ស្លឹក​​ពណ៌​​បៃតង ការ៉ុត ដំឡូង​ ម្ទេសប្លោក និង​ផ្លែ​ឈើ​ពណ៌​លឿង ដូចជា​ស្វាយ និង​ល្ហុង ជា​ដើម។ ការ​ទាញ​យក​វីតាមីន​ពី​ប្រភេទ​អាហារ​ពី​ធម្មជាតិ​ទាំង​នេះ គឺ​ជា​ជម្រើស​ល្អ តែ​យ៉ាង​ណា អ្នក​ក៏​មិន​ត្រូវ​ទទួល​ទាន​ឲ្យ​ហួស​កំណត់​​ពេក​ដែរ ពិសេស​បើ​អ្នក​ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ។

អ្នក​ជំនាញ​បាន​ណែនាំ​ថា មនុស្ស​ពេញ​វ័យ​ចន្លោះ​ពី​ ១៩ ទៅ ៦៤ ឆ្នាំ ​គួរ​តែ​ទទួល​យក​កម្រិត​ជាតិ​វីតាមីន A​ ប្រចាំ​ថ្ងៃ​ក្នុង​បរិមាណ​ ០,៧ មីលីក្រាម សម្រាប់​បុរស និង ០,៦ មីលីក្រាម សម្រាប់​ស្រ្តី ឬ​មិន​លើស​ពី ១,៥ មីលីក្រាម​ឡើយ។

ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន ការ​ស្រូប​យក​វីតាមីន A ចំណុះ ១,៥ មីលីក្រាម​ក្នុង​មួយថ្ងៃ រយៈ​ពេល​ច្រើន​ឆ្នាំ​ជាប់​គ្នា វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ឆ្អឹង ហើយ​ធ្វើ​ឲ្យ​​​ឆ្អឹង​ប្រឈម​នឹង​​សភាព​ផុយ​ស្រួយ និង​​​ងាយ​បាក់​​ពេល​ចាស់​ទៅ។ ហានិភ័យ​នេះ កើត​មាន​ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់​ និង​ស្រ្តី ដែល​មាន​ឆ្អឹង​ពុក​ស្រាប់ ឬ​​អ្នក​មាន​បញ្ហា​ឆ្អឹង​មិន​រឹង​មាំ​ជា​ដើម។ លើស​ពី​នេះ វា​ក៏​ផ្ដល់​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​​ដល់​ទារក​ដែល​មិន​ទាន់​កើត​ដែរ ព្រោះ​ឆ្អឹង​ពួក​គេ​​នៅ​ទន់ និង​ខ្ចី​នៅ​ឡើយ ដូច្នេះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​​មែន​ទែន​ ក្នុង​ការ​ប៉ូវ​វីតាមីន​អំឡុង​ពេល​រក្សា​គភ៌។

ជាក់​ស្ដែង ថ្លើម​សត្វ គឺ​អាហារ​​ដែល​គេ​ល្បី​ថា​សម្បូរ​ជាតិ​វីតាមីន A តែ​បើ​អ្នក​ញ៉ាំ​វា​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​​សប្ដាហ៍ ជាតិ​វីតាមីន A ក្នុង​ខ្លួន​របស់​អ្នក​អាច​នឹង​លើស​កម្រិត។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា កុំ​ញ៉ាំ​គ្រឿង​ដែល​សម្បូរ​វីតាមីន​ A ផ្សេង​ទៀត​ដូចជា ​​​ត្រី​ដែល​សម្បូរ​ខ្លាញ់ ក្នុង​ពេល​ដំណាល​នេះ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម