ពេលចង់យកប្ដី ស្រីៗត្រូវលះបង់ចរិត៦យ៉ាងនេះភ្លាម បើមិនចង់ការហើយឈ្លោះគ្នាបែកផ្ទះ

  • 2019-01-08 09:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ក្រោយ​រៀបការ​ហើយ មាន​សុភមង្គល ឬ​គ្មាន​សុភមង្គល ក៏​ជាចំណែក​មួយ​ផ្ដើម​ចេញ​ពី​ភរិយា​ដែរ។ ដូច្នេះ​នារីៗ​គ្រប់រូប ត្រូវ​មើល​ទៅ​ខ្លួន​ឯង​ ៦​យ៉ាង​ដូច​ខាង​ក្រោម​នេះ​សិន មុន​សម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន។ បើ​ឃើញ​ខ្លួន​ឯង នៅ​មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ សូម​ពិចារណា​ឲ្យ​ច្បាស់​សិន​កុំ​ទាន់​ប្រញាប់​ពេក។ ​

១. ការងារ​ផ្ទះ​នៅ​ស្ទើរ​ទាំង​អស់​តែ​មិន​ព្រម​ដាក់​ដៃ​ធ្វើ

នារីៗ​គ្រប់​រូប​កុំ​គិត​ថា ចំណុច​នេះ​តូច​តាច​ឲ្យ​សោះ ត្រូវ​ដឹង​ថា​គ្រួសារ​ខាង​ប្រុស​មុន​គេ​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស គេ​មើល​លើ​ចំណុច​នេះ​ដែរ ថា​រឿង​ចង្ក្រាន​ចាន​ឆ្នាំង​ចេះ​ដែរ​ឬទេ? ការ​ចេះ​ទុក​ដាក់​ផ្ទះ​សម្បែង ចេះ​ចម្អិន​ម្ហូប ក៏​ជា​ផ្នែក​មួយ​បង្ហាញ​ពី​លក្ខណៈ​ជា​ស្ត្រីដ៏​ប្រពៃ។ ក្រោយ​រៀបការ​ហើយ​ស្ត្រី​មាន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​កសាង​គ្រួសារ​ឲ្យ​មាន​សុភមង្គល តាម​រយៈការ​ចេះ​ធ្វើ​ការ​ចេះ​គ្រប់គ្រង​ផ្ទះ​សម្បែង ការ​ចម្អិន​ម្ហូប និង​កិច្ចការ​ទាំង​ឡាយ​ផ្សេងទៀត។

រូបតំណាង

**២. ចរិត​រញ៉ាំរញ៉ូវ​ច្រើន**

នៅ​ត្រង់​ចំណុច​នេះ​សំដៅ​ទៅ​ដល់​ភាព​ចាស់ទុំ ភាព​នឹងន មិន​មែន​ដូច​កាល​នៅ​ក្មេង​ចង់​បាន​អ្វី​មិន​បាន​ដូច​ចិត្ត​ស្រែក​ទ្រហោ​យំ​នោះ​ទេ។ បើ​មិន​ទាន់​លះបង់​ចរិត​នេះ​បាន​ទេ ក្រោយ​រៀបការ​ហើយ​ប្រាកដ​ជា​មានជម្លោះ​ជាមួយ​ស្វាមី​ដោយសារ​ចរិត​ដូច​កូន​ក្មេង​នេះ​ហើយ។ ភាព​អត់ធ្មត់ ភាព​ចាស់​ទុំ គឺ​សំខាន់​ណាស់​ក្នុង​នាម​ជា​ភរិយា​ដ៏​ល្អ​ម្នាក់ ព្រោះ​បើ​យក​ស្វាមី​គឺ​ត្រូវ​ប្រឈម​បញ្ហា​ជាច្រើន ខ្លាំង​ជាង​កាល​ពី​នៅ​លីវ​ទៅ​ទៀត។

៣. ការ​សម្រេច​ចិត្ត​ឆៅៗ

ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​តាម​ចិត្ត យល់​តែ​ចិត្ត​ខ្លួន​ឯង ពេល​ខ្លះ​សូម្បី​ឪពុក​ម្ដាយ​ឃាត់​ក៏​មិន​ចង់​ស្ដាប់​ផង។ ការ​ពិចារណា​បាន​វែង​ឆ្ងាយ គិត​ឲ្យ​បាន​ស៊ី​ជម្រៅ​ គឺ​សំខាន់​ណាស់ មិន​មែននឹក​ឃើញ​ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​ព្រូស​ៗ​នោះ​ទេ។ ជីវិត​ប្ដី​ប្រពន្ធ មុន​ធ្វើ​អ្វី​មួយ​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​ការ​សម្រេច​ចិត្ត​រួម​ទាំង​អស់ ដូចនេះ​ហើយ​នារីៗ​បើ​នៅ​មាន​ចំណុច​រឹង​មានៈ​នេះ​នៅ​ឡើយ គួរ​តែ​កែប្រែ​សិនទៅ​ មុន​នឹង​យក​ស្វាមី។ ​

រូបតំណាង

៤. ចាយ​លុយ​បង្ហូរ​មិន​ទាន់​ចេះ​វិធី​សន្សំ

ចរិត​ពី​កំណើត​អាច​ថា​ពិបាក​ផ្លាស់​ប្ដូរ​បន្តិច តែ​បើ​ជា​ទម្លាប់​អាច​កែប្រែ​បាន​ឲ្យ​តែ​តាំង​ចិត្ត។ មិន​ខុស​អី​ពី​ទម្លាប់​ទុកដាក់​លុយ​កាក់​គឺ​សំខាន់​ណាស់ នារីៗ​មាន​តួនាទី​សំខាន់​មួយ​ទៀត​ក្រោយ​រៀបការ​ហើយ គឺ​ការ​គ្រប់គ្រង​លុយ​ដែល​រក​បាន។ ដូច្នេះ​ត្រូវ​ចេះ​ចាយ​តាម​ក្បួន​ខ្នាត ចាយ​ទៅ​លើ​តម្រូវ​ការ​ណា​សំខាន់​ចាំបាច់ មិន​មែន​ចាយ​តាម​អារម្មណ៍​នោះ​ទេ បើ​មិន​ដូច្នោះ​ទេ​ ទោះ​រក​លុយ​បាន​ប៉ុណ្ណា​ក៏​មិន​សល់​ឡើយ។

៥. មិន​ទាន់​ចេះ​ដោះស្រាយ​បញ្ហា នៅ​ពឹង​ឪពុក​ម្ដាយ​នៅ​ឡើយ

គ្រប់​បញ្ហា​ទាំង​អស់ មិន​ថា​តូច ឬ​ធំ នៅ​មិន​ទាន់​ចេះ​រក​វិធីដោះ​ស្រាយ​នៅ​ឡើយ នៅ​មិន​ទាន់​ហ៊ាន​ប្រឈម​បញ្ហា មិន​ហ៊ាន​ឆ្លង​កាត់ មាន​ន័យ​ថា​បទពិសោធន៍​នៅ​ខ្ចី​ណាស់។ ត្រូវ​ចេះ​ក្រោក​ឈរ រក​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង ហ៊ាន​ប្រឈម ហ៊ាន​ឆ្លង​កាត់ ទើប​ក្លាយ​ជា​មនុស្ស​ដ៏​រឹងមាំ។ ពេល​នៅ​លីវ​មាន​បញ្ហា​គឺ​មាន​ឪពុក​ម្ដាយ​នៅ​ក្បែរ​ជានិច្ច តែ​ពេល​រៀបការ​រួច​មិន​មែន​នៅ​តែ​រត់​រក​លោក​ទាំង​ពីរ​ទៀតទេ។ ដូច្នេះ​ចំណុច​នេះ ក៏​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​លាស់​ដែរ។

រូបតំណាង

៦. មិន​ទាន់​តៀម​ខ្លួន​ធ្វើ​ជា​ប្រពន្ធ​ធ្វើ​ជា​ម្ដាយ

ចំណុច​នេះ​សំខាន់​បំផុត​សម្រាប់​ស្ត្រី​គ្រប់​រូប ក្នុង​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើ​ជា​ប្រពន្ធ ជា​ម្ដាយ​ដ៏​ល្អ​ម្នាក់ និង​ហែល​ឆ្លង​ការ​លំបាក​ធំៗ​ទៅ​ថ្ងៃ​មុខ​ដែល​ត្រូវ​ប្រឈម​ទៀត។ ដូច្នេះ​បើ​នៅ​មាន​ភាព​ជា​យុវវ័យ ចូលចិត្ត​ឯករាជ្យ​ភាព នៅ​ចង់​សប្បាយ មិន​ទាន់​ចង់​ក្លាយ​ជា​ម្ដាយ​គេ ប្រពន្ធ​គេ មិន​គួរ​ទាន់​ប្រញាប់​រៀបការ​ឡើយ។ ត្រូវ​ដឹង​ថា ជីវិត​ក្រោយ​រៀបការ​ហើយ​ខុស​ពី​ជីវិត​នៅ​លីវ​ដូច​មេឃ និង​ដី ការ​ត្រៀម​ខ្លួន​ ដើម្បី​ទទួល​នរណា​ម្នាក់​មក​រួម​ដំណើរ​ជីវិត សំខាន់​ណាស់​ បែប​នេះ​ហើយ​តោង​ត្រិះរិះ​ឲ្យ​បាន​វែង​ឆ្ងាយ៕

អត្ថបទ៖ វឌ្ឍនៈ