​នេះ​វីដេអូ Nokia 9 កាមេរ៉ា​ភ្នែក​ម្នាស់ ថត​ច្បាស់​ឡើង​ឃើញ​រន្ធ​រោម

  • 2019-01-16 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ប៉ុន្មាន​ខែ​មុន ដំណឹង​ពី Nokia 9 Pureview បំពាក់​​កាមេរ៉ា​ដល់​ទៅ ៥ ​គ្រាប់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​មិន​ស្ទើរ។ ថ្មីៗ​នេះ ​មាន​ការ​បែក​ធ្លាយ​វីដេអូ​មួយ​បង្ហាញ​ថា Nokia មិន​លេង​សើច​ទេ ពិត​ជា​កំពុង​ត្រៀម​បញ្ចេញ​ស្មាតហ្វូន​ភ្នែក​ម្នាស់​នេះ​ប្រាកដ​ណាស់។

​តាម​រយៈ​វីដេអូ​នោះ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថភាព​ខ្លាំង​ជា​ច្រើន​ដែល Nokia នឹង​យក​មក​ដាក់​លើ Nokia 9 Pureview ដូច​ជា កាមេរ៉ា​ក្រោយ​ប្រើប្រាស់​ឡេន Zeiss ដែល​ធ្វើការ​រួម​គ្នា​ជាមួយ Google Lens បង្កប់ មុខងារAI ធ្វើ​ឲ្យ​រូប​មួយ​សន្លឹក​ចេញ​ពី Nokia 9 អ្នក​អាច​កំណត់​យក​កម្រិត​ច្បាស់​នៃ​កន្លែង​ណាមួយ​លើ​របស់​ដែល​អ្នក​ចង់​ថត និង​ជួយ​បន្ថែម​កម្រិត​ព្រាល​ខាង​ក្រោយ​បាន​តាម​ចិត្ត​បាន​ភ្លាមៗ។ ជាង​នេះ​ទៀត អ្នក​អាច​ពង្រីក​បាន​ដល់ ១០ ដង និង​មាន​មុខងារ HDR សម្រាប់​ការ​ថត​បែប lanscape។

រូបភាពគំរូចេញពីឡេន Zeiss ដែលសហការ

​Nokia 9 Pureview ​អាច​នឹង​ដាក់​អេក្រង់​កោង​លាត​ពេញ​មួយ​តួ​ខ្លួន​មាន​ទំហំ ៦ អ៊ិញ​អាច​បង្ហាញ​រូបភាព​បាន​កម្រិត 2K HDR10 មាន​បច្ចេកវិទ្យា​ស្កេន​ដៃ​លើ​អេក្រង់ ​ដំណើរការ​ដោយ Android One ឬ( Android 9.0 Pie) ស្តុក​ដើម​ពី Google ​ផ្ទាល់។ ផល​ចំណេញ​ដែល OS ស្តុក​ដើម​នេះ​គឺ ធ្វើ​ឲ្យ​គ្រប់​ទូរសព្ទ Nokia ​ទាំង​អស់​រួម​ទាំង Nokia 9 នេះ​ដែរ ​មិន​រអាក់​រអួល ស្រួល​ប្រើ រហ័ស និង​ឆ្លាត​វៃ​ទៀត​ផង។

​ឯ​ទំហំ​ផ្ទុក​រូបភាព ​អាច​យក​ទៅ​ដាក់​លើ Google Photo មិន​កំណត់(Unlimited)។ វា​នឹង​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ល្បឿន​លឿន Qi wireless Charging។

​ទោះ​ជា​មិន​ទាន់​ប្រកាស​ផ្លូវការ​ពី Nokia តែ​ស្មាតហ្វូន​នេះ​រំពឹង​ថា​នឹង​បំពាក់​ឈីប​ Snapdragon 845 មាន​ជម្រើសRAM ៦GB/៨ GB មេម៉ូរី ១២៨GB និង​អាច​មាន​តម្លៃ​ថ្លៃ​ក្បែរ​ខ្ទង់​ពាន់​ដុល្លារ៕

ទស្សនាវីដេអូខាងក្រោម៖

អានបន្ត៖

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ រក្សា