មិន​សាក​តិច​ថា​ស្ដាយ ក្បួន​ថត​មេឃ​ពេល​រៀបយប់ ​ឲ្យ​ចេញ​​ពណ៌​ខៀវ

  • 2019-01-22 06:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​អាន​ចំណងជើង អ្នក​ប្រាកដ​ជា​ឆ្ងល់ ម៉េច​ក៏​យប់ ចេញ​ពណ៌​ខៀវ​វិញ? សម្រាប់​អ្នក​ធ្លាប់​ថត​រូប អាច​នឹង​ទាយ​ដឹង​ខ្លះៗ​ហើយ​ថា ​ចំណងជើង​នេះ​ចង់​និយាយ​ពី​អ្វី។ សង្ខេប​មក​គឺ​ថ្ងៃ​នេះ ក្រុម​ការងារ​នឹង​បង្ហាញ​វិធីសាស្ត្រ ៥ ក្នុង​ការ​ថត​រូប​តាម​ទូរសព្ទ​បែប landscape ចន្លោះ​ពេល​ថ្ងៃ​រៀប​លិច និង​ពេល​ព្រះអាទិត្យ​លិច​បាត់ ដែល​ភាសា​បច្ចេកទេស​គេ​ឲ្យ​ឈ្មោះ​ថា Blue hour photography។

១) តើ​មេឃ​ពណ៌​ខៀវ​នៅ​ពេល​ណា​ខ្លះ?

មេឃ​ពណ៌​ខៀវ ជា​ទូទៅ​កើត​ឡើង ២ ដង​ក្នុង​មួយ​ថ្ងៃ​គឺ មុន​ពេល​ថ្ងៃ​រះ​ឡើង និង​ក្រោយ​ពេល​ថ្ងៃ​រៀប​លិច។ ចំណុច​នេះ​ចង់​សំដៅ​ដល់​របៀប​កំណត់​នាទី ឬ​រយៈ​ពេល​ដែល​ផ្ទៃ​មេឃ​បាន​ប្រែប្រួល បង្កើត​ជា​ពណ៌​ខៀវ​នៅ​ចន្លោះ​នាទី ទី​២០ ដល់ ៤០។ ឧទាហរណ៍​ងាយៗ៖ មុន​ពេល​ថ្ងៃ​រះ​ឡើង​ម៉ោង ៥:២០ នាទី ដល់ ៥:៤០ នាទី​ព្រឹក ឬ​ក្រោយ​ពេល​ថ្ងៃ​លិច​បាត់​នៅ​ចន្លោះ​នាទី​នោះ អ្នក​នឹង​ឃើញ​មេឃ​ពណ៌​ខៀវ ​ជា​មិន​ខាន។

២) ត្រៀម​ឧបករណ៍​ និង​ទីតាំង​ត្រូវ​ថត

ក្រោយ​ពេល​អ្នក​ដឹង​ពី​ចន្លោះ​ម៉ោង​ដែល​មេឃ​ពណ៌​ខៀវ​ហើយ អ្នក​ត្រូវ​ត្រៀម​ឧបករណ៍​ដូច​ជា ទូរសព្ទ និង​ជើង Tripod មួយ។ ជាពិសេស​គឺ ត្រូវ​រក​ទីតាំង​ណា​ទូលាយ​ល្អ ដូច​ជា ពី​លើ​អគារ​ខ្ពស់ លើ​ឆ្នេរ​សមុទ្រ ​លើ​ស្ពាន ​លើ​វាល​ខ្សាច់ ឬ​វាល​ស្រែ​ជាដើម ហើយ​បើក​កាមេរ៉ា​ចោល រួច​កំណត់​វា​នៅ​នឹង​ល្អ​មិន​ឲ្យ​ទូរសព្ទ​រង្គើ។

៣) កំណត់​ម៉ោង​ឲ្យ​ទូរសព្ទ​វា​ថត​ខ្លួន​ឯង

បន្ទាប់​មក​កំណត់​មុខងារ​ខ្លះៗ​ដូច​ជា ISO និង White Balance។ បើ​អ្នក​ប្រើ iPhone គ្រាន់​តែ​បើក​ពន្លឹ​ហើយ​ចុច​ថត​ក៏​បាន។ ម្យ៉ាងទៀត អ្នក​ក៏​​គួរ​កំណត់​​ម៉ោង​ឲ្យ​ទូរសព្ទ​វា​ថត​ខ្លួន​ឯង​ចំនួន ១ ឬ​២ វិនាទី ឬ​ក៏​ប្រើ​ឧបករណ៍ remote ពី​ចម្ងាយ​ក៏​បាន ដើម្បី​កុំ​ឲ្យ​រូប​ខូច​ទ្រង់​ទ្រាយ។

៤) ​ថត​ឲ្យ​ជាប់​ភ្លើង​អំពូល​ផង

ការ​ថត​រូប​បែប Blue hour នេះ បើ​អ្នក​រើស​ទីតាំង​នៅ​ក្បែរ​ភ្លើង​អំពូល ឬ​ថត​យក​ទិដ្ឋភាព​ទីក្រុង​មាន​ភ្លើង​ព្រេចៗ នោះ​រូប​អ្នក​នឹង​កាន់​តែ​ស្អាត​ទាក់​ភ្នែក ម្យ៉ាង រូប​បែប​នេះ ត្រូវ​ការ​ពន្លឺ​ជា​ចាំបាច់​ទាំង​ភ្លើង​ពណ៌​ក្រហម និង​ខៀវ​បញ្ចូល​គ្នា។

៥) កុំ​ភ្លេច​ថត​យក File RAW

File RAW ពន្យល់​ឲ្យ​ងាយ​ទៅ​គឺ រូប​ឆៅ អាច​យក​កែ​បាន​។ ទូរសព្ទ​មួយ​ចំនួន​អាច​ថតចឹង​​បានហើយ ដូច​នេះ​អ្នក​គួរ​តែ​សាកល្បង។ បើ​អ្នក​រើស​យក​រូប png ឬ​អ្វី​ផ្សេង​ក៏​បាន គ្រាន់​តែ​ពិបាក​ពេល​អ្នក​ចង់​កែ​ថែម​ឲ្យ​រូប​កាន់​តែ​ស្រស់​ស្អាត​។ តោះ! ចាំ​កាល​ទៀត ​សាកល្បង​តិច​មើល ថត​បាន​អត់? បើ​ចូល​ចិត្ត កុំ​ភ្លេច​ចែក​រំលែក​ទៅ​មិត្តភក្តិ​បាន​ដឹង​ផង៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី