ពូកែដើរព្រៃ រហូតក្លាយជាយុវតីឆ្នើម​តំណាងអ្នកអភិរក្សសម្បត្ដិធម្មជាតិនៅកម្ពុជា

  • 2019-01-24 11:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​កម្ពុជា​មួយ​រូប​ កញ្ញា អាំង សិរី​រតន៍ ត្រូវ​បាន​ជ្រើសរើស​ជា​បុគ្គល​ឆ្នើម​ក្នុង​ការ​រួម​ចំណែក​អភិរក្ស​ទន្លេ​មេគង្គ​ ដោយ​គម្រោង​អច្ឆរិយភាព​ទន្លេ​មេគង្គ។  ភាព​អង់អាច​របស់​នាង​កើត​ចេញ​ពី​ចំណង់ចំណូលចិត្តការ​ដើរ​ព្រៃ​ ការ​ជិះ​ទូក​ ការ​ជួប​សហគមន៍​ ការ​ជួប​រៀន​ពី​​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ និង​ជួប​ជាមួយ​សកម្ម​ជន​បរិស្ថាន ​ជា​សហ​ស្ថាបនិក​ក្រុម​មួយ​ឈ្មោះថា "​ដើរ​ព្រៃ" រហូត​​ក្លាយ​ខ្លួន​​ជា​អ្នក​អភិរក្ស។​

កញ្ញា អាំង សិរី​រតន៍

ចង់​ដឹង​ថា តើ​អ្វី​ខ្លះ​ដែល​ជម្រុញ​ទឹក​ចិត្ត​របស់​យុវតី​រូបនេះ រហូត​ដល់​មាន​ស្នាដៃ ​និង​ជា​បុគ្គល​ឆ្នើម​ម្នាក់​​ សូម​តាម​ដាន​លម្អិត​ដកស្រង់ពី [Mekong Fish Network](https://www.mekongfishnetwork.org/mekong-conservation-heroes/aing-sereyrath/?fbclid=IwAR39SD16A2kOESNBQ4YcL3rvlsPC57I7FPy_B3O1wjp2sEIUwuvE2FUQ2CE) ខាង​ក្រោម​នេះ​៖ ​​​​

អ្វី​ដែល​ខ្ញុំ​ចងចាំ​ជាង​គេ​ ហើយ​​ធ្វើ​ឲ្យ​ខ្ញុំ​​សម្រេច​ចិត្ដ​ ដាក់​តាំង​ខ្លួន​ប្រាណ​ មក​ធ្វើការ​ងារ​អភិរក្ស​នោះ​ គឺ​ដំណើរ​ទស្សនកិច្ច​សិក្សា​ពី​ព្រៃ​ឈើ​ និង​ជីវចំរុះ​នៅ​ខេត្ដមណ្ឌលគីរី​ ដែល​ដឹក​នាំ​ដោយ​ក្រុម​ប្រឹក្សា​យុវជន​របស់​​ឯកអគ្គ​រាជ​ទូត​សហរដ្ឋ​អាមេរិក។ ការ​សិក្សា​ស្វែង​យល់​ពី​បញ្ហា​ និង​ការ​ប្រឈម​ដែល​សហគមន៍​កំពុង​តែ​ជួប​ប្រទះ​ ព្រម​ទាំង​ជួប​មន្រ្ដី​ជំនាញ​ពី​អង្គការ​ដែល​ពាក់​ព័ន្ធ​លើ​​ការ​ងារអភិរក្ស​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ច្បាស់​ក្នុង​ចិត្ដ​ថា​ ខ្ញុំ​ត្រូវតែ​ការពារ​ អភិរក្ស​សម្បត្ដិ​ធម្មជាតិ​របស់​ខ្មែរ​យើង​។​​​​

ពេល​បច្ចុប្បន្ន​ខ្ញុំ​ជា​អ្នក​សម្រប​សម្រួល​គម្រោង​របស់​អេកូ​យុវទូត​ ដែល​ផ្ដោត​លើ​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​អំពី​បរិស្ថាន​ និង​ជីវចំ​រុះ​ទៅ​ដល់​យុវជន​។ ប្រធាន​បទ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​នោះ​គឺ អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​។​ នៅ​ក្នុង​គម្រោង​នេះ​ ខ្ញុំ​ទទួល​ខុស​ត្រូវ​លើក​ការ​ងារ​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ និង​ដំណើរ​ទស្សនកិច្ច​សិក្សា​តាម​ដង​ទន្លេ​មេគង្គ​ ព្រម​ទាំង​​ការ​ផ្សព្វ​ផ្សាយ​នៅ​តាម​កម្មវិធី​សាធារណៈ​ដែល​មាន​អ្នក​ទស្សនា​រាប់​ពាន់​អ្នក​ផង​ដែរ​។ បទ​ពិសោធន៍​ការ​ងារ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​​យល់​កាន់​តែ​ច្រើន​ពី​ទន្លេ​ ព្រម​ទាំង​​ទំនាក់​ទំនង​រវាង​​ទន្លេ​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​​ ហើយ​នេះ​ក៏បាន​ជួយ​ផ្ដល់​​​នូវ​ចំណេះ​ដឹង​ដ៏​ទូលំ​ទូលាយ​ដែល​អាចឲ្យ​ខ្ញុំ​​ចែក​រំលែក​ទៅ​កាន់​យុវជន​​ខ្មែរ​។

ខ្ញុំ​​ស្រលាញ់​ការ​ងារ ដែល​អប់​រំ​ផ្សព្វ​ផ្សាយ​យុវជន​ពី​គុណ​តម្លៃ​របស់​ធន​ធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ខ្លាំង​ណាស់​។ ជា​ពិសេស​ការងារ​រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​សិក្សា​សម្រាប់​​យុវជន​ ដើម្បី​បាន​ស្វែង​យល់​ ព្រម​ទាំង​​ទទួល​បាន​បទពិសោធន៍​ពី​ធម្មជាតិ​ និង​សហគមន៍។ ការ​ងារ​ទាំង​នេះ​ជា​ សេច​ក្ដី​សង្ឃឹម​​របស់​ខ្ញុំ​ចំពោះ​ធម្មជាតិ​ ពីព្រោះ​ខ្ញុំ​ជឿ​ថា​បើ​មាន​យុវជន​កាន់​ច្រើន​​ស្រលាញ់​ និង​យល់​ពី​ទំនាក់​ទំនង​រវាង​យើង​នឹង​ធម្មជាតិ​ នោះ​ពួក​គេ​នឹង​ខ្វល់​ខ្វាយ​ ហើយ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ ព្រម​ទាំង​រិះ​រក​នូវ​ដំណោះ​ស្រាយ​ផ្សេងៗ​ដើម្បី​បរិស្ថាន​ តាម​រយៈ​ភាព​ច្នៃ​ប្រឌិត​របស់​ពួក​គេ។ ​​

ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ដឹង​ពី​សារ​ប្រយោជន៍​នៃ​ទន្លេ​មេគង្គ​ ជីវចំរុះ​ ព្រៃ​ឈើ និង​ស្ថាន​ប្រព័ន្ធ​សំខាន់​ៗ​ផ្សេងៗ​ទៀត​របស់​ប្រទេស​កម្ពុជា​យើង​។ ខ្ញុំ​ក៏​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ជា​ច្រើន​អ្នក​ទៀត​បាន​ដឹង​ពី​កត្ដា​គំរាម​គំ​ហែង​ដែល​ធម្មជាតិ​ និង​មនុស្ស​ដែល​ពឹង​អាស្រ័យ​​លើ​​ធនធានធម្មជាតិ​កំពុង​ជួប​ប្រទះផង​ដែរ​ ហើយ​ភ្ញាក់ឡើង​ចូល​រួម​ដោះ​ស្រាយ​ទាំង​អស់​គ្នា​។ ​ខ្ញុំ​នឹង​រៀប​ចំ​កម្មវិធីផ្សព្វ​ផ្សាយ​​បន្ថែម​​ទៀត ដើម្បី​ឲ្យ​មាន​មនុស្ស​កាន់​ច្រើន​ចូល​រួម​ក្នុង​កិច្ច​ការពារ​សម្បត្ដិ​ធម្មជាតិ​របស់​យើង​។​​

ប្រភព៖ ដើរព្រៃ និង Mekong Fish Network

ប្រែសម្រួល៖​ ស៊ិន សាវ៉េត

អត្ថបទពេញនិយម