ចំណាំ​​ប៉ុន្មាន​ចំណុច​នេះ​ទុក​ចុះ ទូរសព្ទ​អ្នក​នឹង​ប្រែ​ជា​កាមេរ៉ា​តម្លៃ​រាប់​ពាន់

  • 2019-01-28 02:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​តាម​រយៈ​តិចនិក​ជាច្រើន​ដែល​អ្នក​បាន​ដឹង ​ក្រុម​ការងារ​ជឿ​ថា​អ្នក​អាច​យល់ និង​អាច​ថត​រូប​តាម​ទូរសព្ទ​បាន​ប្រសើរ​ហើយ។ ថ្ងៃ​នេះ Sabay នឹង​សង្ខេប​ចំណុច​ខ្លឹមៗ​ មុន​នឹង​អ្នក​ថត​បាន​រូប​មួយ​សន្លឹក ដែល​គេ​ទទួល​ស្គាល់​ជា​រូប​ចេញ​ពី​ទូរសព្ទ​ល្អ​ស្អាត​មិន​ចាញ់​កាមេរ៉ា DSLR តម្លៃ​រាប់​ពាន់​ដុល្លារ​នោះ អ្នក​អាច​ចំណាំ​ចំណុច​ទាំង​នេះ​ទុក។

១) រក​កន្លែង​ភ្លឺៗ មុន​នឹង​ចុច​ថត

២) កុំ​ប្រញាប់​​ថត​ពេក ត្រូវ​ចាំ​ឲ្យ​កាមេរ៉ា​ចាប់​យក​រូប​សិន

៣) បើក Grid គ្រប់​ពេល

នៅ​លើ​ទូរសព្ទ​អ្នក​និយម​ថត​រូប ច្បាស់​ជា​មិន​ចោល​ផ្ទាំង​ក្រឡាៗ ដែល​គេ​ហៅ​ថា Grid នោះ​ទេ។ វិធី​ប្រើ​គ្រាន់​តែ យក Subject របស់​អ្នក ដាក់​ឲ្យ​ចំ​កន្លែង​ដែល​បន្ទាប់​រត់​កាត់​គ្នា អាច​ខាង​ឆ្វេង​ក៏​បាន ឬ​ខាង​ស្ដាំ​ក៏​បាន​ទៅ​តាម​ទិដ្ឋភាព​ជាក់​ស្ដែង ឲ្យ​ត្រូវ​ទៅ​តាម​ក្បួន​ Rule of Third ។

៤) កាន់​ទូរសព្ទ​ផ្ដេក​ពេល​ថត

អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា រូប​បែប​ទេសភាព ដែល​យើង​ឃើញ​នឹង​ភ្នែក​មាន​ទម្រង់​ផ្ដេក​វែង ដូច​នេះ បើ​អ្នក​កាន់​ទូរសព្ទ ហើយ​ចង់​ថត​យក​រូប​បែប​នោះ ជំហាន​ដំបូង​គឺ បើក​កាមេរ៉ា​ទូរសព្ទ​រួច​ដាក់​ផ្ដេក ហើយ​ថត នោះ​អ្នក​នឹង​មើល​ឃើញ​ពី​ភាព​ទាក់​ទាញ​របស់​វា។

៥) ​ចេះ​ប្រើ Pro Mode

ទូរសព្ទ​ថ្លៃៗ​សព្វថ្ងៃ​មិន​តិច​ទេ ដែល​ដំឡើង​គុណភាព​កាមេរ៉ា ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ប្រើ​ឲ្យ​ងាក​មក​សាក​បទពិសោធន៍​ថត​រូប​តាម​ទូរសព្ទ​វិញ។ បែប​នេះ​ហើយ បើ​អ្នក​មិន​សាក​ធ្វើ​ម៉េច​ដឹង​ពី​គុណ​ភាព​របស់​វា។ ចំណុច​នេះ​ចង់​សំដៅ​ដល់​ទំនាក់​ទំនង ISO (ទាក់ទង​នឹង​កម្រិត​ពន្លឺ) White balance (កម្រិត​សីតុណ្ហភាព​ពន្លឺ) ឬ F-Stop ជា​ដើម។ ការ​ថត​រូប​ពេល​យប់ ត្រូវ​ការ​ពន្លឺ ដូច​នេះ​ហើយ អ្នក​គួរ​រៀន​វាស់​កម្រិត​ពន្លឺ ISO និង White balance ឲ្យ​ស៊ី​គ្នា ជា​រឿង​សំខាន់។ បើ​នៅ​លើ iPhoneគ្មាន Pro mode អ្នក​គ្រាន់​តែ​ដំឡើង​ពន្លឺ រួច​ចុច​ថត​ក៏​បាន។

៦) ចេះ​រើស​ប្លង់​ថត ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន

បន្ទាប់​ពី​ចេះ​ស្វែង​រក​កន្លែង​ល្អ​ហើយ អ្នក​ក៏​គួរ​ចេះ​រក Subject ឬ​របស់​ដែល​ចង់​ថត​ឲ្យ​ល្អ​បំផុត ដើម្បី​ឲ្យ​​រូប​របស់​អ្នក ពេល​អ្នក​ផ្សេង​ឃើញ​ហើយ​សប្បាយ​ចិត្ត​នឹង​មើល។ កុំ​ចេះ​តែ​ចុច ដោយ​មិន​បាន​បង្កើត​ប្លង់​ថត​ បើ​ចុច​យក​តែ​ព្រះអាទិត្យ​កំពុង​លិច ក៏វា​មិន​សូវ​ទាក់​ទាញ​ដែរ គួរ​តែ​មាន​ធាតុ​ផ្សំ​នៅ​ខាងក្រោម​ផង។ អ្នក​អាច​ឆ្លៀត​រក Frame ណា​មួយ​ពី​ធម្មជាតិ​ទាំង​នោះ មក​ព័ទ្ធ Subject ដែល​អ្នក​ចង់​ថត​ជំនួស​វិញ តែ​ត្រូវ​ចំណាំ មិន​គួរ​ដាក់ Subject ច្រើន​រញ៉េរញ៉ៃ​ពេក​ទេ អ្នក​គួរ​តែ​ថត​រូប​ដោយដាក់​ Subject មួយ​ច្បាស់ ឲ្យ​អ្នក​មើល​ឃើញ​ថា អ្នក​កំពុង​ថត​អី​ឲ្យ​ប្រាកដ។

៧) ចុច Focus តែ​កុំ Zoom អស់​ពេក

ថ្វី​ត្បិត Smartphone មាន​បច្ចេកវិទ្យា Focus ដោយ​ស្វ័យប្រវត្តិ​ក៏​ពិត​មែន តែ​ពេល​ខ្លះ​អ្វី​ដែល​ទូរសព្ទ Focus ឲ្យ​នោះ មិន​ដូច​អ្វី​ដែល​អ្នក​ចង់​បាន ឬ​មិនមែន​ជា​អ្វី​​ដែល​អ្នក​ចង់ Focus។ អ៊ីចឹង​ដើម្បី​ឲ្យ​ប្រាកដ​ថា រូប​របស់​អ្នក​ច្បាស់​ម៉ត់​ល្អ ត្រូវ​តែ​ចុច Focus ម្ដង​ទៀត មុន​នឹង​ចុច​ថត។

៨) ថត​រូប​ម្ដង ចុច​យក​ច្រើន​សន្លឹក

នេះ​ជា​ទម្លាប់​ល្អ​មួយ​ដែល អ្នក​ថត​រូប​ភាគ​ច្រើន​បាន​យក​ដាក់​ជាប់​ខ្លួន​តែ​ម្ដង។ ការ​ដែល​អ្នក​ចុច​យក​រូប​តែ​មួយ តែ​មាន​ច្រើន​រសជាតិ ច្រើន​សន្លឹក ពេល​អ្នក​ចង់​យក​មក​មើល គឺ​ប្លែក​ភ្នែក ហើយ​អាច​យក​ទៅ​ផុស​លើ​ហ្វេសប៊ុក​បាន។

៩) រៀន​ថតរូប យ៉ាង​តិច​មួយ​ថ្ងៃ ១ សន្លឹក

ស្ដាប់​ទៅ​ដូច​ធ្ងន់ធ្ងរ​ណាស់ មួយ​ថ្ងៃ​១ ត្រូវ​តែ​បាន ១ សន្លឹក។ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​ទឹក​ដៃ​ថត​រូប​តាម​ទូរសព្ទ​អ្នក​រីកចម្រើន ​គួរ​តែ​សាកល្បង​មើល។ ​អ្នក​អាច​ថត​ស្លឹកឈើ ដើមឈើ ជ្រុង​របង កែវ​ទឹក សត្វ​ចិញ្ចឹម​ឬ​ថត​របស់​នៅ​ជុំវិញ​ក៏​អ្នក។

១០) កុំ​ភ្លេច​ថត​រូប ឲ្យ​មាន​អត្ថន័យ​បង្កប់​ក្នុង​រូប

ចំណុច​នេះ សំដៅ​ដល់​រូប​ថត​ដែល​មាន​ជីវិត​។ ឧទាហរណ៍​ងាយៗ ដូច​ជា រូប​ព្រៃឈើ​បៃតង​ខ្ចី មាន​ទឹក​នៅ​ខាង​ក្រោម​ពណ៌​ខៀវ​ស្រងាត់ មាន​ភ្នំ​នៅ​ខាងក្រោយ ឬ​ភ្នំ​ព័ទ្ធ​សង​ខាង​ជាដើម។

១១) ទិញ​ឡេន​ជំនួយ​បន្ថែម ឬ​រៀន​ដាក់ Filter កុំ​ឲ្យ​រូប​ឆេះ

១២) ចេះ​ប្រើ​កម្មវិធី​កែ​រូបភាព

រូប​បែប​ទេសភាព ​បើ​អ្នក​ថត​បាន​ប្លង់​ស្អាត​ហើយ អ្នក​ក៏​គួរ​ចេះ​ប្រើ​កម្មវិធី​កែ​ផង។ ពាក្យ​ថា​កែ មិន​មែន ​ដាក់​ថែម​មេឃ ថែម​ដើមឈើ​ទេ ​គេ​គ្រាន់​តែ​ចាក់​ពណ៌ ឲ្យ​រូប​មាន​ជីវិត ឬ​ពណ៌​ដែល​បញ្ជាក់​ថា មេឃ​កំពុង​រៀប​លិច​បាត់​ពី​ផែន​ដី មាន​សណ្ឋាន​បែប​នេះ ឬ​បែប​នោះ។ ដូច​នេះ​ចំណុច​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​រូប​ចេញ​ពី​ទូរសព្ទ​អ្នក​ល្អ​ប្រសើរ មិន​ចាញ់​កាមេរ៉ា​ធំៗ អ្នក​ក៏​គួរ​ចេះ​កែ​តិច​តួច​ដែរ។ កម្មវិធី​ដែល​អ្នក​គួរ Install ដាក់​ទូរសព្ទ​សម្រាប់​កែ​មាន​ដូច​ជា កម្មវិធី Snapseed ឬ កម្មវិធី PicArt និង Adobe PhotoshopExpress ជាដើម។ បើ​ចូល​ចិត្ត កុំ​ភ្លេច​ចែក​រំលែក​ទៅ​មិត្ត​ភក្តិ​បាន​ដឹង​ផង៕

អត្ថបទថ្មី