ថ្នាក់​ដឹក​នាំ Muangthong ​ថា​ឱកាស​កីឡាករ​កម្ពុជា​ទៅ​លេង​នៅ​ថៃ ​គឺ​មាន​ជា​និច្ច​

  • 2019-02-01 09:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Kan Janrat ​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្លឹប Muangthong United ​បាន​បញ្ជាក់​ថា​ឱកាស​សម្រាប់​កីឡាករ​កម្ពុជា​ទៅ​លេង​នៅ​ក្រុម​របស់​លោក​គឺ​មាន​ជា​និច្ច ឱ្យ​តែ​ពួកគេ​មាន​សមត្ថភាព​ល្អ​គ្រប់​គ្រាន់។

លោក Kan Janrat

ក្រុម​ Muangthong ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Cambodia All Stars ​នៅ​ថ្ងៃ​ទី​​៩​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​។ ក្នុង​ឱកាស​សន្និសីទ​កាសែត​មុន​ប្រកួត​នេះ​ដែរ លោក Kan ​ក៏​បាន​បង្ហើប​រឿង​យក​កីឡាករ​ខ្មែរ​ទៅ​លេង​នៅ​លីគ​កំពូល​ថៃ​ដែរ។ លោក​បន្ថែម​ថា ​ក្រុម​ការងារ​ទីផ្សារ​រក​កីឡាករ ​គឺ​តែងតែ​តាម​ដាន​ជា​និច្ច ​តាម​ប្រទេស​នីមួយ​ៗ ​ដូចជា​កម្ពុជា​ជា​ដើម។ ពួកគេ​មើល​ទៅ​លើ​កីឡាករ​ឆ្នើម​ៗ​ទាំង​អស់ ​ហើយ​ប្រសិន​បើ​ពួកគេ​ព្យាយាម​ហ្វឹកហាត់ ​មាន​សមត្ថភាព​ដល់​កម្រិត​ពេល​ណា ​នោះ Muangthong ​នឹង​តាម​ប្រមាញ់​យក​ទៅ​លេង​ជាក់​ជា​មិន​ខាន។

រំលឹក​បន្តិច​ថា​បច្ចុប្បន្នភាព​នេះ ​មិន​ទាន់​មាន​កីឡាករ​កម្ពុជា​ណា​បាន​ទៅ​លេង​នៅ​លីគ​កំពូល​ថៃ​នៅ​ឡើយ​ទេ។ ដោយ​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ ​មាន​ច្រឹង ពលរដ្ឋ ​មួយ ដែល​ត្រូវ​បាន​ក្លឹប Buriram United ​សម្លឹង​ឃើញ ​និង​បាន​ហៅ​ទៅ​ពិនិត្យ​សុខភាព។ ប៉ុន្តែ​ដោយសារ​តែ​របួស​មិន​ទាន់​ជា​សះស្បើយ ​ក៏​ត្រូវ​ត្រលប់​មក​វិញ ​ព្យាបាល​របួស​សិន។ ដោយ​ឡែក​ក្រុម Muangthong ​វិញ ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ពួកគេ​បាន​ចុះ​កុងត្រា​យក​កីឡាករ​មីយ៉ាន់ម៉ា​ម្នាក់​ឈ្មោះ​ថា Aung Thu ​មក​ពាក់​អាវ​លេខ​៩៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម