រំលឹក​រឿងរ៉ាវ​តារា​ស្រី​ក្នុង​ស្រុក​៧រូប​ បែកបាក់​​ស្នេហា​​គួរ​ឲ្យ​សោក​ស្ដាយ!

  • 2019-02-13 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​រឿង​រ៉ាវ​ស្នេហា​តែង​តែ​មាន​ការ​ជួប​និង​ព្រាត់​ ជាក់​ស្ដែង​នៅ​ក្នុង​វិស័យ​សិល្បៈ​ផ្ទាល់​តែ​ម្ដង​​សិល្បៈការិនី​ ​មួយ​ចំនួន​បាន​ជួប​គ្នា​ខណៈ​ពេល​បំពេញ​ភារកិច្ច​រៀងៗ​ខ្លួន ក្នុង​នោះ​គូ​ស្នេហ៍​ខ្លះ​បាន​សម​ប្រកប​បំណង គូស្នេហ៍​មួយ​ចំនួន​ក៏​ប្រែ​ជា​បែក​បាក់​គ្នា​គួរ​ឲ្យ​សោក​ស្ដាយ។ ពួក​គេ​ទាំង​នោះ​មាន៖

១. ពេជ្រ សិរីរ័ត្ន

គិត​មក​ត្រឹម​ពេល​នេះ​ ហាក់​​យូរ​បន្តិច​ទៅ​ហើយ​ ដែល​ពិធីការនី​ទូរទស្សន៍​ MyTV រូប​នេះ​បាន​បែក​បាក់​ជាមួយ​នឹង​លោក​ គង់​ វិសាល ដែល​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​សិល្បៈ​នៅ​ទូរទស្សន៍​បាយ័ន​តាំង​ពី​ឆ្នាំ ២០១១ មក​ម្ល៉េះ​បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​៥​ឆ្នាំ។

រហូត​ដល់​ពេល​មួយ​ឆ្នាំ​ក្រោយ​មក អតីត​គូស្នេហ៍​នាង​ក៏​បាន​រៀប​ការ​ និង​មាន​បុត្រ​ដល់​ទី​២​រូប​។ គិត​ត្រឹម​ពេល​នេះ សិរីរ័ត្ន​ នៅ​មិន​ទាន់​ចូល​រោង​ការ​នៅ​ឡើយ ខណៈ​នាង​ធ្លាប់​ត្រូវ​គេ​និយាយ​ពាក់ព័ន្ធ​នាង​ថា​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​រហូត​មាន​កូន​ស្រីម្នាក់ ប្រុស​ម្នាក់​ ក៏​ប៉ុន្តែ​តារា​រូប​នេះ​ មិន​ដែល​ទទួល​ស្គាល់​ជា​ចំហរ​ឡើយ។

២. សុខ សុមាវត្ដី

តារា​សម្ដែង សុខ សុមាវត្តី បាន​បែក​បាក់​ស្វាមី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ពួក​គេ មាន​កូន​ស្រី​មួយ​រូប​ជា​ចំណង​ដៃ​ក្ដី​ស្នេហ៍​ចាស់។ ទោះ​បី​ជា​បែក​គ្នា​ច្រើន​ឆ្នាំ​ក្ដី អតីត​ស្វាមី​របស់​នាង​ ក៏​តែង​តែ​ទាក់​ទង​នាង​ និង​កូន​ស្រី​ជា​ញឹកញាប់​ប្រៀប​ដូច​ជា​មិត្ត​ជិត​ស្និទ្ធ​អីចឹង​ដែរ។

ជុំ​វិញ​រឿង​រ៉ាវ​ស្នេហា​ តារា​រូប​នេះ​ត្រូវ​បាន​​ប្រិយមិត្ត​តាម​ដាន​ដឹង​ថា​ខ្លួន​បាន​ទាក់ទង​​ជាមួយ​កីឡាករ​បាល់ទាត់​ លី វ៉ាហេទ​ ប៉ុន្មាន​ឆ្នាំ​មក​ហើយ ដែល​​កីឡាករ​រូប​នេះ​ក៏​ជិត​ស្និទ្ធ​នឹង​កូន​ស្រី​នាង​ផង​ដែរ។

៣. ភិន សុដាលីស

រឿង​រ៉ាវ​ស្នេហា​របស់​តារា​សម្ដែង ភិន សុដាលីស និង​ ប៉ែន ចំរុង​ បាន​ធ្វើ​ឲ្យ​កក្រើក​នៅ​ក្នុង​វិស័យ​សិល្បៈ​កាល​ពី​អំឡុង​ឆ្នាំ ២០១៦ និង ២០១៧។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មក​ដល់​ពេល​នេះ​ សុដាលីស កំពុង​តែ​រស់​នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​គ្រួសារ​ និង​កូន​ស្រី​គួរ​ឲ្យ​ស្រលាញ់​របស់​ខ្លួន​ ក្រោយ​បែក ប៉ែន ចំរុង។ ពេល​នេះ​ ដាលីស​ កំពុង​តែ​មមាញឹក​ខ្លាំង​ជុំវិញ​អាជីព​ជា​អ្នក​សម្ដែង​ព្រម​ទាំង​ជំនួញ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​គ្រឿង​ថែ​រក្សា​សម្រស់​របស់​ខ្លួន​ផ្ទាល់​ផង​ដែរ។

៤. នីឡា កូន​តា​វិចទ័រ

តារា​កំប្លែង​វ័យ​ក្មេង​រូប​នេះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​គ្នា​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ បន្ទាប់​ពី​ប្រកាស​ភ្ជាប់​ពាក្យ​ជាមួយ​គូ​ដណ្ដឹង​មាន​វ័យ​ស្របាល​គ្នា​ម្នាក់។ ប៉ុន្តែ​ក្រោយ​ភ្ជាប់​ពាក្យ​បាន​អស់​រយៈ​ពេល​ប្រហែល​ជា​១​ឆ្នាំ អ្នក​ទាំង​ពីរ​ក៏​បាន​បែក​បាក់​គ្នា​វិញ ទោះ​បី​ជា​បាន​ព្រមព្រៀង​ថា​នឹង​រៀប​ការ​នៅ​ពេល​​៣​ឆ្នាំ​ក្រោយ​​ក៏​ដោយ។

​​​៥. សុខ ចិន្ដា ហៅ នីឡា

ប្អូន​ស្រី​លោក សុខ​ ជំនោរ បាន​ទាក់ទង​ជាមួយ​បុរស​ម្នាក់​ឈ្មោះ សិទ្ធិស័ក្ត ដោយ​គ្រោង​នឹង​រៀប​ការ​ជាមួយ​គ្នា​ក្រោយ​ខាង​ប្រុស​រៀន​ចប់​ ប៉ុន្តែ​ចំណង​ស្នេហ៍​នេះ​ក៏​ប្រែ​ជា​ប្រេះ​ស្រាំ​ទៅ​វិញគួរ​ឲ្យ​សោក​ស្ដាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នីឡា ក៏​ត្រូវ​ជួប​ជាមួយ​រឿង​រ៉ាវ​បែក​ធ្លាយ​រូប​ភាព​មិន​ល្អ​ផ្សេងៗ​ ព្រម​ទាំង​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ថែម​ទៀត​ផង។

៦. នី​ មុន្នីនាថ

មិន​ខុស​ពី​ នីឡា ប៉ុន្មាន តារា​ទឹក​ភ្នែក​រូប​នេះ​ ក៏​បាន​ជួប​រឿង​ស្នេហា​មិន​សម​ប្រកប​ដូច​គ្នា។ នី​ មុន្នីនាថ បាន​បែក​គ្នា​ជាមួយ​នឹង​អតីត​គូស្នេហ៍​ អ៊ឹង សូឡាង ដែល​បាន​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ ២០១៤ ព្រម​ទាំង​ភ្ជាប់​ពាក្យ​កាល​ពី​ឆ្នាំ ២០១៧ ទៀត​ផង​។ មូល​ហេតុ​នៃ​ការ​បែក​បាក់​នេះ​ គឺ​កើត​ឡើង​ដោយ​សារ ខាង​ប្រុស​បាន​ចោទ​ខាង​ស្រី​ថា​​បោក​ប្រាស់​ទំនុក​ចិត្ត រហូត​ដល់​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ទាំង​សងខាង​។

៧. ពេជ្រ អាវីហ្សា

តារា​រូប​នេះ​ បាន​បែក​បាក់​ស្នេហ៍​ជាមួយ​បុរស​ម្នាក់ ដែល​ខ្លួន​បាន​ទាក់ទង​កាល​ពី​ឆ្នាំ ២០១៦ ដោយ​សារ​តែ​មាន​ជម្លោះ​ហិង្សា​រហូត​ដល់​ថ្នាក់​មាន​ស្លាក​ស្នាម​របួសថែម​ទៀត។ ការ​បែក​បាក់​គ្នា​នេះ ​បាន​តម្រូវ​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ទៅ​តុលាការ ហើយ​ភាគី​ខាង​ប្រុស​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​​នៅ​ពេល​នោះ​ផង​ដែរ៕

អត្ថបទ៖ ធារ៉ូ