មកមើល Range Rover Sport HST ថ្មីប្រភេទ Hybrid កម្លាំងខ្លាំងមិនធម្មតា

  • 2019-02-13 08:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្​តអង់គ្លេស Jaguar Land Rover គ្រោង​នឹង​បញ្ចេញ​រថយន្ត​ថ្មីរ​​បស់ខ្លួន Range Rover Sport HST ដែល​នឹង​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ប្រភេទ Mile-Hybrid ដំបូង​បង្អស់​របស់​ខ្លួន លើ​សង្វាក់​ផលិតកម្ម​យានយន្ត។ ម៉ាស៊ីន​ដែល​នឹង​បំពាក់​មក​ជាមួយ​នឹង Range Rover Sport HST នេះ ជា​ប្រភេទ I មាន​ស៊ីឡាំង ៦ (I6) ប្រភេទ​សាំង ដែល​អាច​ផលិត​កម្លាំង​បាន ៣៩៥ សេះ និង​កម្លាំង​រមួល​បាន ៥៥០ ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីន​ប្រភេទ I6 ថ្មី​នេះ បាន​ចូល​មក​ជំនួស​ម៉ាស៊ីន V6 ចាស់​របស់​ខ្លួន ដោយ​សារ​តែ​ការ​បំពាក់​នូវ Supercharger ប្រភេទ​អគ្គិសនី​ពិសេស និង Twin-Scroll Turbocharger។

តាម​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន មុខងារ Electric Supercharger នេះ ដើរ​ដោយ​ម៉ូទ័​រ​អគ្គិសនី ដែល​អាច​បង្កើត​រង្វិល​បាន​ដល់ ១២០ ០០០ ជុំ​ក្នុង​មួយ​នាទី (RPM) ក្នុង​រយៈ​ពេល​ត្រឹម​តែ កន្លះ​វិនាទី​តែ​ប៉ុណ្ណោះ។ ម៉្យាង​វិញ​ទៀត Electric Supercharger នេះ នឹង​បំបាត់​នូវ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួយ​ម៉ាស៊ីន របស់ turbocharger ផង​ដែរ ដោយ​ជា​លទ្ធផល​វា​នឹង​កាត់​បន្ថយ ការ​​បញ្ចេញ​​ឧស្ម័ន​កាបូនិក ពី​ម៉ាស៊ីន​ប្រភេទ V6 ចាស់​បាន​ដល់​ទៅ ១២ ភាគរយ ហើយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ភាគល្អិត​នានា បាន​ដល់​ទៅ​ ៧៥ ភាគរយ​ឯណោះ។ Ranger Rover Sport HST ថ្មី​នេះ មាន​អត្រា​ស៊ី​សាំង​ទាប ត្រឹម ៩,៣ លីត្រ/១០០ គ.ម ប៉ុណ្ណោះ។

ក្រៅ​ពី​ម៉ាស៊ីន Electric Supercharger នេះ Range Rover Sport HST ក៏​នៅ​មាន​ប្រព័ន្ធ​អាគុយ ៤៨ វ៉ុល​ថែម​ទៀត ដែល​បនប្រើ​សម្រាប់​សាក​ភ្លើង​ពេល​កំពុង​ធ្វើ​ដំណើរ អាច​ផ្ដល់​កម្លាំង​រមួល​បន្ថែម​ដល់​ការ​បើកបរ និង ជា​ប្រភព​សម្រាប់​ធ្វើការ បញ្ឆេះ​រថយន្ត​ផង​ដែរ។ លោក Nick Rogers នាយក​ប្រតិបត្តិ​ ផ្នែក​វិស្វកម្ម​ផលិតផល​របស់ Jaguar Land Rover បាន​លើក​ឡើង​ថា ៖ “ម៉ាស៊ីន​ប្រភេទ I ជា​ម៉ាស៊ីន​ដែល​មាន​លំនឹង​ល្អ បើ​ប្រៀប​ទៅនឹង​ម៉ាស៊ីន​ប្រភេទ V ហើយ​តួ​ខ្លួន​ថ្មី​ប្រភេទ Ingenium ក៏​មាន​នាទី​សំខាន់​ក្នុង​ការ​រក្សា​លំនឹង​រថយន្ត​ផង​ដែរ។ មុខងារ​សំខាន់ៗ​​ ដូច​ជា Electric Supercharger នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​រថយន្ត​ខ្លាំងក្លា ដូច​ឈ្មោះ Range Rover Sport ដែល​គេ​ធ្លាប់​ស្គាល់ ហើយ​ប្រព័ន្ធ​វៃ​ឆ្លាត MHEV នឹង​ជួយ​ប្រមូល​ថាមពល​បន្ថែម ដើម្បី​កាត់​បន្ថយ​ការ​ស៊ី​សាំង និង​ធ្វើ​ឲ្យ​ការ​បញ្ចេញ​ជាតិ​ពុល​ថយ​ចុះ​ផង​ដែរ ” ។

Range Rover Sport HST នឹង​មាន​លក់​ក្នុង​តម្លៃ​ចាប់​ពី ១០៤ ៧៣៣ ដុល្លារ​ឡើង​ទៅ (ទីផ្សារ​បរទេស) ហើយ​ក្នុង​ពេល​ឥឡូវ​នេះ វា​មាន​លក់​តែ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​តែ​ប៉ុណ្ណោះ។

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ ផាត សុវត្ថិ