​ឃាតករ​ម្នាក់​​បាន​សម្លាប់​​ស្រ្តី​​ជាង៩០នាក់​ និង បាន​គូររូប​ជនរងគ្រោះ​ទាំង​នោះ​ទុក​ទៀត​

  • 2019-02-16 01:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃាតក​របាន​សារភាព​ប្រាប់​ប៉ូលិស​ថា​ខ្លួន​​បាន​សម្លាប់​មនុស្ស​ជាង៩០នាក់​ក្នុង​រយៈពេល​ជិត​៤​ទសវត្សរ៍​ ហើយ​បាន​ចាប់ផ្ដើម​គូរ​រូប​ជនរងគ្រោះ​មួយ​ចំនួន។ នេះ​បើ​តាម Daily Mail ទើប​បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ។

Sam Little អាយុ​៧៨​ឆ្នាំ​បាន​បាន​សម្លាប់​ស្រ្តី​ដល់​ទៅ​ជិត​១០០​នាក់​ក្នុង​រយៈពេល​៣៥​ឆ្នាំ

Sam Little អាយុ​៧៨​ឆ្នាំ​បាន​និយាយ​ថា​លោក​បាន​សម្លាប់​មនុស្ស​ដែល​គ្មាន​កំហុស​ក្នុង​ឆ្នាំ១៩៧០ ហើយ​បន្ត​សកម្មភាព​សម្លាប់​ហូរហែ៩២ ដង​ទៀត​ក្នុង​រយៈពេល​៣៥​ឆ្នាំ។

ភស្តុតាង​ DNA របស់ FBI បាន​បញ្ជាក់​ថា​​បុរស​ខាង​លើ​​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​នារី​​៣​នាក់​​ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​កាល​ពី​ខែ​វិច្ឆិកា​លោក​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា​លោក​បាន​សម្លាប់​ស្រ្តី​ដល់​ទៅ​ជិត​១០០​នាក់​ឯណោះ។ ប្រភព​ខាង​លើ​បន្ត។

ប្រសិន​បើ​ការ​អះអាង​របស់​បុរស​នេះ​គឺ​ជា​ការ​ពិត​មែន នោះ​នឹង​បង្ហាញ​ថា​ Little គឺ​ជា​ជន​ដែល​សម្លាប់​ជា​ស៊េរី​លើ​ស្ត្រី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

រហូត​មក​ដល់​ពេល​នេះ FBI បាន​រក​ឃើញ​ថា​ Little បាន​សម្លាប់​មនុស្ស​ស្រី​៣៦​ករណី​រាប់​ចាប់​ពី LA រហូត​ដល់​វ៉ាស៊ីនតោន ហើយ​អំពាវនាវ​ឲ្យ​អ្នក​ដែល​មាន​ព័ត៌មាន​អំពី​ជនរងគ្រោះ​​ដទៃ​ទៀត​ជួយ​ដើម្បី​ឲ្យ FBI កំណត់​អត្តសញ្ញាណ​ពួកគេ។

រូបគំនូរ​១៦​ផ្ទាំង​របស់​ជន​រងគ្រោះ​ Little សារភាព​ប្រាប់​ប៉ូលីស​ថា​លោក​បាន​​គូរចេញ​ពី​ការ​ចងចាំ​នៅ​ដំណាក់​កាល​ចុងក្រោយ​នៅ​ពេល​ដែល​ជនរងគ្រោះ​សម្លឹង​ភ្នែក​លោក​ដែល​ជា​​ឃាតក ​ដោយ​ភាព​តក់ស្លុត​មុន​ពួកគេ​ស្លាប់ ​និង​លោក​​រក្សា​គំនូរ​ទាំង​នោះ​​ទុក​នៅ​លើ​ធ្នើ​ក្នុង​បន្ទប់ ហើយ​គំនូរ​៣​ក្នុង​ចំណោម ១៦ សន្លឹក​គឺ​ជា​រូប​របស់​ជនរងគ្រោះ ដែល​​ឃាតកម្ម​មិន​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ។

ភាគ​ច្រើន​នៃ​ជនរងគ្រោះ​​គឺ​ជា​អ្នក​ញៀន​​ថ្នាំ ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ និង ស្រ្តី​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា ដែល​ត្រូវ​បាន​​ Little សម្លាប់​ដោយ​ច្របាច់​ក​របស់​ពួកគេ​ បន្ទាប់​មក​យក​សាកសព​ទៅ​បោះ​ចោល​ក្នុង​ព្រៃ​ក្រាស់។ ​

ដោយសារ​គ្មាន​ស្នាម​របួស ឬ ស្លាកស្នាម​គ្រាប់​កាំភ្លើង ជា​រឿយៗ​ប៉ូលីស​​ជឿ​ថា​មូលហេតុ​នៃ​ការ​ស្លាប់​អាច​បណ្តាល​មក​ពី​គ្រោះថ្នាក់ ទើប​មិន​បើក​ការ​ស៊ើប​អង្កេត។

អ្នកស្រី Pearl Nelson អាយុ​៣៨​ឆ្នាំ បាន​កាន់​រូបថត​ម្តាយ​​ឈ្មោះ Audrey Nelson ដែល​ត្រូវ​បាន​ Sam Little​ សម្លាប់​នៅ LA ក្នុង​ឆ្នាំ ១៩៨៩

DNA របស់​ឃាតក​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​ករណី​ឃាតកម្ម​ចំនួន​៣​ទៀត​ដែល​បាន​កើត​ឡើង​តាំង​ពី​ជាង​៣០​ឆ្នាំ​មុន​ពោល​គឺ​នៅ​ក្នុង​ឆ្នាំ​១៩៨៧ និង ១៩៨៩៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី