រឿងតូចៗងាយៗ អ្នកគួរទម្លាប់ធ្វើដើម្បីឲ្យជីវិតកាន់តែរីករាយ និងស្រស់ស្រាយ

  • 2019-02-15 10:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មនុស្ស​ធំ​ហើយ ជីវិត​មិន​ងាយ​ស្រួល និង​សាមញ្ញ​ដូច​កាល​ពី​នៅ​ក្មេង​ទេ ពេល​ខ្លះ​ត្រូវ​រៀន​ទទួល​យក​ចំណុច​ខ្វះ​ខាត​ខ្លួន​ឯង និង​ចេះ​កែ​លម្អ​ ហើយ​ដឹក​នាំ​ជីវិត​ដោយ​ភាព​វិជ្ជមាន​ជានិច្ច​ទើប​អាច​រក​ឃើញ​ជោគជ័យ​បាន។ ចង់​ឲ្យ​ជីវិត​មាន​តែ​រឿង​ល្អ គឺ​ត្រូវ​តែ​អ្នក​ខ្លួន​ឯង​ជា​ចេះ​ប្រឹង​បង្កើត​វា។ មាន​ទម្លាប់​តូច​ ៦ សាមញ្ញ​តែ​ជួយ​បាន​ច្រើន ដើម្បី​ឲ្យ​អ្នក​អាច​បង្កើត​ភាព​រីករាយ និង​ស្រស់បំព្រង​ក្នុង​ជីវិត​ដូចជា ៖

១. បង្កើន​ទំនាក់ទំនង​ល្អៗ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន៖ ទោះ​ជា​មិន​សូវ​ជិត​ដិត​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ក៏​ដោយ​ក៏​អ្នក​គួរ​តែ​ព្យាយាម​បង្ហាញ​ទង្វើ​ល្អៗ ​ដោយ​ការ​ញញឹម និង​ជួយ​យក​អាសា​​តាម​លទ្ធភាព​ដែល​អ្នក​អាច។ មាន​ទំនាក់ទំនង​ល្អ​​ជាមួយ​អ្នក​ជុំវិញ​ខ្លួន អ្នក​មិន​ឯកា​នោះ​ទេ ហើយ​ថែម​ទាំង​មាន​អារម្មណ៍​ថា​ជីវិត​កក់​ក្តៅទៀត​ផង ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់​រាប់​អាន​អ្នក។

២. ចេះ​រីករាយ​ជាមួយ​រឿង​តូចៗ ៖ កុំ​ចាំ​ដល់​ជោគជ័យ​រឿង​ធំៗ​បាន​សប្បាយ​ចិត្ត​អី ព្រោះ​ពេល​ខ្លះ​អាច​នឹង​ឲ្យ​អ្នក​ចាំ​យូរ។ គួរ​តែ​ទម្លាប់​ខ្លួន​ឲ្យ​ចេះ​រីករាយ​នឹង​រឿង​ល្អ​តូចៗ​ដែល​ខ្លួន​បាន​ធ្វើ​ជា​រៀងរាល់​ថ្ងៃ។ ឧទាហរណ៍​ថ្ងៃ​នេះ​អ្នក​បាន​ឲ្យ​បាយ​មួយ​កញ្ចប់​ទៅ​ក្មេង​តាម​ផ្លូវ​ម្នាក់ នោះ​ក៏​ជា​រឿង​ដែល​អ្នក​គួរ​តែ​សប្បាយ​ចិត្ត​ដែរ ព្រោះ​អ្នក​បាន​ធ្វើ​នូវ​អំពើ​ល្អ​មួយ។

៣. និយាយ​ពាក្យ​ថា «អរគុណ» និង​រៀន​បើក​ចិត្ត​អភ័យ​ទោស ៖ ចំពោះ​មនុស្ស​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ កុំ​ទៅ​ចង​ពារ​គេ​នាំ​ហត់​ខ្លួន គួរ​អរគុណ​ដែល​គេ​បាន​ផ្តល់​មេរៀន​ជួយ​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ និង​យល់​ពី​មនុស្ស​កាន់​តែ​ច្បាស់។ ហើយ​ត្រូវ​ចេះ​អភ័យ​ទោស​ឲ្យ​គេ នេះ​មិន​មែន​ដើម្បី​គេ​ទេ តែ​ដើម្បី​ខ្លួន​ឯង ព្រោះ​បើ​អ្នក​មិន​អាច​អភ័យ​ឲ្យ​គេ​ទេ ចិត្ត​អ្នក​ក៏​នៅ​តែ​ជាប់​ជំពាក់​ជាមួយ​រឿង​នោះ​មិន​ចេះ​ចប់​ដែរ។

៤. កុំ​បន្ថែម​ភាព​ស្មុគស្មាញ​ឲ្យ​ខ្លួន​ឯង ៖ បើ​ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​មិន​ល្អ​ហើយ​គួរ​តែ​ឆាប់​រក​វិធី​ដោះស្រាយ មិន​មែន​បន្ថែម​រឿង​មិន​ល្អ​ឲ្យ​ខ្លួនឯង​លង់​ជ្រៅ​ទៅ​ក្នុង​ភាព​សៅហ្មង​ទេ។ ចេញ​ក្រៅ​ខ្លះ មើល​រឿង​អី​សប្បាយៗ ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស​វិជ្ជមាន​ និង​តែង​ផ្តល់​កម្លាំង​ជំរុញ​ដល់​អ្នក ចាំ​ពេល​អារម្មណ៍​ល្អ​ហើយ​សឹម​បន្ត​ទៅ​មុខ​ទៀត។

៥. ទម្លាប់​ញញឹម​ពេល​ភ្ញាក់​ពី​គេង​ភ្លាម៖ នៅ​ពេល​ភ្ញាក់​ដឹង​ខ្លួន​ភ្លាម​ត្រូវ​រៀន​ញញឹម​ទើប​ថ្ងៃ​ថ្មី​មាន​រឿង​ល្អ​កើត​ឡើង បើ​ភ្ញាក់​ភ្លាម​មុខ​ក្រញូវ មួម៉ៅ​ភ្លាម​នោះ​ថ្ងៃ​នេះ​ដឹង​តែ​ជា​ថ្ងៃ​អាក្រក់​បំផុត​ហើយ។ ញញឹម​មិន​ត្រឹម​តែ​នាំ​សំណាង​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​ស្រស់​ស្អាត និង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ​ទៀត​ផង៕

ប្រភព៖ Kanha   ប្រែ​សម្រួល៖ លីដា