ណាសានឹងវិលទៅភពព្រះចន្ទវិញ ប៉ុន្តែលើកនេះទៅស្នាក់នៅហ្មង
- 2019-02-17 02:51:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាសានឹងវិលទៅភពព្រះចន្ទវិញ ប៉ុន្តែលើកនេះទៅស្នាក់នៅហ្មង
ចន្លោះមិនឃើញ
អង្គការណាសា គ្រោងនឹងបញ្ជូនអ្នកអវកាសទៅកាន់ភពព្រះចន្ទសាជាថ្មីវិញ បន្ទាប់ពីអាកខានជាងប៉ុន្មានទសវត្សរ៍មក ប៉ុន្តែលើកនេះ គឺទៅស្នាក់នៅតែម្តង មិនមែនគ្រាន់តែជាន់ដីភពព្រះចន្ទ ហើយដោតទង់ជាតិរួច ត្រឡប់មកវិញ ដូចគ្រាមុននោះទេ។
លោក Jim Bridenstine អ្នកគ្រប់គ្រង១រូបរបស់អង្គការណាសា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ថា អង្គការអវកាសនេះ គ្រោងនឹងបង្កើនល្បឿនគម្រោងបញ្ជូនមនុស្សទៅភពព្រះចន្ទដែលគាំទ្រដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នេះ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនឯកជន។
«វាមានសារៈសំខាន់ណាស់ដែលយើងត្រូវត្រឡប់ទៅភពព្រះចន្ទវិញ កាន់តែលឿនតាមដែលអាចធ្វើបាន»។ លោកថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំមួយរបស់អង្គការណាសា នៅក្រុងវ៉ាស៊ីងតោន ដោយលោកសង្ឃឹមថា អ្នកអវកាសនឹងអាចវិលទៅភពព្រះចន្ទវិញ ត្រឹមឆ្នាំ២០២៨។
លោក Jim Bridenstine បន្ថែមថា៖ «យើងកំពុងធ្វើវាឱ្យខុសប្លែកទាំងស្រុងពីប្រទេសផ្សេងៗក្នុងពិភពលោក។ អ្វីដែលយើងកំពុងធ្វើនេះ គឺយើងធ្វើវាជានិរន្ត»។
សូមរំលឹកថា លោក Neil Armstrong គឺជាមនុស្សទី១ ដែលបានជាន់ដីភពព្រះចន្ទ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកកម្មអាប៉ូឡូទី១១។ មនុស្សចុងក្រោយគេដែលបានទៅដល់ភពនេះ គឺលោក Eugene Cernan កាលពីខែធ្នូ ឆ្នាំ១៩៧២ ក្នុងបេសកកម្មអាបូឡូទី១៧។
មុនពេលដែលបញ្ជូនមនុស្សទៅភពព្រះចន្ទម្តងទៀតនោះ អង្គការណាសាមានបំណងដាក់យានគ្មានមនុស្សបើកមួយគ្រឿង នៅលើដីភពនេះ ត្រឹមឆ្នាំ២០២៤៕