​មើល​រាង​ទូរសព្ទ 5G របស់ LG អាច​ប្រជែង​គេ​ឯង​បាន​អត់?

  • 2019-02-17 06:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ដឹង​ច្បាស់​ថា​ LG នឹង​ប្រកាស​ចេញ​ស្មាតហ្វូន 5G ដំបូង​នៅ​ដើម​ឆ្នាំ ២០១៩ នេះ ដូច​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដទៃ​ទៀត​ដែរ។ ពេល​នេះ​គេ​អាច​ដឹង​រឹត​តែ​ច្បាស់​ពី​រូបរាង​របស់​ស្មាតហ្វូន 5G របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ។

រូបភាព​ថ្មី​​ចុង​ក្រោយ​ត្រូវ​បាន​បញ្ចេញ​ដោយ​អ្នក​ចែក​រំលែក​ដំណឹង​បែក​ធ្លាយ​ដ៏​ល្បី​ឈ្មោះ Evan Blass។ រូបភាព​ថ្មី​នេះ​បាន​បញ្ជាក់​ថា​ស្មាតហ្វូន 5G របស់​ LG គឺ​ជា​ម៉ូដែល LG V50 ThinQ ដែល​រូបរាង​របស់​វា​មិន​សូវ​ខុស​ពី LG V40 ប៉ុន្មាន​ឡើយ។

LG V50 នៅ​តែ​ប្រើ​ប្រាស់​រចនាបថ​អេក្រង់​ឆក​ មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ និង​មាន​កាមេរ៉ា​ក្រោយ​ចំនួន ៣ គ្រាប់។ វត្តមាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ បញ្ជាក់​ថា​ LG V50 នឹង​មិន​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​លើ​ផ្ទៃ​អេក្រង់​នោះ​ឡើយ។

បើ​តាម​ការ​បញ្ជាក់​របស់​ LG នា​ពេល​កន្លង​ទៅ បាន​ឲ្យ​ដឹង​ទូរសព្ទ 5G នេះ​មាន​បំពាក់​ថ្ម​​ទំហំ ៤០០០ mAh និង​​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដែល​ទំនើប​ជាង​មុន។ តាម​រូបភាព​ខាង​លើ​បាន​បញ្ជាក់​ថា​ V50 នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ៕​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង