កីឡាករ​ចិន​ ថា​ខ្លួន​នឹង​វ៉ៃ ​គង់​ សំបូរ​ ឱ្យ​សន្លប់​បាន​នៅ​ទឹក​២

  • 2019-02-21 06:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សេរី​ចិន​ Zhang Chenglong រំពឹង​ទទួល​បាន​ជ័យជម្នះ​លើ​អ្នក​លេង​គុន​ខ្មែរ​ គង់ សំបូរ រហូត​ដល់​​៨០​%ដោយ​រំពឹង​ផ្តួល​ជើង​ខ្លាំង​កម្ពុជា​ក្នុង​ទឹក​ទី​២​ថែម​ទៀត​ក្នុង​ការ​ប្រកួត​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២២ ខែ​កុម្ភៈ​នេះ​ នៅ​ប្រទេស​សិង្ហបុរី។

ក្នុង​បទ​សម្ភាស​​ជាមួយ​អ្នក​កាសែត Sabay ​នា​ប្រទេស​សិង្ហបុរី ​Zhang ​បាន​បញ្ជាក់​ដូច្នេះ​ថា​ ៖ “ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចូល​វ៉ៃ​នៅ ONE Championship។ ខ្ញុំ​បាន​មើល​ការ​ប្រកួតរ​បស់​គូ​ប្រកួត​ខ្ញុំ (សំបូរ) ​តាមរ​យៈវីដេអូ។ ខ្ញុំ​ឃើញ​ថា​គាត់​មាន​ក្បាច់​ល្អ ជាពិសេស​ការ​ទាត់។ ខ្ញុំ​បាន​ហ្វឹកហាត់​យ៉ាងខ្លាំង​ អស់​រយៈ​ពេល​ជិត​ ១​ខែ​មក​ហើយ។ ខ្ញុំ​គិត​ថា​ ខ្ញុំ​នឹង​ឈ្នះ​ក្នុង​ទឹក​ទី​២ ឬ​យ៉ាង​ហោច​ណាស់​ក៏​ឈ្នះ​ដោយ​ពិន្ទុ​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​ឈ្នះ​ ៨០%”។

Zhang នឹង​ប្រកួត​វិញ្ញាសាប្រដាល់​ Kickboxing ទល់​នឹង​កីឡាករ​កម្ពុជា គង់ សំបូរ នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នៅ​សាល​នៃ​កីឡដ្ឋាន​ជាតិ​សិង្ហបុរិ នា​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។ កីឡាករ​រូបនេះ ធ្លាប់​ប្រកួត​អន្តរជាតិ​ជាច្រើន​សង្វៀន ដែល​មាន​ប្រវត្តិ​ប្រកួតឈ្នះ ៤៦ដង ចាញ់ ១២ដង និង​ស្មើ​ម្ដង។ ចំណែក​គង់ សំបូរ មិន​ធ្លាប់​ចេញទៅប្រកួត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​ពីមុនមកទេ។ ប្រវត្តិ​ប្រកួត​ក្នុង​ស្រុក គឺឈ្នះ ៦៨ដង ចាញ់ ១៨ដង និង​ស្មើ ៦ដង៕

អត្ថបទ៖ មុន្នីរម្យ