ថៃជូនកាដូពលករខ្មែរជាង ១លាននាក់ទៅលេងស្រុកកំណើត ចេញ-ចូលមិនគិតលុយ

  • 2019-02-22 04:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ទូត​​កម្ពុជា​ប្រចាំ​ប្រទេសថៃ​នៅ​ទីក្រុង​បាងកក បាន​ជូន​ដំណឹង​​ដល់​សាធារណជន​ ជាពិសេស​បងប្អូនពលករកម្ពុជា​ ដែលកំពុងស្នាក់នៅ​ និង​ធ្វើការ​ដោយ​ស្របច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​ថៃទាំងអស់​ ឲ្យដឹង​ថា​ ដើម្បី​ចូលរួមអបអរ​ក្នុង​ឱកាសពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរនាពេលខាងមុខ​ រាជរដ្ឋាភិបាលថៃ​បានឯកភាព​ជួយសម្រួល​ដល់​បងប្អូន​ពលករកម្ពុជា ដែល​ត្រូវធ្វើដំណើរ​ឆ្លងកាត់ព្រំដែន​ ទៅ​ស្រុក​កំណើតនៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ដោយ​អនុគ្រោះ​មិន​គិត​ថ្លៃ​ការរក្សាសិទ្ធិទិដ្ឋាការ ​(Re-Entry Visa) ចាប់​ពីថ្ងៃទី០៥-៣០ ខែ​មេសា ឆ្នាំ២០១៩។

កន្លង​មក​ពលករ​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​ ដែល​មាន​បំណង​ឆ្លង​កាត់​ព្រំដែន​ទៅ​ប្រទេសកម្ពុជា​ និង​ត្រឡប់​ចូល​មក​ធ្វើការ​វិញ​នៅប្រទេស​ថៃ​ ត្រូវ​ស្នើ​សុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ ដើម្បី​រក្សា​សិទ្ធិ​ទិដ្ឋាការ​ក្នុង​ការ​ត្រឡប់​មកធ្វើ​ការ​នៅ​ថៃ​វិញ​។

គួរជម្រាបថា​ តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ព្រះរាជាណាចក្រថៃ​ ការស្នើ​សុំ​រក្សា​សិទ្ធ​ទិដ្ឋាការ (Re-Entry Visa) ប្រភេទ​ចេញ​-ចូល​មួយ​លើក​ (Single) មាន​តម្លៃ​​១០០០បាត​ និង​ប្រភេទ​ចេញ​-ចូលច្រើន​លើក​ (Multiple) មាន​តម្លៃ​ ៣៨០០បាត។​​​ យោងតាមរបាយការណ៍របស់ក្រសួងការងារចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ កម្ពុជា​-​ថៃ​ រួម​គ្នា​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​ស្នាក់​នៅ​ និង​បម្រើ​ការងារ​នៅ​ថៃ​មាន​ចំនួន​ ១​លាន​ ៧​ ម៉ឺន​នាក់​៕

ប្រភព៖ ផេកហ្វេសបុក ស្ថាន​ទូត​​កម្ពុជា​ប្រចាំ​ប្រទេសថៃ

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម