ឱកាស​ល្អ​មិន​ងាយ​មាន​ គ្រូ​ជំនាញ​របស់​ Spurs​ បង្រៀន​​គ្រូ​ៗ​ប្រចាំ​លីគ​កំពូល​កម្ពុជា​

  • 2019-02-22 09:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ល្បីឈ្មោះ​នៅ​អង់គ្លេស​ Tottenham Hotspurs​ ចាប់​ដៃគូ​ជា​មួយ​ AIA​ កម្ពុជា​ និង​ CNCC​ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​សម្រាប់​សហគមន៍​ ដល់​គ្រូ​ៗ​បង្វឹក​ប្រចាំ​ក្លឹប​នានា​ក្នុង​លីគ​កំពូល​កម្ពុជា​បច្ចុប្បន្ន​ រយៈពេល​១​ព្រឹក​ថ្ងៃ​ទី២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។​

ទិដ្ឋភាពព្រឹកមិញ

​វគ្គ​បណ្ដុះបណ្ដាល​​នេះ​ គឺ​ផ្ដោត​សំខាន់​លើ​ការ​ចាប់​ផ្ដើម​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​តាម​មូលដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា។​ បង្ហាញ​អំពី​គំនិត​ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្កើត​កម្មវិធី​ទាំង​នេះ​ឡើង​ វិធី​សាស្ត្រ​ក្នុង​ការ​បង្កើត​ដំបូង​នៃ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ទាំង​នោះ​ និង​របៀប​បង្កើត​គំនិត​ផ្ដួចផ្ដើម។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ គ្រូ​ជំនាញ​មក​ពី​ក្រុម​នៅ​ប្រទេស​អង់គ្លេស​​បាន​លើក​ឡើង​ពី​សារប្រយោជន៍​នៃ​ការ​បង្កើត​ឲ្យ​មាន​ការ​អភិវឌ្ឍ​បែប​នេះ​នៅ​មូលដ្ឋាន​ គឺ​ចង់​បណ្ដុះ​ចិត្ត​យុវជន​ក្មេង​ៗ​ឲ្យ​ស្រឡាញ់​ការ​លេង​កីឡា។​ ជា​ការ​បង្កើត​ធនធាន​ថ្មីៗ​នៅ​តាម​ជនបទ​ និង​ជា​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ពួកគេ​មាន​សុខភាព​ល្អ​។​ អ្នក​ជំនាញ​បាល់ទាត់​២នាក់​​ក៏​បាន​បង្ហាញ​ជាក់​ស្ដែង​ពី​ការ​កកើត​ និង​បទ​ពិសោធ​ដែល​ក្រុម​ Tottenham Hotspurs​ បាន​ធ្វើ​កន្លង​មក​ដល់​គ្រូ​ៗ​ដែល​ជាសិក្ខាកាម​ចូលរួម​នោះ​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

លោក​ មាស​ ចាន់ណា​ គ្រូ​បង្វឹក​​ណាហ្គាវើល​ ​បាន​ឲ្យ​ដឹង​ក្រោយ​ឆ្លង​កាត់​វគ្គ​សិក្សា​នេះ​ថា​ កម្មវិធី​នេះ​គឺ​ល្អ​សម្រាប់​ពួក​លោក​ ព្រោះ​បាន​បង្រៀន​ឲ្យ​ចេះ​រៀបចំ​បណ្ដុះបណ្ដាល​គ្រូ​ថ្មីៗ​ទៀត​ ពី​កីឡាករ​កំពុង​លេង​ ឬ​កីឡាករ​ចាស់ៗ​ផង​ដែរ​។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ក៏​មាន​បង្ហាញ​វិធី​សាស្ត្រ​ក្នុង​ការ​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​ក្មេងៗ​នៅ​តាម​សហគមន៍​នានា។​ វគ្គ​នេះ​ដែរ​មិន​ផ្ដោត​តែ​លើ​បាល់ទាត់​មួយ​នោះ​ទេ​ គឺ​ការ​បង្កើត​ធនធាន​ថ្មី​មុន​ដំបូង​ដើម្បី​ឈាន​ទៅ​ដល់​កីឡាករ​ថ្នាល​ ឬ​ក្រុម​ធំ​ជា​ដើម​លើ​ច្រើន​ប្រភេទ​កីឡា​ផ្សេងៗ។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ផង​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​សម្រាប់​សហគមន៍​ នេះ​ធ្វើ​ឡើង​រយៈពេល​១ព្រឹក​នៅ​ថ្ងៃ​ទី២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​សកល​វិទ្យាល័យ​ AUPP។​ វគ្គ​សិក្សា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​៤ដង​ផ្សេងៗ​គ្នា​ ដោយ​វគ្គ​ដំបូង​សិក្សា​ទ្រឹស្ដី​ ហើយ ​៣វគ្គ​បន្តបន្ទាប់​ទៀត​នោះ​ផ្ដោត​លើ​ការ​អនុវត្ត​​ផ្ទាល់​តែ​ម្ដង៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​