បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​របស់ Chelsea ជា​រឿង​ល្អ​សម្រាប់​ក្លឹប

  • 2019-02-23 07:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារម្មណ៍​ជុំវិញ​ Stamford Bridge មាន​ភាព​តានតឹង​ខ្លាំង​ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ។ ក្រោម​ការដឹកនាំ​របស់​ Maurizio Sarri ក្រុម Chelsea បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ការ​ប្រកួត​ជាមួយ​ Bournemouth និង Manchester City ហើយ​អ្នកគាំទ្រ​ជា​ច្រើន​នាំ​គ្នា​ទម្លាក់​បន្ទុក​ដាក់​លើ​គ្រូ​បង្វឹក។

កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ក្រុម​តោ​ខៀវ​ត្រូវ​បាន​ FIFA ដាក់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ចំនួន​២​លើក​ ទាក់ទង​ទៅ​នឹង​ការ​ផ្ទេរ​កីឡាករ​បរទេស​ក្រោម​អាយុ​១៨​ឆ្នាំ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​របស់​ FIFA អាច​មាន​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​អតីត​ជើង​ឯក​ UEFA Champions League រដូវ​កាល​ ២០១១-១២។

អនាគត​របស់ Eden Hazard

Hazard ត្រូវ​បាន​រាយការណ៍​អាច​នឹង​ចេញ​ទៅ​ Real Madrid នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ​នេះ ប្រសិន​បើ​កីឡាករ​បែលហ្ស៊ិក​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​កុងត្រា​ដែល​ជិត​ផុត​កំណត់។

ទោះ​ជា​យ៉ាងណា​ បម្រាម​របស់ FIFA អាច​ជា​កាតាលីករ​សម្រាប់ Chelseaក្នុង​ការ​ជម្រុញ Hazard ឲ្យ​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប។

ស្ថានភាព​នេះ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង Atletico Madrid។ Antoine Griezmann ស្ទើរ​តែ​ចេញ​ទៅ Barcelona នៅឆ្នាំ ២០១៨ ប៉ុន្តែ​​ដោយ​សារ​តែ Atletico រង​បម្រាម​របស់ FIFA ដូច​ករណី Chelsea បច្ចុប្បន្ន កាលណោះ​ Griezmann បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​កីឡាករ​បារាំង​ព្រម​ចុះ​កិច្ចសន្យា​ថ្មី​​នៅ​ក្លឹប។

Gonzalo Higuain និង Mateo Kovacic

ប្រសិន​បើ​​គ្មានបម្រាម Chelsea នឹង​ជួប​បញ្ហា​ប្រឈម​ជាមួយ​កីឡាករ Gonzalo Higuain និង Mateo Kovacic ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ Stamford Bridge ។

គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​ Chelsea អាច​នឹង​មាន​សិទ្ធិ​ធ្វើ​យ៉ាងណា​លើ​កិច្ចព្រមព្រៀង​នេះ​ប្រសិន​បើ​គ្មាន​បម្រាម​ដើម្បី​ជួយ​ពន្យារពេល។

Christian Pulisic

គួរឱ្យរីករាយChristian Pulisic ដែល​ Chelsea ទិញ​ក្នុង​តម្លៃ ៥៨ លាន​ផោន (៧៥ លាន​ដុល្លារ)​ ពី Borussia Dortmund នឹង​មិន​រង​ផល​ប៉ះពាល់​អ្វី​ទាំង​អស់។​

Pulisic គឺ​ជា​កីឡាករ​ដែល​ត្រូវ​បាន​ចុះ​កុងត្រា​ជាមួយ Chelsea រួច​ហើយ​កាល​ពី​ខែ​មករា នោះ​មាន​ន័យ​ថា​កីឡាករ​សញ្ជាតិ​អាមេរិក​អាច​វិល​ទៅ​កាន់ Stamford Bridge បាន​នៅ​រដូវ​ក្តៅ​នេះ។

បម្រាម FIFA ​ជា​ផ្លូវ​ត្រួសត្រាយ​ឲ្យ Hudson-Odoi បន្ត​នៅ​ Chelsea

​​​Hudson-Odoi ត្រូវ​បាន​រាយការណ៍​នឹង​អាច​ចេញ​ទៅ Bayern Munich។ ​​​Hudson-Odoi កីឡាករ​វ័យ​១៨​ឆ្នាំ​របស់​អង់គ្លេស​នឹង​​ពាក្យ​អាវ​លេខ​១០​របស់ Arjen Robben នៅ​ទឹកដី Allianz Arena ខណៈ​ដែល​ខ្សែប្រយុទ្ធ​ហូឡង់​រូប​នេះ​នឹង​ចាកចេញ​ពី Bayern នៅ​ពេល​កិច្ចសន្យា​ផុត​កំណត់​នៅ​រដូវ​ក្តៅ​នេះ។

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​តែ​លេង​ល្បែង​គ្រោះថ្នាក់ អាច​បាត់បង់​កីឡាករ​មាន​ទេពកោសល្យ​ម្នាក់​ទៀត ដូច​ធ្លាប់​បាត់​បង់ Kevin De Bruyne, Romelu Lukaku និង Mohamed Salah ជា​ដើម។ ប៉ុន្តែ​បម្រាម​​មិន​ឲ្យ​ដោះដូរ​កីឡាករ​អំឡុង​ទីផ្សារ​ដោះដូរ​អាច​ជា​ផ្លូវ​ត្រួសត្រាយ​ឲ្យ Hudson-Odoi បន្ត​នៅ​ Chelsea។

ក្រៅពី Hazard ខ្សែ​បម្រើ​ ផ្សេង​ទៀត​របស់ Chelsea គឺ Willian និង Pedro សុទ្ធ​សឹង​តែ​មាន​អាយុ​លើស​ពី ៣០ ឆ្នាំ ហើយ​បើ Chelseaអនុញ្ញាត​ឱ្យ​ Hudson-Odoi ចាកចេញ​ពី​ក្លឹប​មែន នោះ​ពិត​ជា​ ការ​សម្រេច​ចិត្ត​ដ៏​ល្ងង់ខ្លៅ​បំផុត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម