ក្រុមមន្រ្តី ​ចុះ​ទៅ​ត្រួតពិនិត្យ អាងទឹក​ត្រពាំង​ថ្ម ប្រឈម​នឹង​ការ​រីង​គោក

  • 2019-02-23 07:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនប់​អាង​ទឹក​ត្រពាំង​ថ្ម ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ស្រោចស្រព​ដំណាំ និង​ជាកន្លែង​ប្រមូល​ផ្ដុំ​សត្វ​ក្រៀល កំពុង​ប្រឈម​នឹង​ការ​រីង​គោក ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ ម៉្លោះ​ហើយ ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​អំពី​ស្ថានភាព​អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​នៅ​ក្នុង​ស្រុក​ ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។

ចុចអាន៖ អ្នក​លក់​ដូរ​នៅ​អាងទឹក​ត្រពាំង​ថ្ម​ ត្អូញត្អែរ​ពី​ចំណូល​ធ្លាក់​ចុះ​ពាក់​កណ្ដាល ខណៈ​ភ្ញៀវ​ទៅ​លេង​ច្រើន

សកម្មភាព​រដ្ឋមន្រ្តី​ក្រសួង​ធនអានទឹក និង​ឧតុនិយម ឯកឧត្តម លឹម គានហោ និង​ក្រុម​មន្រ្តី​ចុះត្រួតពិនិត្យ​ អាងទឹកត្រពាំថ្ម

យោង​តាម​ផេក​ ផ្លូវ​ការ​ របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ស្ថានភាព​ទឹក​ក្នុង​ទំនប់​អាង​ទឹក​ត្រពាំង​ថ្ម គឺ​ស្ថិត​ក្នុង​ស្ថានភាព​រីង​គោក​ដែល​ពុំ​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​មក។

ប្រភព​ដដែល​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ ប្រធាន​មន្ទីរ​ធនធាន​ទឹក​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​មាន​ការ​ប្រជុំ​ផ្សព្វផ្សាយ​អំពី​សារាចរ​ណែនាំ​ស្ដីពី​ការ​ចាត់​វិធានការ​ថែ​រក្សា​ទឹក​ទុក ដោយ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត និង​ប្រជាពលរដ្ឋ នា​ពេល​កន្លង​មក​យ៉ាង​ណា​ក៏​ដោយ ក៏​បច្ចុប្បន្ន​ប្រជាកសិករ​បាន​បន្ត​ធ្វើ​ស្រូវ​ប្រាំង​លើក​ទី​២ លើ​ផ្ទៃ​ដី​ចំនួន​ជាង ៧ ០០០ហិតា ដែល​អាច​នឹង​មាន​ផល​ប៉ះពាល់​មួយ​ភាគ​ធំ​នា​ពេល​ខាងមុខ។

ស្ថិត​ក្នុង​ស្ថាន​ភាព​បែបនេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ​ក្រសួង​ដឹកនាំ​ការ​ធ្វើ​ប្រឡាយ​ប្រវែង ៦គីឡូម៉ែត្រ ដែល​រហូត​មក​ដល់​ពេល​នេះ សម្រេច​បាន​ប្រវែង ២គីឡូម៉ែត្រ រួចហើយ ដើម្បី​យក​ទឹក​ពី​ស្ទឹង​ស្រែង​ក្នុង​ខេត្ត​ឧត្តរមានជ័យ បញ្ចូល​មក​ទំនប់​អាង​ទឹក​ត្រពាំង​ថ្ម សម្រាប់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​បាន​នឹង​កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន។

ប្រភព​រូបភាព យក​ពី​ ផេក​ក្រសួងធនធានទឹក​ និង​ឧតុនិយម

គួរ​រំលឹក​ថា ការ​ប្រឈម​នឹង​ការ​រីងគោក នៃ​អាង​ទឹក​ត្រពាំង​ថ្ម នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ គឺ​កើត​មាន​ឡើង​បន្ទាប់​ពី ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​រង​នូវ​បាតុភូត អែលនីណូ (El Nino) ដែល​នឹង​បង្ក​ឲ្យ​អាកាសធាតុ​រដូវ​ប្រាំង​នេះ មាន​ភាព​ក្ដៅ​ហួតហែង សីតុណ្ហភាព​អតិបរមា​នៅ​ពេល​ខ្លះ​អាច​ហក់​ឡើង​ដល់ ៤០-៤២ អង្សា​សេ។

សូម​អាន​សារ​ទាំង​ស្រុង​ខាង​ក្រោម​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា