មាន​តែ​កីឡាករ​អាហ្វ្រិក​តែ​មួយ​រូប​ទេ​ដែល​បាន​ឈ្នះ​ពាន Ballon d'Or

  • 2019-03-20 11:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ពាន​ Ballon d'Or បង្កើត​នៅ​ឆ្នាំ​១៩៥៦​មក មាន​កីឡាករ​ចំនួន ២៥​រូប​ហើយ​ដែល​បាន​ឈ្នះ​ពាន​មួយ​នេះ។ កីឡាករ​ទាំង​នោះ​ភាគ​ច្រើន​មក​ពី​ទ្វីប​អឺរ៉ុប​ ហើយ​មាន​កីឡាករ​មក​ពី​ទ្វីប​អាហ្វ្រិក​តែ​មួយ​រូប​គត់​ ដែល​មាន​សំណាង​ឈ្នះ​ពាន​មួយ​នេះ។

កីឡាករ​រូប​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ជនជាតិ​លីបេរីយ៉ា​ George Weah។ គាត់​បាន​ឈ្នះ​ពាន​ Ballon d'Or នៅ​ឆ្នាំ១៩៩៥ កំឡុង​ពេល​ដែល​គាត់​នៅ​លេង​ឲ្យ​ក្លឹប​ Paris Saint Germain និង​ក្លឹប​ AC Milan។

នៅ​ក្នុង​ឆ្នាំ​នោះ គាត់​បាន​បញ្ចប់​រដូវ​កាល ១៩៩៤/៩៥ ជាមួយ​ក្លឹប​យក្ស​បារាំង​ ដោយ​បាន​ឈ្នះ​ពាន Coup de France និង​Coup de la Ligue ព្រម​ទាំង​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ UEFA Champions League (រក​បាន​ ៧​គ្រាប់​) ទៀត​ផង​។ គាត់​បាន​​ផ្ដើម​រដូវ​កាល ១៩៩៥/៩៦​ជាមួយ​នឹង​ក្លឹប​អ៊ីតាលី​ AC Milan។

លោក Weah បាន​បន្ត​អាជីព​របស់​លោក​រហូត​ដល់​ឆ្នាំ២០០៣ មុន​នឹង​ប្រឡូក​ចូល​ឆាក​នយោបាយ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់។ ក្នុង​ឆ្នាំ​២០១៨ លោក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី