ចាន់ វឌ្ឍនាកា ស៊ុត​១​គ្រាប់​ជួយ​ PKNS ឈ្នះ​ Melaka ៣-២ យប់មិញ (វីដេអូ)

  • 2019-04-04 02:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា​ ស៊ុត​បាន​១​គ្រាប់​​កាល​ពី​យប់​មិញ​នៅ​ពេល​ក្រុម​ PKNS ទទួល​​បាន​ជ័យជម្នះ​លើ​ក្រុម​ Melaka United ដោយ​លទ្ធផល​ ៣-២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ FA របស់​ប្រទេស​ម៉ាឡេស៊ី។

លទ្ធផល​ការ​ប្រកួត (រូបថត៖ PKNS)

យប់​មិញ​នេះ ការ​ប្រកួត​រវាង​ក្រុម​ PKNS និង​ Melaka United លេង​​បាន​ល្អ​ដូច​គ្នា​ ប៉ុន្តែ​ការ​វាយ​បក​របស់​​ PKNS មាន​ប្រសិទ្ធភាព​ជាង​ដោយ​រក​បាន​​៣​គ្រាប់​មុន​ពេល​ Melaka United តាម​បាន​២​គ្រាប់​វិញ។

៣​គ្រាប់​របស់​ PKNS ធ្វើ​បាន​សម្រេច​នៅ​​ពេល​ខ្សែ​ការពារ​របស់​ Melaka United បង្ក​កំហុស​​ក្នុង​តំបន់​ប្រអប់​គ្រោះ​ថ្នាក់​ដែល​ផ្តល់​ឲ្យ​កីឡាករ​ Gurusamy ស៊ុត​ប៉េណាល់​ទី​បាន​សម្រេច​នៅ​នាទី​ទី​៤៣​ នាំ​មុខ​ ១-០ នៅ​វគ្គ​ទី​១។​

វគ្គ​​ទី​២​ ចាន់ វឌ្ឍនាកា ស៊ុត​សម្រេច​ទី​បាន​១​គ្រាប់​​នៅ​នាទី​ទី​​៦៥​ ពេល​ខ្សែ​ការពារ​​ភ្លាត់​ធ្វើ​ឲ្យ​​កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់ PKNS ដណ្តើម​បាន​ហើយ​​អូស​ទៅ​តំបន់​គ្រោះ​ថ្នាក់​ បោះ​ឲ្យ​ Romel ​ដែល​បញ្ជូន​ឲ្យ​ ចាន់ វឌ្ឍនាកា នៅ​ខាង​ស្តាំ​ស៊ុន​បាន​សម្រេច។ ២​នាទី​ក្រោយ​មក​ PKNS ​ស៊ុត​បាន​១​គ្រាប់​ទៀត តាម​រយៈ​ការ​​​វាយ​បក​​លឿន​​ ខ្សែ​ប្រយុទ្ធ​​ Sherman ស៊ុត​ប្រលោះ​ជើង​ខ្សែ​ការពារ​បាន​សម្រេច​នាំ​មុខ​ ៣-០។

ចាន់ វឌ្ឍនាកា (រូបថត៖ PKNS)

យ៉ាង​ណា​ Melaka United ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ស៊ុត​បាន​សម្រេច​នៅ​នាទី​​៨៤​ និង​​តែត​បាន​១​គ្រាប់​ទៀត​នៅ​​នាទី​៩០+៤ ដើម្បី​បញ្ចប់​ដោយ​លទ្ធផល​ ៣-២។

ចាន់ វឌ្ឍនាកា​ ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​គ្រូ​បង្វឹក​​ដោយ​រូប​គេ​​ជាប់​ជម្រើស​​១១​នាក់​ដំបូង​រហូត​​ទាំង​ការ​ប្រកួត​ក្នុង​លីគ​ និង​ FA។ រហូត​ដល់​ពេល​នេះ​ កីឡាករ​កម្ពុជា​រូប​នេះ​ស៊ុត​បាន​២​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​សម្រេច​៣ដង៕

អត្ថបទ៖ ជាន ចាន់រ៉ា