២​គូ​​គួរ​ឲ្យ​ចាប់​អារម្មណ៍បំផុតលីគកម្ពុជាសប្តាហ៍ទី៣នេះ​

  • 2019-04-05 23:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កម្ពុជា​រដូវ​កាល​​២០១៩​ឈាន​ដល់​សប្តាហ៍​ទី​៣​​នា​ចុង​សប្តាហ៍​នេះ​ហើយ​ដែល​មាន​២​គូ​សំខាន់​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ចូល​ចិត្ត​​តាម​ដាន​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​ ជា​ពិសេស​ក្រុម​ខ្លាំង​ៗ​ប្រជែង​ពិន្ទុ​គ្នា។

ភ្នំពេញ​ក្រោន​ vs វិសាខា​

ក្រុម​ភ្នំពេញ​ក្រោន

គូ​សំខាន់​សប្តាហ៍​នេះ​ ក្រុម​ខ្លាំង​សំបូរ​កីឡាករ​ល្អ​​ៗ​ វិសាខា ធ្វើ​ដំណើរ​ទៅ​​សួរ​សុខ​ទុក្ខ​ ភ្នំពេញ​ក្រោន​ ដែល​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​​ទទួល​ស្វាគមន៍​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​អាទិត្យ​ ទី​៧ ខែ​មេសា​នេះ។ ២​ប្រកួត​កន្លង​មក​ ក្រុម​ភ្ញៀវ​មាន​៤​ពិន្ទុ​ពី​ការ​ស្មើ​សូលទីឡូ​អង្គរ​​ ០-០ និង​ឈ្នះ​គីរី​វង់​សុខ​សែន​ជ័យ​ ២-០។ ចំណែក​ភ្នំពេញ​មាន​៣​ពិន្ទុ​ បន្ទាប់​ពី​ចាញ់​បឹងកេត​ ២-៣​ និង​ឈ្នះ​ យុវជន​បាទី​ ២-០។

ក្រុម​វិសាខា (រូបថត៖ visakha football club)

ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​២​ដង​​រដូវ​កាល​២០១៨​ ភ្នំពេញ​ក្រោន​មិន​ដែល​ឈ្នះ​វិសាខា​នោះ​ទេ​ពោល​គឺ​ជើង​ទី​១​​ ​ភ្នំពេញ​ក្រោន​ចាញ់​ ១-៣ ក្នុង​ដី​របស់​ខ្លួន ហើយ​ជើង​ទី​​២​ស្មើ​ ០-០ នៅ​ទឹក​ដី​វិសាខា។ គូ​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង និង​ទំនង​ជា​មាន​អ្នក​គាំទ្រ​ច្រើន​រៀង​ៗ​ខ្លួន។

អង្គរ​ថាយហ្គឺរ vs បឹងកេត​

នៅ​ទឹក​ដី​ខេត្ត​សៀមរាប​វិញ​ទំនង​ជា​​​អាច​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន និង​ជា​កំណត់​ច្រើន​បំផុត​សម្រាប់​អ្នក​គាំទ្រ​នៅ​ពេល​ ក្រុម​អង្គរ​ថាយហ្គឺរ​​ទទួល​ស្វាគមន៍​ក្រុម​ល្បី​ឈ្មោះ​បឹងកេត​ដែល​​​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ។

សម្រាប់​ការ​ប្រកួត​នេះ ម្ចាស់​ក្លឹប​អង្គរ​ថាយ​ហ្គឺរ​បាន​រៀប​ចំ​គម្រោង​អ្នក​គាំទ្រ​ចំនួន​៥​ពាន់​នាក់​ដែល​ជា​ចំនួន​ច្រើន​បំផុត​ច្រើន​ជាង​​កំណត់​ត្រា​​ចាស់​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៨។ ចាំ​បាន​ថា កាល​ពី​ឆ្នាំ​មុន​ ការ​ប្រកួត​រវាង​ អង្គរថាយហ្គឺរ​ និង​បឹងកេត​ ទទួល​បាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​បំផុត​ក្នុង​មួយ​រដូវ​កាល​ពេញ។ ចាំ​មើល​ថា​តើ​ អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ប៉ុន្មាន​នាក់​​វេលា​​ម៉ោង​៣:៣០​នាទី​រសៀល​ ថ្ងៃ​អាទិត្យ​ ទី​៧ ខែ​មេសា​នេះ។

កម្មវិធី​ប្រកួត​ សៅរ៍​ ទី​៦ មេសា ២០១៩​

  • អាស៊ី​អឺរ៉ុប​ vs សូលទីឡូអង្គរ​ ម៉ោង​៣:៣០​នាទី​រសៀល​​នៅ​ទីលាន​ អាស៊ី​អឺរ៉ុប​
  • ក្រសួង​ការពារ​ជាតិ​ vs ខេត្ត​កំពង់ចាម ម៉ោង​​៦​ល្ងាច​ នៅ​ស្តាត​ចាស់​
  • អគ្គិសនី​កម្ពុជា​ vs យុវជន​១៨​ឆ្នាំ​បាទី​ នៅ​ទី​លាន​អគ្គិសនី​កម្ពុជា

កម្មវិធី​ប្រកួត​ ថ្ងៃ​អាទិត្យ​ទី​៧​ មេសា​ ២០១៩​

  • គីរីវង់​សុខ​សែន​ជ័យ​ vs ព្រះ​ខ័នរាជ​ស្វាយរៀង​ ម៉ោង​៣:៣០​នាទី​រសៀល នៅ​ទី​លាន​​គីរីវង់​​សុខ​សែន​ជ័យ​
  • ភ្នំពេញ​ក្រោន​ vs វិសាខា​ ម៉ោង​​៦​ល្ងាច​ នៅ​ទី​លាន​ Smart RSN
  • ណាហ្គាវើល​ vs ប៉ូលិស​ ម៉ោង​​៦​ល្ងាច​ នៅ​ស្តាត​ចាស់​
  • អង្គរថាយហ្គឺរ​ vs បឹងកេត​ ម៉ោង​​៣:៣០នាទី​រសៀល​ នៅ​ទី​លាន​ខេត្ត​សៀមរាប​

អត្ថបទ៖ ជាន ចាន់រ៉ា