២​ប្រកួត​ចុង​ក្រោយ​ កំពង់ចាម​របូត​គ្រាប់បាល់​២២​គ្រាប់​

  • 2019-04-08 01:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ចំណូល​ថ្មី​នៃ​លីគ​កំពូល​កម្ពុជា​ កំពង់ចាម​ ត្រូវ​បាន​គូ​ប្រកួត​ស៊ុត​ចូល​​រហូត​ដល់​២២​គ្រាប់​គ្រាន់​តែ​២​ប្រកួត​ចុង​ក្រោយ​ បន្ទាប់​ពី​បើក​ឆាក​លីគ​ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ឈ្នះ​ម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា។

កំពង់ចាម​ប្រកួត​នឹងអង្គរថាយហ្គឺរ (រូបថត៖ CNCC)

សប្តាហ៍​បើក​ឆាក​លីគ​កម្ពុជា​​២០១៩​ ក្រុម​កំពង់ចាម​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​​តាម​រយៈ​ជ័យជម្នះ​ ១-០ លើ​ក្រុម​ម្ចាស់​​ផ្ទះ​អគ្គិសនី​កម្ពុជា។ ការ​ប្រកួត​នោះ​ឃើញ​ថា​ កំពង់ចាម​ការពារ​បាន​ល្អ​ និង​វាយ​បក​វិញ​រហូត​ទទួល​បាន​ជ័យជម្នះ។ តាម​លទ្ធផល​​នេះ​គេ​ អ្នក​គាំទ្រ​មាន​គំនិត​ថា កំពង់ចាម​ឡើង​មក​មិន​មែន​ជា​សាច់​ជ្រូក​៣​ជាន់​ឲ្យ​គេ​យក​ពិន្ទុ​ងាយ​ៗ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ ២​ប្រកួត​ចុង​ក្រោយ​បែរ​ជា​ទទួល​រង​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត។ ក្នុង​សប្តាហ៍​ទី​២​នៅ​ទឹក​ដី​ប៊ុនរ៉ានី ហ៊ុនសែន មេមត់​ ត្រូវ​បាន​អង្គរថាយហ្គឺរ​លត់​១១-០ និង​សប្ដាហ៍​ទី​៣​ត្រូវ​បាន​​ក្រសួង​ការពារ​ជាតិ​បំបាក់​ដោយ​លទ្ធផល ១១-០ ទៀត។ លទ្ធផល​មិន​ខុស​ទៅ​នឹង​ទស្សនៈ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​លើក​ឡើង​​កាល​ពី​ដើម​រដូវ​កាល​ថា ក្រុម​ថ្មី​ដែល​ទន់​ខ្សោយ​អាច​ក្លាយ​ជា​ផ្ទំាង​ស៊ីប​របស់​ក្រុម​ខ្លាំង​​ដើម្បី​យក​ពិន្ទុ។

ឆ្លង​កាត់​៣​សប្ដាហ៍​កន្លង​ទៅ​ ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង​ធ្វើ​បាន​ល្អ​ជាង​គេ​ដោយ​ស្វែង​បាន​៩​ពិន្ទុ​ពេញ​ពី​ការ​ប្រកួត​៣​លើក​ឈ្នះ​ទាំង​៣។ អង្គរ​ថាយហ្គឺរ​ ក្រសួង​ការពារ​ជាតិ​ និង​វិសាខា​​ក៏​មិន​ទាន់​ចាញ់​ដែរ។ ក្រសួង​ការពារ​ជាតិ និង​វិសាខា​ឈ្នះ​​២​ និង​ស្មើ​១​ដូច​គ្នា ខណៈ​អង្គរ​ថាយហ្គឺរ​ឈ្នះ​១​ និង​ស្មើ​២។

លទ្ធផល​សប្តាហ៍​ទី​៣​

  • អាស៊ី​អឺរ៉ុប​ ២-១ សូលទីឡូអង្គរ​
  • អគ្គិសនី​កម្ពុជា ២-០ យុវជន​បាទី​អាយុ​១៨​ឆ្នាំ
  • ក្រសួង​ការពារ​ជាតិ​ ១១-០ ខេត្ត​កំពង់ចាម​
  • គីរីវង់​សុខ​សែន​ជ័យ​ ០-២ ព្រះ​ខ័ន​រាជ​ស្វាយរៀង​
  • អង្គរ​ថាយហ្គឺរ​ ១-១ បឹងកេត​
  • ណាហ្គាវើល​ ៦-០ អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​
  • ភ្នំពេញ​ក្រោន​ ១-៣ វិសាខា​

អត្ថបទ៖ ជាន ចាន់រ៉ា