លី​ ភា​ សង​​សឹក​ជើង​ខ្លាំង​ថៃ​ ទួន​ប៉េ ​វិញ​បាន​អត់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ?​

  • 2019-04-19 08:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​និយាយ​រដឺន​ លី​ ភា​ អាច​ឈ្នះ​ខ្លា​ចាស់​ ទួនប៉េ​ វិញ​បាន​ទេ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​របស់​សង្វៀន​ CNC​ ក្នុង​ថ្ងៃ​អាទិត្យ​នេះ​ ខណៈ​ទាំង​ប្រកួត​មិត្តភាព​ និង​វិល​ជុំ​សន្សំ​ពិន្ទុ​ធ្លាប់​ឈឺ​ចិត្ត​រួច​មក​ហើយ។​

លី​ ភា​ ក្រហម

លី​ ភា​ ២ប្រកួត​ចុង​ក្រោយ​របស់​គេ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ​​ល្អ​មែនទែន​ ពោល​គឺផ្ដួល​ថៃ​ឲ្យ​សន្លប់​រហូត​ឆក់​បាន​ឱកាស​ឡើង​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​នា​ចុង​សប្ដាហ៍​នេះ​នៃ​ពាន​រង្វាន់​ ISI PALM​ ទម្ងន់​ ៦០​គីឡូក្រាម។​ ជើង​ខ្លាំង​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​ មាន​ការ​រីកចម្រើន​ល្អ​គួរសម​ ជា​ពិសេស​កម្លាំង​មិន​សូវ​អស់​ដូច​មុន​ឡើយ​ ចំណែក​ស្នៀត​កែង​ក៏​មាន​ប្រសិទ្ធភាព​ពេល​នៅ​កៀក​ទៀត​ផង។​ ចំណែក​ទឹក​ចិត្ត​ប្រយុទ្ធ​ក៏​មាន​ភាព​ជឿជាក់​ និង​មោះមុត​ផង​ដែរ។​

លី​ ភា​ ក្រហម

ការ​ប៉ះ​ជា​ថ្មី​នេះ​ បើ​ទោះ​ជា​ លី​ ភា​ រីកចម្រើន​យ៉ាង​ណា​ក៏​មិន​អាច​មើល​ស្រាល​ ទួនប៉េ​ ឡើយ​ ព្រោះ​ប្រកួត​កន្លង​មក​ចាញ់​អ្នក​ប្រដាល់​ឆ្លង​ដែន​ពី​ថៃ​ខាង​លើ​នេះ​រួច​ហើយ​ ខណៈ​កម្លាំង​ និង​តិចនិក​ហាក់​នៅ​ទាប​ជាង​ដែរ។​ ទួនប៉េ​ ជា​កីឡាករ​ជើង​ចាស់​របស់​ថៃ​ ធ្លាប់​ឆ្លងកាត់​សង្វៀន​រាប់​ភ្លេច​ទៅ​ហើយ​ ឡើង​ប្រដាល់​តាំង​ពី​ លី​ ភា​ មិន​ទាន់​ចេះ​ដាល់​មក​ម្ល៉េះ។​

ប្រសិន​បើ​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នៅ​តែ​ប្រើ​វិធី​សាស្ត្រ​វ៉ៃ​ដដែល​នោះ​អាច​នឹង​ពិបាក​យក​ឈ្នះ​ ទួនប៉េ​ បន្តិច​ ប៉ុន្តែ​បើ​ លី​ ភា​ ប្រើ​ភាព​វ័យ​ឆ្លាត​ដូច​២ប្រកួត​មុន​នោះ​អាច​នឹង​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត។​

លី ភា​ ពេលប្រកួត​មិត្តភាព​ចាញ់​ ទួនប៉េ

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​សង្វៀន​ CNC​ ទម្ងន់​៦០​គីឡូក្រាម​ បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​នា​ថ្ងៃ​អាទិត្យ​ ទី២១​ មេសា​ ២០១៩​ នេះ​ ដោយ​មាន​កីឡាករ​កម្ពុជា២រូប​ត្រូវ​ប្រកួត​ លី​ ភា​ ប៉ះ​ ទួនប៉េ​ រី​ឯ​ សូត្រ​ ប៊ុតធី​ ប៉ះ​ Vithak Yayuth។​ អ្នក​ឈ្នះ​២រូប​នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​